សហរដ្ឋអាមេរិក សម្រេចបើក រដ្ឋកាលីហ្វញ៉ា ឡើងវិញ និងលាហើយជំងឺកូវីដ-១៩

វ៉ាស៊ីនតោន៖ ស្ថានភាពលើផ្ទៃប្រទេសនៃជំងឺកូវីដ ១៩ នៅអាមេរិក បានកំពុងថាំថយឡើងវិញហើយ ជាការវិលត្រឡប់មកវិញបន្ដិចម្ដងៗ នៃការរស់នៅជាធម្មតាវិញដូចឆ្នាំ ២០១៩ បើទោះបីជាការធ្លាក់ចុះនោះ នៅមានកម្រិតក៏ពិតមែន តែវាគឺជាជោគជ័យដ៏ធំមួយរបស់អាមេរិក។ លទ្ធផលនេះ បានសម្រេចឱ្យរដ្ឋាភិបាលអាមេរិក សម្រេចបើកឱ្យដំណើរការរដ្ឋកាលីហ្វញ៉ាឡើងវិញ និងនិយាយថា លាហើយជំងឺកូវីដ ១៩។

ប្រភពព័ត៌មានអន្តរជាតិ ចុះផ្សាយកាលពីម្សិលមិញនេះបានឱ្យដឹងថា រដ្ឋាភិបាលអាមេរិក ក្រោយពីអត្រានៃអ្នកឆ្លងជំងឺកូវីដ ១៩ ថាំថយ និងមានលទ្ធភាពគ្រប់គ្រងសភាពការនៅក្នុងតំបន់រួច បានសម្រេចបើករដ្ឋកាលីហ្វញ៉ាឡើងវិញ ដោយលុបចោលការបិទខ្ទប់ជាផ្លូវការ កាលពីថ្ងៃទី១៥ ខែមិថុនា កន្លងទៅនេះ។ ការសម្រេចបើករដ្ឋឡើងវិញនេះបានទទួលការសារទជាខ្លាំងពីសំណាក់ប្រជាពលរដ្ឋ ដោយសារតែមានការរឹតត្បឹតអស់រយៈពេលជាច្រើនខែមកហើយ ដោយលើកនេះ គឺជាសេរីភាពពេញទី ជាសិទ្ធិសេរីភាពសកល ដែលមនុស្សត្រូវការ។

ការរឹតបន្តឹង វិធានការរដ្ឋបាល ដែលត្រូវគោរព ត្រូវបានដកចេញជាផ្លូវការហើយ រាល់ភោជនីយដ្ឋាន អាហារដ្ឋាន ហាងលក់ទំនិញ ភេសជ្ជៈ សាលារៀន ក្លឹបហាតប្រាណ ក្លឹបកំសាន្ត ពហុកីឡាដ្ឋាន ផ្សារទំនើប និងទីកន្លែងជាច្រើនផ្សេងៗទៀតនៅក្នុងរដ្ឋកាលីហ្វញ៉ា នឹងត្រូវបើកដំណើរការឡើងវិញហើយ។ ពលរដ្ឋទាំងអស់ ពុំត្រូវអនុវត្តវិធានគម្លាតសង្គម ដោយនៅឆ្ងាយពីគ្នា ១.៥ ម៉ែត្រទៀតនោះទេ ម្យ៉ាងការពាក់ម៉ាសការពារ នឹងមិនតម្រូវឱ្យពាក់គ្រប់គ្នាទៀតនោះទេ តែសម្រាប់អាជីវកម្ម និងអ្នកនៅជាយក្រុង តម្រូវឱ្យពាក់នៅពេលចេញពីលំនៅឋានជាដើម។

ការបើករដ្ឋកាលីហ្វញ៉ាឡើងវិញនេះ ធ្វើឱ្យប្រជាពលរដ្ឋជាច្រើនលាននាក់ចេញមកខាងក្រៅ ដោយបន្តពាក់ម៉ាស តែពោពេញទៅដោយជំនឿទុកចិត្ត និងរីករាយក្នុងការជួបជុំ ខ្លះបង្កើតជាកម្មវិធីច្រៀងរាំ អំពីការវិលត្រឡប់នេះ បន្ទាប់ពីបានបាត់បង់អស់ជាង ១ ឆ្នាំកន្លងទៅ។ ការបើកដំណើរការរដ្ឋកាលីហ្វញ៉ាឡើងវិញនេះ សបង្ហាញឱ្យឃើញអំពីការវិលត្រឡប់ទៅកាន់ការរស់នៅជាធម្មតាវិញបន្តិចម្ដងៗ បើទោះបីជាបណ្ដារដ្ឋផ្សេងៗទៀតនៅមិនទាន់ត្រូវបានបើកដូចរដ្ឋមួយនេះក៏ដោយ តែនេះមិនមែនជាសញ្ញាណបង្ហាញថា អ្វីៗត្រូវបានបញ្ចប់ទាំងស្រុងនោះទេ ជំងឺកូវីដ ១៩ នៅតែបន្តមានវត្តមាននៅក្នុងប្រទេស ដូច្នេះការយកចិត្តទុកដាក់ សម្រាប់សុខសុវត្ថិភាពផ្ទាល់ខ្លួននៅតែបន្ត។

ការចូលរួមកម្មវិធី ឬព្រឹត្តិការណ៍ធំៗដែលមានការជួបជុំមនុស្សរាប់ពាន់នាក់ នឹងបន្តអនុវត្តសម្រាប់អ្នកមិនទាន់ទទួលបានការចាក់វ៉ាក់សាំង ពោលគឺត្រូវបន្តពាក់ម៉ាស លើកលែងតែអ្នកដែលទទួលបានការចាក់វ៉ាក់សាំងត្រឹមត្រូវប៉ុណ្ណោះ ដែលអាចទទួលបានសេរីភាពពេញទី។ សម្រាប់អាជីវកម្មវិញ ត្រូវបន្តអនុវត្តតាមវិធានការណ៍កំណត់ ដោយត្រូវសាកសួរអតិថិជន បង្ហាញកាតថាបានចាក់វ៉ាក់សាំងត្រឹមត្រូវ និងអាចឱ្យអតិថិជនទាំងអស់ពាក់ម៉ាស ការពារផងដែរ។ មតិខ្លះលើកឡើងថា ការបញ្ចប់ការបិទខ្ទប់រដ្ឋនេះ បានបង្ហាញអំពីបញ្ហាឈឺក្បាលមួយចំនួនជុំវិញការពាក់ម៉ាស ដោយសេវាកម្មខ្លះនៅតែបន្តតម្រូវឱ្យពាក់ម៉ាស ដូចជាសេវាកម្មធ្វើដំណើរ សេវាកម្មសុខាភិបាល ជាអាទិ៍។

គួររំលឹកឡើងវិញថា រដ្ឋកាលីហ្វញ៉ា ត្រូវបានបិទខ្ទប់កាលពីខែមីនា ឆ្នាំ២០២០ កន្លងទៅ ដោយសារតែមានការឆ្លង និងរីករាលដាលនៃជំងឺកូវីដ ១៩ ធ្ងន់ធ្ងរខ្លាំងនៅក្នុងសហគមន៍ តែរដ្ឋាភិបាល បានអនុញ្ញាតឱ្យអាជីវកម្មចាំបាច់មួយចំនួនបើកដំណើរការឡើងវិញ នៅក្នុងខែមិថុនា នាឆ្នាំដដែលនោះ ដើម្បីសម្រួលទៅដល់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ តែត្រូវបិទឡើងវិញម្ដងទៀត ដោយសារតែការកើនឡើងនៃអត្រាឆ្លង។ លើកនេះ គឺជាលទ្ធផលជោគជ័យធំមួយរបស់អាមេរិក ហើយពិភពលោក នឹងរង់ចាំមើលថា តើប្រសិទ្ធភាពនៃការបើករដ្ឋកាលីហ្វញ៉ាឡើងវិញនេះ នឹងមានដល់កម្រិតណា៕