វីរុសដែលមានអាយុកាល ១៥០០០ ឆ្នាំត្រូវបានគេរកឃើញនៅក្នុងទឹកកកទីបេ

អ្នកវិទ្យាសាស្ត្រដែលសិក្សាលើផ្ទាំងទឹកកកបានរកឃើញវីរុសដែលមានអាយុជិត ១៥,០០០ ឆ្នាំក្នុងសំណាកទឹកកកពីរដែលយកមកពីតំបន់ខ្ពង់រាបទីបេក្នុងប្រទេសចិន។ ភាគច្រើននៃវីរុសទាំងនោះគឺនៅមានជីវិតនៅឡើយ ដោយសារតែពួកវាត្រូវបានកកក្នុងសីតុណ្ហភាពត្រជាក់ខ្លាំង ដែលជាហេតុធ្វើឲ្យវីរុសប្រភេទនេះមានលក្ខណៈមិនដូចវីរុសផ្សេងៗទៀតនោះទេ។ 

ក្រុមអ្នកស្រាវជ្រាវបាននិយាយថាស្នូលទឹកកកដែលមានផ្ទុកវីរុសនេះត្រូវបានយកមកស្រាវជ្រាវតាំងពីឆ្នាំ ២០១៥ មកម្ល៉េះ ដែលត្រូវបានយកមកពីទឹកកក Guliya នៅភាគខាងលិចប្រទេសចិន។ លើសពីនេះ ស្នូលទាំងនេះត្រូវបានគេប្រមូលយកនៅរយៈកំពស់ខ្ពស់ ពោលគឺនៅលើកំពូលភ្នំ Guliya ដែលមានកំពស់ ៦.៥០០ ម៉ែត្រ (២២,០០០ ហ្វីត) តែម្តង។ ស្នូលទឹកកកមានស្រទាប់ទឹកកកជាច្រើនដែលប្រមូលផ្តុំលើគ្នាពីមួយឆ្នាំទៅមួយឆ្នាំ ដូច្នេះក្រុមអ្នកស្រាវជ្រាវត្រូវយកស្រទាប់ទឹកកនីមួយៗ មកវិភាគអំពីអតិសុខុមប្រាណ និងវីរុសផ្សេងៗ។ 

នៅពេលដែលពួកគេវិភាគដុំទឹកកកមួយដែលមានអាយុកាល ១៥០០០ ឆ្នាំពួកគេបានរកឃើញលេខកូដហ្សែនសម្រាប់វីរុសចំនួន ៣៣ ប្រភេទ។ វីរុសចំនួនបួនក្នុងចំណោមវីរុសទាំងនោះត្រូវបានគេកំណត់អត្តសញ្ញាណពីមុនហើយ ដែលវាជាវីរុសមកពីក្រុមប្រភេទវីរុសឆ្លងតាមបាក់តេរី និងរុក្ខជាតិធម្មតា។ ប៉ុន្តែនៅមានប្រភេទវីរុសចំនួន ២៨ ទៀតដែលមិនទាន់អាចកំណត់អត្តសញ្ញាណនៅឡើយ។ លើសពីនេះ ប្រហែលជាពាក់កណ្តាលនៃវីរុសទាំងនោះហាក់ដូចជានៅមានជីវិតរស់រាននៅឡើយ។ 

ការសិក្សាអំពីមេរោគនៅលើផ្ទាំងទឹកកកគឺជារបកគហើញថ្មីរបស់ក្រុមអ្នកស្រាវជ្រាវ។ ការសិក្សាពីរមុន ៗ ជាច្រើនបានរកឃើញមេរោគនៅក្នុងទឹកកកផ្ទាំងទឹកកកបុរាណ។ ជាក់ស្ដែងនៅឆ្នាំ ២០១៥ ការសិក្សាដែលបានចុះផ្សាយក្នុងទស្សនាវដ្តីវិទ្យាសាស្ត្រជាតិបានរកឃើញថាមេរោគ Mollivirus sibericum ដែលមានអាយុ ៣០ ០០០ ឆ្នាំនៅតែអាចឆ្លងនៅក្នុងសម័យបច្ចុប្បន្ននេះបានដែរ។ ដូចគ្នានេះដែរ នៅឆ្នាំ ២០២០ ការស្រាវជ្រាវដំបូងនៃស្នូលទឹកកកដែលយកចេញពីផ្ទាំងទឹកកកទីបេបានធ្វើឲ្យអ្នកស្រាវជ្រាវអំពីវីរុសបុរាណនេះនៅមិនទាន់អាចកំណត់អត្តសញ្ញាណរបស់វាបាននៅឡើយ។