ស្ពានថ្មើរជើងវែងជាងគេបំផុតលើលោក ស្ថិតក្នុងប្រទេសព័រទុយហ្គាល់ មានប្រវែងជាង ៥០០ ម៉ែត្រ!

នេះគឺជាស្ពានថ្មើរជើងដ៏វែងជាងគេបំផុតនៅលើពិភពលោក ដែលទើបតែសម្ពោធប្រើប្រាស់ជាផ្លូវការក្នុងប្រទេសព័រទុយហ្គាល់ មានឈ្មោះថា 516 Arouca ដែលតំណាងឲ្យប្រវែងរបស់វាសរុប ៥១៦ ម៉ែត្រ និងស្ថិតនៅក្នុងឧទ្យាន Arouca Geopark ក្នុងទីក្រុង Arouca ដែលតភ្ជាប់ពីតំបន់ Paiva Gorge ទៅកាន់ទឹកធ្លាក់ Aguieiras Waterfall បម្រើដល់វិស័យទេសចរណ៍ជាពិសេស។

ស្ពាន 516 Arouca ត្រូវបានរចនាឡើងដោយក្រុមហ៊ុនស្ថាបត្យកម្មព័រទុយហ្គាល់ឈ្មោះ Itecons និងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២០ ដោយយកលំនាំតាមស្ពានយោល នៅតំបន់ខ្ពង់រាបទីបេ ប្រទេសចិន ហើយស្ពាននេះទ្រទ្រង់ដោយខ្សែកាប តភ្ជាប់បង្គោលរចនាបថជាអក្សរ V-shaped មានប្រវែងសរុប ៥១៦ ម៉ែត្រ ទទឹង ១ ម៉ែត្រ និងមានកម្ពស់ ១៧៦ ម៉ែត្រឆ្លងកាត់ទន្លេ The River Paiva ពីខាងក្រោម ដែលគេអាចធ្វើដំណើរថ្មើរជើងរយៈពេលជាង ១០ នាទី និងអាចទស្សនាទេសភាពតំបន់ភ្នំជុំវិញ ស្ដាប់សម្លេងទឹកហូរពីក្រោម និងអាចមើលទឹកធ្លាក់ដ៏ស្រស់ស្អាត ក្នុងរង្វង់ ៣៦០ ដឺក្រេតែម្ដង។ 

ស្ពាន 516 Arouca នេះត្រូវបានឈរដំណែងជាស្ពានថ្មើរជើងដ៏វែងជាងគេបំផុតលើលោក ជំនួសស្ពាន Charles Kuonen នៅក្នុងប្រទេសស្វីស ដែលមានប្រវែង ៤៩៤ ម៉ែត្រ ដែលបានបើកដំណើរការ កាលពីឆ្នាំ ២០១៧ កន្លងទៅតភ្ជាប់តំបន់ភ្នំ Matterhorn, Weisshorn និង Bernese Alps។ ស្ពាននេះ រំពឹងនឹងទាក់ទាញភ្ញៀវទេសចរណ៍មកកម្សាន្ដបានច្រើន នៅក្នុងឧទ្យាន Arouca Geopark អភិរក្សដោយ UNESCO ដែលមានគោលដៅទេសចរណ៍កម្សាន្ដជាច្រើនផ្សេងទៀត។

អញ្ចឹង នេះគឺជាស្ពានថ្មើរជើងវែងជាងគេ ប៉ុន្តែប្រសិនបើអ្នកចាប់អារម្មណ៍លើស្ពានថ្មើរជើងដែលមានកម្ពស់ខ្ពស់ជាងគេវិញ លោកអ្នកអាចទៅកម្សាន្ដនៅឧទ្យាន Zhangjiajie ប្រទេសចិន ដែលមានស្ពានកញ្ចក់ប្រវែង ៤៣០ ម៉ែត្រ ទទឹង ១៤ ម៉ែត្រ ឆ្លងកាត់ភ្នំមានកម្ពស់ជាង ៣៦០ ម៉ែត្រ ដែលអាចទ្រទម្ងន់មនុស្សដល់ ៨០០ នាក់ក្នុងពេលតែមួយបាន។