ឥណ្ឌា បើកទទួលភ្ញៀវទេសចរឱ្យទៅកំសាន្តនៅវិមាន Tai Mahal ឡើងវិញ ក្រោយចំនួនឆ្លងថយចុះ

រមណីយដ្ឋានទេសចរណ៍ប្រវត្តិសាស្ត្រដ៏ល្បីល្បាញមួយរបស់ប្រទេសឥណ្ឌា The Tai Mahal ដែលក្នុងមួយឆ្នាំៗ ទទួលភ្ញៀវចន្លោះពី ៧ ទៅ ៨ លាននាក់ ត្រូវបានប្រកាសបើកឱ្យដំណើរការ និងចាប់ផ្ដើមទទួលភ្ញៀវទេសចរឡើងវិញហើយ កាលពីម្សិលមិញនេះ ក្រោយពេលដែលប្រទេសមួយនេះ បានថាំថយនៃអត្រាឆ្លងនៃជំងឺកូវីដ ១៩។

វិមាន Tai Mahal ជារមណីយដ្ឋានទេសចរណ៍ប្រវតិ្តសាស្ត្រ ដ៏មានភាពល្បីល្បាញមួយនៅប្រទេសឥណ្ឌា បានចាប់ផ្ដើមទទួលភ្ញៀវទេសចរឡើងវិញហើយកាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ ម្សិលមិញនេះ បន្ទាប់ពីការវាយប្រហារនៃជំងឺកូវីដ ១៩ រលកទី២ បានថាំថយចុះបន្តិចម្ដងៗ។ ការសម្រេចបើកទទួលភ្ញៀវឡើងវិញនេះ ដោយសារតែមានតម្រូវការចាំបាច់ក្នុងការដោះស្រាយបញ្ហាសេដ្ឋកិច្ចផ្ទៃក្នុង ដែលកំពុងរងផលប៉ះពាល់ជាខ្លាំង ដោយរំពឹងថា នឹងអាចជួយទៅដល់ជីវភាពពលរដ្ឋ ក្នុងស្ថានភាពដ៏លំបាកនេះ។

ការបើកទទួលភ្ញៀវឡើងវិញនេះ ត្រូវបានអាជ្ញាធក្នុងតំបន់បញ្ជាក់ថា មិនត្រូវបានធ្វើឡើងទូលំទូលាយនោះដែរ ពោលគឺត្រូវអនុវត្តតាមវិធានការ ការពារ របស់រដ្ឋាភិបាល ដោយពាក់ម៉ាស រក្សាគម្លាត លាងដៃ បាញ់អាកុល ពិសេសគឺអនុញ្ញាតឱ្យតែភ្ញៀវចំនួន ៦៥០ នាក់ប៉ុណ្ណោះ ខណៈមុនពេលមានជំងឺកូវីដ ១៩ អត្រាអ្នកចូលទស្សនាក្នុងមួយថ្ងៃៗមានដល់ទៅជាង ២០,០០០ នាក់។ រដ្ឋបាលប្រចាំតំបន់ បន្ថែមទៀតថា ក្រៅពីវិមាន Tai Mahal ក៏នៅមានទីតាំង នៃតំបន់ទេសចរណ៍មួយចំនួនផ្សេងទៀតត្រូវបានបើកឡើងវិញផងដែរ រួមមានជាអាទិ៍ New Helhi’s Red Fort, Qutub Minar ជាដើម។

វិមាន Tai Mahal ដែលត្រូវបានសាងសង់ឡើងដោយអធិរាជ Shah Jahan ត្រូវបានបិទផ្អាកដំណើរការជាបណ្ដោះអាសន្នចំនួន ២ លើករួចមកហើយ ក្នុងឆ្នាំ២០២០ កន្លងទៅ ដោយសារតែជំងឺកូវីដ ១៩ ឆ្លងខ្លាំង តែត្រូវបានបើកឡើងវិញនៅពេលនេះ ក្នុងអត្រាឆ្លងថាំថយ។ យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាលឥណ្ឌា កាលពីថ្ងៃពុធកន្លងទៅ ចំនួនអ្នកឆ្លងជំងឺកូវីដ ១៩ ទូទាំងផ្ទៃប្រទេសមានចំនួនសរុប ៦២,២២៤ នាក់ ជាការធ្លាក់ចុះក្នុងចំនួនតួរលេខដ៏ច្រើនពីជាង ៤០០,០០០ នាក់ក្នុងមួយថ្ងៃ កាលពីខែឧសភា កន្លងទៅ។

គិតត្រឹមថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ នេះអត្រាឆ្លងនៅឥណ្ឌាសរុបកើនឡើងដល់ទៅជាង ២៩.៦ លាននាក់ហើយ ដោយចំនួនអ្នកជាសះស្បើយពីជំងឺនេះមាន ២៨.៤ លាននាក់ និងស្លាប់កើនឡើងជាង ៣៨ ម៉ឺននាក់ឯណោះ៕