ស្ថាបត្យករ Ole Scheeren បានបង្ហាញពីគម្រូរចនាបថពណ៌បៃតងដ៏ទាក់ទាញ នៃគម្រោងសណ្ឋាគារថ្មីនៅក្នុងប្រទេសហ្វីលីពីន!

ក្រុមហ៊ុនស្ថាបត្យកម្ម Büro Ole Scheeren បានបង្ហាញពីការរចនារបស់ខ្លួនសម្រាប់គម្រោងសណ្ឋាគារថ្មី នៃរមណីយដ្ឋានមួយនៅក្នុងខែត្រ Cebu ដែលជាទីតាំងទេសចរណ៍មួយ ក្នុងចំណោមទីតាំងដ៏ពេញនិយមនៅក្នុងប្រទេសហ្វីលីពីន។ 

ដោយទទួលបានការបំផុសគំនិតពីទេសភាពធម្មជាតិ និងស្ថាបត្យកម្មបែបបុរាណរបស់កោះ គម្រោងនេះនាំមកនូវរុក្ខជាតិស្លឹកលាស់បៃតង អាងហែលទឹក និងទឹកជ្រោះ ក្នុងបរិមាណមួយដែលរុំព័ទ្ធជុំវិញ ដោយបរិបទនៃសំណង់ក្នុងតំបន់។ ក្រុមអ្នករចនាបានពណ៌នាគម្រោងនេះថាជា “ការធ្វើដំណើរកម្សាន្តកាត់ព្រៃភ្នំ - A journey through the rainforest” ដែលស្ថាបត្យកម្ម ការរចនាផ្ទៃខាងក្នុង និងទេសភាពនៅទីនេះ ប្រែជាទីតាំងផ្តល់បទពិសោធន៍ចម្រុះដល់អ្នកទេសចរ/ភ្ញៀវមកស្នាក់នៅ។

ការរចនានេះមានបន្ទប់ទទួលភ្ញៀវបើកចំហរ ដែលព័ទ្ធជុំវិញដោយក្លោងច្រកចេញចូល និងល្បាក់ទឹកជ្រោះដ៏ថ្លាឈ្វេង។ ទីធ្លារាបស្មើនិងអាងទឹក បង្កើតបានជាកន្លែងប្រមូលផ្តុំផ្សេងៗគ្នា ខណៈដែលបណ្តុំស្ពានមួយចំនួន បន្តលាតសន្ធឹងទៅដល់មហាសមុទ្រ។ 

ការលេចចេញពីសណ្ឋានដីថ្មីនេះ គឺជាបរិមាណផុសឡើងមួយ ដែលមានរាងជាបន្ទះក្តារលាតមួយ ដើម្បីបង្កើតបានជាការភ្ជាប់ទៅកាន់បរិវេណយ៉ (Balconies) និងទម្រង់អាងហែលទឹក ដែលសាងសង់អណ្តែតនៅពីលើផ្ទៃទឹក។ ទម្រង់ជ្រុងនិងកោង នៃផ្នែកខាងមុខ ត្រូវបានភ្ជាប់ជាថ្មីម្តងទៀតនៅខាងក្នុង ដែលរចនាឡើងដោយ Ole Scheeren ដោយផ្អែកទៅលើបរិយាកាសនៅជុំវិញតំបន់បឹងហ្គាឡូ (Bungalows)។ 

ស្ថាបត្យករ Ole Scheeren បានពន្យល់ថា “គម្រោងស្ថាបត្យកម្មនេះបានរំលឹកពី អនុស្សាវរីយ៍នៃវប្បធម៌ពីអតីតកាល បង្កប់វានៅក្នុងទម្រង់ស្ថានភាពថ្មី ក៏ដូចជាសញ្ញាណនៃការបង្កើតសិល្បៈហត្ថកម្ម ក្នុងស្រុក រួមជាមួយបច្ចេកវិទ្យាទំនើប។” 

“ផ្នែកខាងមុខលាតចេញជាទម្រង់ក្រឡាចត្រង្គបីវិមាត្រ ដែលអាចផ្តល់បានប្រដូចទៅនឹងស៊ុមទេសភាពផ្ទាល់ខ្លួន និងទេសភាពដ៏ស្រស់ត្រកាលនៃមហាសមុទ្រ។ ជាមួយនឹងអគារខ្ពស់រាបបញ្ឈរ និងសួនច្បារនៃអគារនេះ បានដុះលូតឡើងទៅលើមេឃ ប្រដូចទៅនឹងតំបន់ភូមិត្រូពិក ដែលបានបាត់បង់ជាយូរមកហើយ។”

គម្រោងនេះនឹងប្រើការអនុវត្ត និងសម្ភារៈសំណង់ក្នុងស្រុក ដូច្នេះវាក៏ដូចជាបញ្ជាក់ពីការអនុវត្តសិល្បៈហត្ថកម្ម និងសិប្បករក្នុងស្រុកផងដែរ។ វាក៏រួមបញ្ចូលនូវយុទ្ធសាស្រ្តសន្សំសំចៃថាមពល តាមរយៈការទាញយកផលពីចរន្តខ្យល់ចេញចូលតាមច្រករបៀង ដែលបើកដោយសួនច្បារតូច (pocket gardens) មួយចំនួន ដែលធានាថានឹងមានខ្យល់ចេញចូលគ្រប់ទីធ្លាដែលនៅខាងក្នុង។ លើសពីនេះទៀត ប្រព័ន្ធអភិរក្សនិងច្រោះទឹក នឹងបង្កើតជាជីវឧស្ម័នពាសពេញទីជម្រាលទឹក របស់គម្រោងទៀតផង។