ការកាត់បន្ថយការបំភាយឧស្ម័នចេញពីយន្តហោះនឹងចាប់ផ្ដើមនាឆ្នាំ ២០៣៥ ហើយកាន់តែប្រសើមុនឆ្នាំ ២០៥០ មកដល់

ប៉ារីស៖ ពិភពលោកបាននឹងកំពុងព្យាយាមកាត់បន្ថយការបំពុលបរិស្ថានច្រើនរូបភាព ដោយក្នុងនោះការកាត់បន្ថយការបំភាយឧស្ម័នពុលចូលទៅក្នុងបរិយាកាស តាមរយៈយាន្តជំនិះកំពុងចាប់ផ្ដើម តាមរយៈការបន្ថែមមកជាមួយយាន្តជំនិះប្រើប្រាស់ថាមពលអគ្គិសនី។ ក្នុងនោះ ជើងហោះហើរតាមផ្លូវអាកាស ក៏ដូចគ្នា តែការកាត់បន្ថយនោះអាចនឹងមានឆាប់រហ័ស តាមការគ្រោងទុកនោះទេ។

ការហោះហើរនៅតាមផ្លូវអាកាស បើទោះបីជាពេលបច្ចុប្បន្នបានថយចុះ ដោយសារតែការរាតត្បាតនៃជំងឺកូវីដ ១៩ ក៏ដោយ តែមុនឆ្នាំ ២០២០ ក្នុងមួយថ្ងៃៗយន្តហោះរាប់ម៉ឺនគ្រឿង បានហោះហើរទៅវិញទៅមក ដោយបំភាយឧស្ម័នជាច្រើន ទៅក្នុងបរិយាកាសផែនដី។ បញ្ហានេះ ក៏ជាកត្តាធ្វើឱ្យប៉ះពាល់ទៅដល់អាកាសធាតុរបស់ផែនដី ដែលត្រូវបានលើកឡើង និងយកមកធ្វើជាប្រធានបទក្ដៅ ដើម្បីដោះស្រាយផងដែរ តាមរយៈការផ្លាស់ប្ដូរឱ្យយន្តហោះប្រើប្រាស់អ៊ីដ្រូសែន ជំនួសឱ្យប្រេងឥន្ធៈ។

តាមការបញ្ជាក់របស់ស្ថានប័ន Airbus SE កាលពីដើមសប្ដាហ៍កន្លងទៅនេះបានឱ្យដឹងថា ការធ្វើកំណែទម្រង់ ឱ្យយន្តហោះងាកមកប្រើប្រាស់អីដ្រូសែន ជំនួសឱ្យប្រេងឥន្ធៈ នឹងចាប់ផ្ដើមនៅក្នុងឆ្នាំ ២០៣៥ ខាងមុខ ដោយបច្ចុប្បន្នកំពុងស្ថិតក្នុងការសិក្សា ស្រាវជ្រាវ ដើម្បីឈានទៅដល់ការផលិតចេញជាលទ្ធផលដ៏ល្អមួយ។ តាមរយៈការលើកឡើងនោះ ក្នុងឆ្នាំ ២០៣៥ អាកាសចរណ៍គ្មានផ្សែងពល (Zero Emission) អាចនឹងចាប់ផ្ដើមឡើង តែនៅមានកម្រិត ដោយបើកឱ្យហោះហើរតែនៅតាមតំបន់ ឬកំណត់ សម្រាប់រយៈចម្ងាយហោះហើរខ្លីសិនប៉ុណ្ណោះ ជាចក្ខុវិស័យដើរទៅរកឆ្នាំ ២០៥០។

ស្ថិតក្នុងគោលដៅដើរទៅរកឆ្នាំ ២០៣៥ ដែលជាដំណាក់កាលដំបូងនេះ ថវិការរាប់ពាន់លានដុល្លារ បានកំពុងចំនាយទៅលើការសិក្សា និងស្រាវជ្រាវ នៅលើប្រភេទម៉ាស៊ីន A320 ធ្វើយ៉ាងណាអាចឱ្យម៉ាស៊ីនប្រើប្រាស់អីដ្រូសែន ដើម្បីហោះហើរបាន។ Airbus បញ្ជាក់ថា នាឆ្នាំ ២០២៥ ខាងមុខនេះ នឹងមានការសម្រេចចិត្តទៅលើការជ្រើសរើសផលិតផលចុងក្រោយគេ ដែលនឹងយកទៅប្រើប្រាស់សម្រាប់ការហោះហើរដោយប្រើអីដ្រូសែន ដោយជ្រើសរើសផលិតផលដែលល្អជាងគេបំផុត ចេញពីផលិតផល និងគំរូជាច្រើននាពាក់កណ្ដាលឆ្នាំ ២០២២ ខាងមុខនេះឯង។

គួរបញ្ជាក់ថា កាលពីខែកញ្ញា ឆ្នាំ២០២០ កន្លងទៅនេះ ស្ថាប័ន Airbus បានបង្ហាញអំពីគំរូយន្តហោះ ដំណើរការដោយអីដ្រូសែនចំនួន ៣ ទៅកាន់ពិភពលោក ដោយគ្រោងនឹងដាក់ចេញឱ្យដំណើរការជាផ្លូវការនាឆ្នាំ ២០៣៥ ខាងមុខ រាប់បញ្ចូលទាំងយន្តហោះប្រើប្រាស់ម៉ាស៊ីន Turboprop, Twin-Engine និង Blended wing ដែលនឹងផ្លាស់ប្ដូរការហោះហើរនៅថ្ងៃអនាគតរបស់មនុស្សលោកលើផែនដី ពិសេសគឺកាត់បន្ថយការបំភាយឧស្ម័នពុលទៅកាន់បរិយាកាស៕