រដ្ឋបាលរាជធានីភ្នំពេញ ពង្រីកផ្លូវបេតុងមួយខ្សែនៅភូមិដំណាក់ធំ ស្ទឹងមានជ័យ ដើម្បីសម្រួលចរាចរណ៍!

រដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយឯកឧត្តម ឃួង ស្រេង បានចាប់ផ្ដើមបើកការដ្ឋានសាងសង់ពង្រីកផ្លូវបេតុងមួយខ្សែ ដែលតភ្ជាប់ផ្លូវលេខ ២១៧ (វិថី សម្តេចមុនីរ៉េត) ចំណុចមុខផ្សារស្ទឹងមានជ័យ ទៅដល់ផ្លូវ ២៧១ (វិថីយុទ្ធពលខេមរភូមិន្ទ) ចំណុចមុខមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដែលមានប្រវែងសរុប ១,៣៧០ ម៉ែត្រ និងពង្រីកទទឹងចាប់ពី ៨ ម៉ែត្រទៅដល់ ១២ ម៉ែត្រ។ គម្រោងសាងសង់នេះ ត្រូវបានបើកការដ្ឋានកាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ ក្រោមអធិបតីភាពឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងមន្ត្រីនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញផងដែរ។ 

យោងតាមប្រសាសន៍របស់មន្ត្រីរដ្ឋបាលខណ្ឌមានជ័យ បានបង្ហាញថា កំណាត់ផ្លូវបេតុងមួយខ្សែនេះ គឺជាផ្លូវកាត់ដ៏សំខាន់មួយក្នុងភូមិសាស្ត្រ ដែលមានការធ្វើដំណើរយ៉ាងមមារញឹក ជាពិសេសនៅពេលព្រឹកនិងល្ងាច ម៉ោងចូលនិងចេញពីធ្វើការ (rush hour) យ៉ាងណាមិញ ផ្លូវនេះមានលក្ខណៈតូចចង្អៀត បង្កភាពលំបាកដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ទើបរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ចេញកញ្ចប់ថវិកាធ្វើការសាងសង់និងពង្រីកផ្លូវនេះឲ្យបានធំទូលាយជាងមុន ដាក់បំពាក់លូបង្ហូរទឹកថ្មី ព្រមទាំងចាក់បេតុងក្រាស់ ឲ្យប្រើប្រាស់បានយូរផងដែរ។ 

កំណាត់ផ្លូវមួយខ្សែនេះ មានប្រវែងសរុប ១,៣៧០ ម៉ែត្រ ឆ្លងកាត់ភូមិសាស្ត្រខណ្ឌមានជ័យចំនួន ២ សង្កាត់ គឺសង្កាត់មានជ័យ២ និងសង្កាត់បឹងទំពុន១ (កាត់ពីមុខផ្សារស្ទឹងមានជ័យ ទៅដល់មុខមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត) នឹងត្រូវបំពាក់លូទំហំមុខកាត់ ៦០ សង់ទីម៉ែត្រ ពង្រីកទទឹងចាប់ពី ៨ ម៉ែត្រ, ៩ ម៉ែត្រ ទៅដល់ ១២ ម៉ែត្រ (ទៅតាមតំបន់) និងចាក់បេតុងឆ្អឹងដែកកម្រាស់ ២០ សង់ទីម៉ែត្រ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងប្រើប្រាស់បានយូរអង្វែង។ 

គូសបញ្ជាក់ផងដែរថា គម្រោងសាងសង់ពង្រីកផ្លូវបេតុងនេះ ត្រូវកាត់ក្បាលដីចំនួន ២០៦ ក្បាលដី ស្មើនឹងជាង ២៥០ គ្រួសារ ដោយប្រជាពលរដ្ឋបានសុខចិត្តរុះរើ សហការជាមួយសាលារាជធានីភ្នំពេញ ដើម្បីឲ្យគម្រោងនេះអាចសម្រេចទៅបានរលូន។ ចំណែកឯកឧត្តម ឃួង ស្រេង ក៏បានណែនាំដល់ក្រុមហ៊ុនម៉ៅការសាងសង់ ឲ្យយកចិត្តទុកដាក់ត្រួតពិនិត្យលើបច្ចេកទេស ដើម្បីឲ្យផ្លូវមួយខ្សែនេះ បម្រើជាប្រយោជន៍ជូនប្រជាពលរដ្ឋក្នុងតំបន់ និងសម្រួលដល់ការធ្វើដំណើរ កាត់បន្ថយការកកស្ទះចរាចរណ៍ផងដែរ។