រដ្ឋបាលខេត្តបាត់ដំបងសាងសង់ច្រាំងស្ទឹងសង្កែ នៅចន្លោះស្ពានថ្ម និងស្ពានសម្តេចតេជោ!

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំពិធីក្រុងពាលី និងបញ្ចុះបឋមសិលាកសាងច្រាំងស្ទឹងសង្កែ ប្រវែងជិត ៤០០ ម៉ែត្រចន្លោះស្ពានថ្មចាស់ និងស្ពានសម្តេចតេជោ ហ៊ុន សែន ទល់មុខអគាររដ្ឋបាលសាលាខេត្ត ក្នុងគោលបំណងលើកកម្ពស់សោភ័ណភាពក្រុង រៀបចំសួនច្បារមាត់ស្ទឹង និងដើម្បីការពារច្រាំងមាត់ស្ទឹងមិនអោយបាក់ផងដែរ។ ពិធីក្រុងពាលីនេះ ត្រូវបានអញ្ជើញចូលរួមដោយឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបងដោយផ្ទាល់។ 

បន្ទាប់ពីបានដាក់សម្ពោធប្រើប្រាស់ស្ពានថ្មថ្មី (ស្ពាន ១៣ មករា) កាលពីខែមេសាកន្លងទៅ រដ្ឋបាលខេត្តបាត់ដំបង កំពុងរៀបចំនូវការងារថ្មីមួយទៀត គឺការកសាងច្រាំងស្ទឹងសង្កែមុខអគារសាលាខេត្ត និងសួនច្បារក្រុងថ្មីមួយទៀត ដើម្បីជាកន្លែងសម្រាកលំហែ ហាត់ប្រាណ និងដើរកម្សាន្ដទស្សនាទិដ្ឋភាពស្ពានថ្មចាស់ ដែលមានទីតាំងស្ថិតនៅក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។ ការរៀបចំកសាងច្រាំងស្ទឹងសង្កែ និងកែលម្អរសួនច្បារដងស្ទឹងនេះ មិនត្រឹមតែសម្រាប់ជាកន្លែងសម្រាកលំហែប៉ុណ្ណោះទេ ប៉ុន្តែក៏ដើម្បីលើកសោភ័ណភាពក្រុង និងការពារច្រាំងស្ទឹងមិនឲ្យបាក់ផងដែរ ជាពិសេសនៅក្នុងរដូវវស្សាដែលកម្ពស់ទឹកស្ទឹងសង្កែឡើងខ្ពស់ ហើយច្រាំងស្ទឹងជាច្រើនកន្លែងដែលធ្លាប់ខូចខាត ក៏បាននិងកំពុងកសាងច្រាំងថ្មីឲ្យរឹងមាំជាងមុនដែរ។

គូសបញ្ជាក់ផងដែរថា សម្រាប់ស្ពានថ្មចាស់ ខេត្តបាត់ដំបង ដែលបានកសាងស្ពានថ្មីនៅទន្ទឹមគ្នានោះ មានអាយុកាលជាង ១០០ ឆ្នាំមកហើយ ដែលបានកសាងក្នុងសម័យអាណានិគមបារាំង ឆ្នាំ១៩១៦ និងបានជួសជុលឡើងវិញ ជាមួយការកសាងស្ពានថ្មីសម្រាប់ឆ្លងកាត់ មានបណ្ដោយ ១០០ ម៉ែត្រទទឹង ៨ ម៉ែត្រឈរលើស្ថាបត្យកម្មសំណង់ស្ពានថ្មចាស់ទាំងស្រុង ដោយចំណាយថវិកាប្រមាណ ៦ សែនដុល្លារ ជាអំណោយរបស់សម្បុរសជន។