ទីក្រុងឡុងដ៍ រងគ្រោះដោយជំនន់ទឹកភ្លៀងល្បឿនលឿន ដែលមានទំនាក់ទំនងនឹងបម្រែបម្រួលអាកាសធាតុ

អង់គ្លេស៖ មិនត្រឹមតែប្រទេសកំពុងអភិវឌ្ឍនោះទេ ដែលរងគ្រោះដោយសារតែគ្រោះធម្មជាតិ ប្រទេសអភិវឌ្ឍមួយចំនួនក្នុងសកលលោក ក៏បានរងផលប៉ះពាល់ដោយសារតែគ្រោះធម្មជាតិផងដែរ។ ជាក់ស្ដែងនៅទីក្រុងឡុងដ៍ កាលពីម្សិលមិញនេះបានរងគ្រោះដោយជំនន់ទឹកភ្លៀង ធ្វើឱ្យប៉ះពាល់ទៅដល់ការធ្វើដំណើរ និងសេវាកម្មជាច្រើន។

ប្រភពព័ត៌មានអន្តរជាតិ ចុះផ្សាយកាលពីម្សិលមិញបានឱ្យដឹងថា ទីក្រុងឡុងដ៍ បានរងគ្រោះដោយជំនន់ទឹកភ្លៀង ស្ថិតនៅភាគខាងត្បូងឈាងខាងលិចទីក្រុង បង្ករឱ្យមានការកកស្ទះ និងត្រូវផ្អាកដំណើរការសេវាកម្មជាច្រើន ពិសេសសេវាកម្មដឹកជញ្ជូនសាធារណៈ។ មូលហេតុធ្វើឱ្យទីក្រុងឡុងដ៍ ជនលិច ក្នុងកម្រិតបង្កួរនេះ ត្រូវបានឱ្យដឹងថា ដោយសារតែឥទ្ធិពលព្យុះ ស្ថិតនៅភាគត្បូងប្រទេស ហើយបានជះឥទ្ធិពលបង្កើតជាភ្លៀងធ្លាក់ខ្លាំង និងរយៈពេលច្រើនម៉ោង។

ជំនន់ទឹកភ្លៀងរហ័សនោះ ត្រូវបានភ្នាក់ងារឧតុនិយមបញ្ជាក់ថា មានកម្ពស់ខ្ពស់បំផុត ១០ សង់ទីម៉ែត្រ នៅតាមតំបន់មួយចំនួន ដែលជាកម្ពស់ទឹកក្នុងកម្រិតជិតដល់ x២ នៃកម្រិតកម្ពស់ទឹកភ្លៀងធ្លាក់នៅក្នុងខែកក្កដានេះ។ ការជនលិចផ្លូវជាច្រើនកន្លែងក្នុងទីក្រុង បានបង្ករឱ្យមានការកកស្ទះ ការធ្វើដំណើរជាច្រើន ហើយពលរដ្ឋខ្លះត្រូវបង្ខំចិត្តបើកលើផ្លូវទឹកលិច ដើម្បីទៅដល់គោលដៅ ខណៈផ្លូវខ្លះជន់លិចខ្លាំងត្រូវបានអាជ្ញាធរផ្អាកការធ្វើដំណើររយៈពេលខ្លីផងដែរ។

អភិបាលទីក្រុងឡុងដ៍ ក៏បានប្រកាសអាសន្នទៅដល់ប្រជាពលរដ្ឋនៅក្នុងទីក្រុងទាំងអស់ឱ្យមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ព្រោះថាកម្រិតភ្លៀងធ្លាក់នៅតែបន្តទៅមុខក្នុងរយៈពេលប៉ុន្មានថ្ងៃទៅមុខទៀត ពិសេសគឺផ្លូវ និងស្ថានីយ៍រថភ្លើងក្រោមដី ដែលចរន្តទឹកពុំអាចត្រូវបានរំដោះទាន់ពេលវេលា។ ពលរដ្ឋជាច្រើន ពិសេសអ្នកដែលមានលំនៅដ្ឋានអចិន្ត្រៃយ៍នៅក្នុងទីក្រុង បានលើកឡើងថា ជំនន់ទឹកភ្លៀងចុងខែកក្កដា ឆ្នាំ២០២១ នេះគឺជាព្រឹត្តិហេតុ ដែលមិនធ្លាប់បានឃើញពីមុនមកនោះទេ វាគឺជាជំនន់ទឹកភ្លៀងដែលជន់លិចក្នុងរយៈពេលដ៏ខ្លី និងធ្វើឱ្យកើតមានភពវឹកវរ តាមដងផ្លូវមួយចំនួន។

មកទល់នឹងថ្ងៃអង្គារនេះ ផ្លូវមួយចំនួនបានបន្តបិទជាបណ្ដោះអាសន្ន ដោយសារតែអាកាសធាតុមិនទាន់អំណោយផលល្អ ដោយភ្លៀងនៅតែបន្តធ្លាក់ ឬខ្លាំងនៅតាមតំបន់ផ្សេងៗគ្នាលើផ្ទៃប្រទេស។ ហេតុការណ៍ព្យុះ ដែលនាំឱ្យមានភ្លៀងធ្លាក់ជន់លិចទីក្រុងរបស់ចក្រភពអង់គ្លេសនេះ ត្រូវបានលើកឡើងថា មានទំនាក់ទំនងទៅនឹងព្រឹត្តិការណ៍រលកកម្ដៅ ដែលធ្វើឱ្យខ្យល់ត្រជាក់ឡើងទៅលើ ហើយបានបង្កើតឱ្យមានការធ្លាក់ភ្លៀងច្រើនជាងពីធម្មតា ដែលហេតុផលនេះគឺផ្សាភ្ជាប់ទៅនឹងបម្រែបម្រួលអាកាសធាតុ៕