សេដ្ឋកិច្ចថៃ នឹងថយពី ៣.៤% មកត្រឹមតែ ២.២% ប៉ុណ្ណោះក្នុងឆ្នាំ២០២១ យោងតាមធនាគារពិភពលោក

សេដ្ឋកិច្ចរបស់ថៃ ត្រូវបានរំពឹងថានឹងកើនឡើងបាន ៣.៤% នៅក្នុងឆ្នាំ ២០២១ នេះ តែដោយសារស្ថានការណ៍ប្រែប្រួល នៅពេលនេះកំណើនសេដ្ឋកិច្ចជាតិរបស់ថៃ បានថាំថយមកសល់ត្រឹមតែ ២.២% ប៉ុណ្ណោះ សម្រាប់ពេញមួយឆ្នាំ ២០២១ នេះ។

ប្រភពព័ត៌មានក្នុងស្រុករបស់ថៃ ចុះផ្សាយនាថ្ងៃទី១៥ ខែកក្កដា នេះបានឱ្យដឹងថា កំណើនសេដ្ឋកិច្ចជាតិរបស់ថៃ នឹងមិនអាចឈានដល់ចំណុចដែលបានព្យាករណ៍ទុកនោះទេ ដោយសារតែត្រីមាសទី២ ចូលទៅត្រីមាសទី៣ នេះ ថៃកំពុងរងគ្រោះធ្ងន់ធ្ងរខ្លាំង ដោយសារតែជំងឺកូវីដ ១៩។ ជំងឺកូវីដ ១៩ បានកំពុងវាយប្រហារសហគមន៍ថៃ យ៉ាងខ្លាំងក្លារ ជាពិសេសនៅទីក្រុងបាងកក ដោយអត្រាឆ្លងកំពុងផ្ទុះ ខ្លាំង ស្របពេលកម្មវិធីទេសចរណ៍ផ្សេងៗ មានកម្រិតភ្ញៀវតិចនៅឡើយ។

ស្ថិតក្នុងវិបត្តិមួយនេះ ធនាគារពិភពលោក (World Bank) ក៏បានសន្និដ្ឋានថា សេដ្ឋកិច្ចថៃ នឹងមានត្រឹមតែកម្រិតកើនឡើង ២.២% ប៉ុណ្ណោះពេញមួយឆ្នាំ ២០២១ នេះ ប្រសើរជាងឆ្នាំ ២០២០ បន្តិច ដោយឆ្នាំមុនសេដ្ឋកិច្ចថៃ ថ្លាក់ចុះដល់ទៅ ៦.១% ជាអត្រាធ្លាក់ចុះខ្លាំងបំផុតមួយ មិនធ្លាប់មានក្នុងរយៈ ២០ ឆ្នាំចុងក្រោយ។ ម្យ៉ាងទៀត សេដ្ឋកិច្ចថៃក៏មិនអាចវិលត្រឡប់ដូចដើមនោះដែរ តែអាចនឹងល្អប្រសើរនៅឆ្នាំ ២០២២ ខាងមុខ នេះបើយោងតាមរបាយការណ៍ចេញផ្សាយដោយ World Bank។

ការមិនអាចវិលត្រឡប់បានវិញនោះ គឺជាក់ពាក់ព័ន្ធនឹងវិស័យទេសចរណ៍ ដែលដើរតួយ៉ាងសំខាន់ ក្នុងការទ្រទ្រង់សេដ្ឋកិច្ចជាតិ ក៏ដូចជាប្រជាពលរដ្ឋថៃរាប់សិបលាននាក់។ ឆ្នាំ ២០១៩ ថៃទទួលភ្ញៀវបានប្រមាណ ៤០ លាននាក់ ខណៈឆ្នាំ ២០២១ រំពឹងថានឹងអាចមានត្រឹមតែជាង ៦០០,០០០ នាក់ប៉ុណ្ណោះ ជាការធ្លាក់ចុះយ៉ាងគំហុក ក្នុងរយៈពេលដ៏ខ្លី ដែលហេតុផលនេះ បានទាញសេដ្ឋកិច្ចថៃ ឱ្យបានបង់ច្រកទ្វារប្រាក់ចំណូលដ៏ធំរបស់ជាតិ។ យ៉ាងណាក៏ដោយ ការនាំចេញរបស់ថៃ នៅតែអាចធ្វើទៅបាន និងល្អប្រសើរឡើងបន្តិចម្ដងៗ។

ធនាគារពិភពលោក បានព្យាករណ៍ថា សេដ្ឋកិច្ចថៃ នឹងចាប់ផ្ដើមល្អប្រសើរឡើងវិញក្នុងឆ្នាំ ២០២២ តែពុំបានកំណត់កាលច្បាស់លាស់នោះទេថា នឹងចាប់ផ្ដើំមពីពេលណា ឬត្រីមាសណាឡើយ ដោយអត្រាកើនឡើងអាចឈានដល់ ៥.១% ខណៈកម្រិត GDP នឹងកើនឡើងពី ១.៨% ក្នុងឆ្នាំ២០២១ ឡើងទៅ ៣.៩% នាឆ្នាំ ២០២២។ ការកើនឡើងនេះ អាចនឹងឈានដល់អត្រាព្យាករណ៍បាន គឺពឹងផ្អែកទៅលើស្ថានការណ៍ក្នុងប្រទេសរបស់ថៃផ្ទាល់តែម្ដង ថាតើនឹងរងផលប៉ះពាល់កម្រិតណាពីជំងឺកូវីដ ១៩៕