CDC អនុម័តគម្រោងវិនិយោគជាង ២.៤ ពាន់លានដុល្លារកាលពីឆមាសទី១ ឆ្នាំ២០២១

គិតចាប់ពីខែមករា មកដល់ខែមិថុនា ឆ្នាំ២០២១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ CDC បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាផ្លូវការជូនក្រុមហ៊ុននូវគម្រោងវិនិយោគចំនួន ៧០ កន្លែង ដែលសរុបជាទឹកប្រាក់សរុប ២,៤០៤.៦ លានដុល្លារ អាចបង្កើតការងារជូនប្រជាពលរដ្ឋរាប់ម៉ឺនកន្លែងបន្ថែមទៀត។

គម្រោងវិនិយោគដែលបានចុះបញ្ជីទាំងនោះរួមមាន៖ 

• រោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន ១៧ កន្លែង ស្មើនឹងទឹកប្រាក់ ៩៣.៣ លានដុល្លារ

• រោងចក្រផលិតក្រដាសកាតុង ថង់ប្លាស្ទិក សម្ភារៈប្រើប្រាស់ផ្ទះបាយគ្រប់ប្រភេទចំនួន ១០ កន្លែងស្មើនឹងទឹកប្រាក់វិនិយោគ ៥៤២.៥ លានដុល្លារ

• រោងចក្រផលិតគ្រឿងបន្លាស់យានយន្ដ តំឡើងទោចក្រយាន និងត្រីចក្រយានយន្ដចំនួន ៥ កន្លែងស្មើនឹងទឹកប្រាក់វិនិយោគ ៦៤.៥ លានដុល្លារ 

• រោងចក្រថាមពលអគ្គិសនី និងផលិតផ្ទាំងសូឡាចំនួន ៤ កន្លែងស្មើនឹងទឹកប្រាក់វិនិយោគ ១,៣៤៥.៨ លានដុល្លារ

• មន្ទីរពេទ្យពហុព្យាបាលអន្តរជាតិ រោងចក្រផលិតឱសថ និងសម្ភារៈបរិក្ខាវិជ្ជាសាស្ត្រចំនួន ៥ កន្លែងស្មើនឹងទឹកប្រាក់វិនិយោគ ៣៨.៧ លានដុល្លារ

• សណ្ឋាគារផ្កាយ ៤ និងផ្កាយ ៥ ចំនួន ២ កន្លែងស្មើនឹងទឹកប្រាក់វិនិយោគ ១២៧.៧ លានដុល្លារ

• រោងចក្រផលិតកាបូប ស្បែកជើង និងផលិតផលធ្វើដំណើរចំនួន ១១ កន្លែង ស្មើនឹងទឹកប្រាក់វិនិយោគ ៤៨ លានដុល្លារ

• រោងចក្រផលិតគ្រឿងបង្គុំអគ្គិសនី និងគ្រឿងបន្លាស់អេឡិចត្រូនិចគ្រប់ប្រភេទចំនួន ៦ កន្លែង ស្មើនឹងទឹកប្រាក់វិនិយោគ ៤៨.៩ លានដុល្លារ

• រោងចក្រផលិតគ្រឿងសង្ហារឹមគ្រប់ប្រភេទចំនួន ៤ កន្លែង ស្មើនឹងទឹកប្រាក់វិនិយោគ ៥៥.៦ លានដុល្លារ 

• រោងចក្រវេចខ្ចប់ផលិតផលកសិកម្ម កែច្នៃម្ហូបអាហារ ផលិតជីគីមី និងវារីវប្បកម្មចំនួន ៥ កន្លែងស្មើនឹងទឹកប្រាក់វិនិយោគ ៤០.៥ លានដុល្លារ 

សូមបញ្ជាក់ផងដែរថា ការផ្គត់ផ្គង់វ៉ាក់សាំងដែលចាក់បានជាង ៥០% កន្លងទៅ នៃគោលដៅចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋចំនួន ១០ លាននាក់ទូទាំងប្រទេស គឺជាផែនការដែលធ្វើឲ្យកម្ពុជានៅរក្សាលំនឹងស្ថេរភាពសេដ្ឋកិច្ច ទាក់ទាញគម្រោងវិនិយោគ និងពាណិជ្ជកម្មបន្ដទៀត។ តួរយ៉ាងការអនុម័តគម្រោងវិនិយោគប្រមាណ ២.៤ ពាន់លានដុល្លារនៅត្រឹមត្រីមាសទី១ ឆ្នាំ២០២១ គឺជាចំនួនវិនិយោគដ៏ធំមួយសម្រាប់កម្ពុជាក្នុងវិបត្តិជំងឺកូវីដ-១៩ ហើយប្រសិនបើធៀបទៅនឹងឆ្នាំ ២០១៩ (មុនវិបត្តិជំងឺកូវីដ-១៩) យើងទទួលបានគម្រោងវិនិយោគសរុប ៩.៤ ពាន់លានដុល្លារ ដោយប្រទេសចិនបានវិនិយោគជាង ២.៧៥ ពាន់លានដុល្លារ, ហុងកុង បានវិនិយោគជាង ៩១២ លានដុល្លារ និងជប៉ុនបានជាង ២៩៨ លានដុល្លារ។