ការនាំចេញរបស់កម្ពុជា កើនឡើង ១៧% កាលពីឆមាសទី១

យោងតាមរបាយការណ៍ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបង្ហាញថា គិតត្រឹមឆមាសទី១ (ខែមករា-មិថុនា) ឆ្នាំ២០២១ កម្ពុជា បាននាំចេញទំនិញសម្រេចបានក្នុងរង្វង់ ៨,២០១ លានដុល្លារ ដែលកើនឡើងខ្ពស់ជាងឆមាសទី១ ឆ្នាំមុនប្រមាណ ១៧% ក្នុងនោះទំនិញដែលមានកំណើនឡើងខ្ពស់ គឺផលិតផលឧស្សាហកម្មក្រៅពីកាត់ដេរសម្លៀកបំពាក់ ពោលគឺឧស្សាហកម្មកង់ គ្រឿងបន្លាស់អេឡិចត្រូនិច គ្រឿងបន្លាស់រថយន្ដ -ល-។ 

ទិន្នន័យពីនាយកដ្ឋានគយនិងរដ្ឋាករ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញថា គិតចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២១ ការនាំចេញផលិតផលកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ សម្រេចបាននៅក្នុងទំហំទឹកប្រាក់ ៤,៧២១ លានដុល្លារ កើនឡើងខ្ពស់ជាងឆ្នាំមុន ០.៩%។ ចំណែកផលិតផលឧស្សាហកម្មផ្សេងទៀតរួមមាន កង់ គ្រឿងបង្គុំអេឡិចត្រូនិច គ្រឿងបន្លាស់យានយន្ដ និងសម្ភារៈឧស្សាហកម្មផ្សេងៗ សម្រេចក្នុងរង្វង់ ១,៨៩៩ លានដុល្លារ កើនឡើងប្រមាណ ៥០% ធៀបនឹងឆ្នាំមុន ចំណែកការនាំចេញ ផលិតផលកសិកម្មសម្រេចបាន ១.៥ ពាន់លានដុល្លារផងដែរ។

គោលដៅនាំចេញទំនិញពីកម្ពុជា មួយភាគធំគឺទៅកាន់សហរដ្ឋអាមេរិច សហភាពអឺរ៉ុប ប្រទេសកាណា ចិន ជប៉ុន កូរ៉េខាងត្បូង និងបណ្ដាប្រទេសមួយចំនួនទៀតនៅតំបន់អាស៊ីអាគ្នេយ៍ ហើយការរីកចម្រើនឡើងវិញនៃសេដ្ឋកិច្ចអាមេរិច កំពុងជំរុញឲ្យច្រវ៉ាក់ផលិតកម្ម ឧស្សហកម្មក្នុងប្រទេសកម្ពុជា មានតម្រូវការខ្ពស់ឡើងវិញធ្វើឲ្យការនាំចេញកើនឡើងនៅឆមាសទី១ ឆ្នាំ២០២១ និងទាក់ទាញគម្រោងវិនិយោគថ្មីៗប្រមាណ ២.៤ ពាន់លានដុល្លារផងដែរ យោងតាមរបាយការណ៍ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ យ៉ាងណាមិញ សម្រាប់ឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ មិនអាចរំពឹងកំណើននាំចេញខ្ពស់នោះទេក្នុងឆ្នាំនេះ។ 

សូមបញ្ជាក់ផងដែរថា កាលពីឆ្នាំ២០២០ កន្លងទៅ កម្ពុជាបាននាំចេញទំនិញលើឧស្សាហកម្មកាត់ដេរ ឧស្សាហកម្មអេឡិចត្រូនិច និងយានយន្ដ ព្រមទាំងផលិតផលកសិកម្ម សរុបជាទឹកប្រាក់ប្រមាណ ១៦ ពាន់លានដុល្លារ ដែលមានកំណើនឡើង ១៤% ធៀបទៅនឹងឆ្នាំ២០១៩។ ដូចនេះ ប្រសិនបើកម្ពុជា នៅអាចរក្សាលំនឹងការនាំចេញបានខ្ពស់ដូចឆមាសទី១ ការនាំចេញប្រចាំឆ្នាំ២០២១ នឹងកើនខ្ពស់ជាងឆ្នាំ២០២០ ដែលនឹងជួយដល់កំណើនសេដ្ឋកិច្ចជាតិ និងផ្ដល់ឱកាសការងារកាន់តែច្រើន។