កម្ពុជា បានអនុម័តគម្រោងវិនិយោគជាង ១០០ លានដុល្លារ ក្នុងពាក់កណ្ដាលខែមិថុនា!

គិតត្រឹម ២ សប្ដាហ៍ដើមខែមិថុនា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរជូនដល់ក្រុមហ៊ុន នូវគម្រោងវិនិយោគចំនួន ៧ កន្លែង រួមមាន៖ រោងចក្រឧស្សាហកម្ម ៦ កន្លែង និងសណ្ឋាគារផ្កាយ ៤ មួយកន្លែង ដែលសរុបជាទឹកប្រាក់ ១១១ លានដុល្លារ អាចបង្កើតការងារជាង ៥ ពាន់កន្លែងផងដែរ។ 

១. ក្រុមហ៊ុន Continent Crown Investment Management Co., Ltd សំណើរសុំសាងសង់បើកអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ ៤ មានចំនួន ២៧៥ បន្ទប់ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលមានទីតាំងស្ថិតនៅដីឡូតិ៍លេខ ១៦៧៩ ផ្លូវសហព័ន្ធរុស្ស៊ី ភូមិតាងួន២ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៧៩ លានដុល្លារ និងអាចបង្កើតការងារបាន ៦៧៨ កន្លែង។ 

២. ក្រុមហ៊ុន Cambodian Gome Farm Food Co., Ltd សំណើរបង្កើតរោងចក្រកែច្នៃផ្លែស្វាយ ដែលមានទីតាំងនៅភូមិត្បែស ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលមានទុនវិនិយោគប្រមាណ ៦.៥ លានដុល្លារ និងអាចបង្កើតការងារបាន ៥០០ កន្លែង។ 

៣. ក្រុមហ៊ុន Impak (Cambodia) Co., Ltd គម្រោងបង្កើតរោងចក្រផលិតវ៉ាលិស និងកាបូបគ្រប់ប្រភេទ ដែលមានទីតាំងនៅភូមិដំណាក់កោះ ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្ដាល មានទុនវិនិយោគប្រមាណ ៥ លានដុល្លារ អាចបង្កើតការងារបាន ៦០៣ កន្លែង។ 

៤. ក្រុមហ៊ុន Wing Cheng Packaging Co., Ltd គម្រោងបង្កើតរោងចក្រផលិតកេសកាតុង ប្រអប់ក្រដាស ថង់ក្រដាស និងបោះពុម្ព ដែលមានទីតាំងវិនិយោគនៅភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៥.៦ លានដុល្លារ និងអាចបង្កើតការងារបាន ២៧៣ កន្លែង។

៥. ក្រុមហ៊ុន J.A.K Garment Co., Ltd គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ មានទីតាំងនៅភូមិកំពង់ព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ដែលមានទុនវិនិយោគប្រមាណ ២.៤ លានដុល្លារ អាចបង្កើតការងារបាន ១,០៥៣ កន្លែង។ 

៦. ក្រុមហ៊ុន Premier Tech Garment (Cambodia) Co., Ltd គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងនៅភូមិត្រពាំងឈូក ឃុំសូភី ស្រុកបាទី ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ៤.៣ លានដុល្លារ និងអាចបង្កើតការងារបាន ១,៧៤៨ កន្លែង។

៧. ក្រុមហ៊ុន Chanco Textiles (Cambodia) Co., Ltd គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ភួយ ស្រោមពូក និងស្រោមខ្នើយ មានទីតាំងនៅភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលមានទុនវិនិយោគប្រមាណ ៨.២ លានដុល្លារ និងអាចបង្កើតការងារ ៤២៤ កន្លែង។