អង្គការយូណេស្កូប្រកាសបន្ថែមទីតាំងថ្មីចំនួន ៩ បញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់ខ្លួន!

គណៈកម្មាធិការបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ បានប្រកាសការបន្ថែមទីតាំងថ្មីបំផុតមួយចំនួន ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់ខ្លួន កាលពីថ្ងៃអាទិត្យ រួមមាន Retiro Park នៃទីក្រុងម៉ាឌ្រីត ប្រទេសអេស្ប៉ាញ និងផ្លូវដែកឆ្លងកាត់ប្រទេសអ៊ីរ៉ង់ (Trans-Iranian Railway)។

ការបន្ថែមទីតាំងថ្មីទាំងប្រាំបួន ត្រូវបានផ្សព្វផ្សាយពាសពេញទ្វីបអ៊ឺរ៉ុប និងអាស៊ីហើយក៏រួមបញ្ចូលទីតាំង ដែលជាការចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍវប្បធម៌របស់មនុស្សផងដែរ។

ក្រៅពីឧទ្យាន Retiro Park ក៏មានវិមាននៃទីក្រុងម៉ាឌ្រីដមួយផ្សេងទៀតបានចុះទៅក្នុងបញ្ជីដូចគ្នា។ ក្រសួងការបរទេសអេស្ប៉ាញ បានពន្យល់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ផ្លូវ Paseo del Prado ជាមហាវិថីដែលមានដើមឈើដុះជាជួរក្បែរឧទ្យាននេះ គឺជាកន្លែងដំបូងគេនៅក្នុងទីក្រុងអ៊ឺរ៉ុប ដែលជាទីតាំងមួយដែលប្រជាជនទាំងអស់ ដោយមិនមានបែងចែងវណ្ណៈ អាចរីករាយនឹងការកម្សាន្តនិងដើរលេងដោយសេរីបាន។ 

ក្រសួងការបរទេសបាននិយាយថា ការរចនារបស់វាគឺជា “និមិត្តរូបជាពិសេស” ក្នុងកំឡុងពេលមានជម្ងឺរាតត្បាត ពេលមួយខណៈដែលមហាវិថី “បំពេញមុខងារពេញលេញទៅតាមអ្វី ដែលវាត្រូវបានបង្កើតដំបូង។”

បន្ទាប់ពីព័ត៌មានអំពី ការដាក់បញ្ចូលទីតាំងថ្មីទៅក្នុងបញ្ជីបេតិកភណ្ឌ បានលេចចេញមក អភិបាលក្រុងម៉ាឌ្រីតលោក Jose Luis Martinez-Almeida បានសរសេរនៅលើបណ្តាញសង្គម Twitter របស់គាត់ថា “ខ្ញុំពិតជាមោទនភាពនៃទីក្រុងរបស់យើង ហើយក៏រីករាយសម្រាប់ប្រទេសអេស្ប៉ាញទាំងមូលផងដែរ ជាមួយនឹងកេរ្តិ៍ដំណែលនៃរដ្ឋធានីរបស់ខ្លួនត្រូវបានបង្ហាញចេញទៅកាន់ពិភពលោក និងបានបង្ហាញវត្តមាននៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។”

លើសពីនេះទៀត គណៈកម្មាធិការក៏បានធ្វើការបោះឆ្នោត ដើម្បីបញ្ចូលទីតាំង Emporium of the World របស់ប្រទេសចិន ដែលជាទីតាំងដែលមានអាយុកាលយូរ តាំងពីសតវត្សទី ១០ មកម៉្លេះ។ ទីតាំងនេះផ្ទុកនូវអគារសាសនា និងសំណល់បុរាណវិទ្យានៃផែ ស្ពាន និងបណ្តាញដឹកជញ្ជូន ដែលឈរចេញជាការរំលឹកអំពី “ភាពរស់រវើករបស់ទីក្រុង ក្នុងនាមជាចក្រភពសមុទ្រក្នុងសម័យ Song និង Yuan។”

ការប្រមូលផ្ដុំនូវទីក្រុងស្ប៉ាតូចៗចំនួន ១១ (spa town) នៅក្នុងប្រទេសចំនួន ៧ ក្នុងទ្វីបអ៊ឺរ៉ុបរួមមាន អូទ្រីស បែលហ្ស៊ិក ឆេក បារាំង អាល្លឺម៉ង់ អ៊ីតាលី និងចក្រភពអង់គ្លេស ត្រូវបានបន្ថែមជាសញ្ញាសំគាល់នៃ “វប្បធម៌ស្ប៉ាអឺរ៉ុបអន្តរជាតិ - The international European spa culture ដែលបានទទួលការអភិវឌ្ឍតាំងពីដើមសតវត្សទី ១៨ មកដល់ទសវត្សឆ្នាំ ១៩៣០s។"

ដោយឡែកតំបន់វប្បធម៍ Ḥimā របស់ទីក្រុង Saudi Arabia នៅតំបន់ភ្នំមួយនៃប្រទេសត្រូវបានបន្ថែមសម្រាប់ “បណ្តុំការប្រមូលរូបភាពចម្លាក់ជាសិល្បៈនៃថ្ម” ដែលមានអាយុកាលជាង ៧ ពាន់ឆ្នាំនៃប្រវត្តិសាស្ត្រ។

ក្រៅពីនេះ ការបន្ថែមទីតាំងថ្មីទៅក្នុងបញ្ជីនៅឆ្នាំនេះ មានដូចជា Cordouan Lighthouse  នៅសតវត្សទី ១៦ នៅក្នុងប្រទេសបារាំង, Darmstadt Artists' Colony on Mathildenhöhe នៅប្រទេសអាល្លឺម៉ង់, រូបចម្លាក់នៅសតវត្សរ៍ទី ១៤ នៅទីក្រុង Padua ប្រទេសអ៊ីតាលី, ប្រាសាទ Kakatiya Rudreshwara នៅសតវត្សទី ១២ របស់ឥណ្ឌា និងផ្លូវដែកឆ្លងកាត់អ៊ីរ៉ង់ (Trans-Iranian railway)។

គូសសម្គាល់ផងដែរថា គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នឹងបន្តបើកការបោះឆ្នោត លើការបន្ថែមទីតាំងថ្មី មកដល់ថ្ងៃទី ២៨ ខែកក្កដានេះផងដែរ។