ប្រឡាយក្នុងរាជធានីភ្នំពេញ ត្រូវបានស្ដារឡើងវិញ ស្របពេលរដូវវស្សាឈានចូលមកដល់!

រដូវវស្សាបានឈានចូលមកដល់ រដ្ឋបាលរាជធានីភ្នំពេញ បានអនុវត្តនូវផែនការស្ដារកាយឡើងវិញនូវប្រឡាយជាច្រើនខ្សែដើម្បីជួយសម្រួលដល់ចរន្ដបង្ហូរទឹកភ្លៀង រំដោះទឹកបញ្ចៀសបញ្ហាជន់លិចក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ ខណ្ឌដង្កោ ខណ្ឌសែនសុខ និងខណ្ឌមានជ័យជាដើម។ ផែនការទាំងនេះ អនុវត្តសម្រេចបានស្ទើររួចរាល់ទៅហើយ និងបានជួយធ្វើឲ្យចរន្ដទឹកហូរលឿន គ្មានការកកស្ទះដោយសារសំរាម ស្មៅបណ្ដែតទឹក និងកាយភក់ឲ្យប្រឡាយមានជម្រៅជ្រៅជាងមុនផងដែរ។ 

១. ប្រឡាយលូ៥

យោងតាមប្រសាសន៍របស់លោក ដួង ចាន់សារ៉ាត់ ប្រធានអង្គភាពលូទឹក បូមទឹកនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានឲ្យដឹងថា ប្រឡាយលូ៥ បានស្ដារឡើងវិញរួចរាល់ ១០០% មកហើយ ដោយប្រឡាយនេះមានប្រវែងជាង ១,០០០ ម៉ែត្រ (ចាប់ពីផ្លូវវេងស្រេងទៅដល់ស្ថានីយបូមទឹកលូ៥) ទទឹងចាប់ពី ១៥ ទៅដល់ ៣០ ម៉ែត្រ ហើយផែនការស្ដារប្រឡាយលូ៥ នេះបានស្ដារភក់ចេញចំនួន ២១,៣៧៥ ម៉ែត្រគូប សំរាមនិងស្មៅបណ្ដែតទឹកចំនួន ២,២៥០ ម៉ែត្រគូប។ 

២. ប្រឡាយបឹងទំពន់

ប្រឡាយបឹងទំពន់ ជាប្រឡាយរំដោះទឹកដ៏សំខាន់ក្នុងរាជធានីភ្នំពេញ ដែលមានប្រវែងជិត ៤ គីឡូម៉ែត្រ ភ្ជាប់ជាមួយប្រឡាយដើមស្លែង ប្រឡាយបារាំង ជួយរំដោះទឹកភ្លៀងក្នុងខណ្ឌចំនួន៥ រួមមាន ខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌសែនសុខ ខណ្ឌទួលគោក និងផ្នែកខ្លះៗក្នុងខណ្ឌចំការមន និងខណ្ឌ៧មករា។ ការស្ដារប្រឡាយបឹងទំពន់ ត្រូវបានអនុវត្តផែនការជាង ៤ ខែដើម្បីបញ្ចប់ ១០០% ដោយប្រឡាយបឹងទំពន់មានប្រវែងសរុប ៣,៧១០ ម៉ែត្រ ទទឹង ៣០ ម៉ែត្រ គិតចាប់ពីប្រឡាយស្ទឹងមានជ័យដល់ស្ថានីយបូមទឹកបឹងទំពន់ ផ្លូវ ៣១៧។ ក្នុងការអនុវត្តនេះ គេបានស្ដារសំរាម និងស្មៅបណ្ដែតទឹកបានប្រមាណ ២,៥១០ រថយន្ដស្មើនឹង ១២,០៥០ ម៉ែត្រគូប។ 

៣. ប្រឡាយម័ល

ប្រឡាយម័ល ស្ថិតនៅក្នុងភូមិសាស្ត្រភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ មានប្រវែងជិត ៣ គីឡូម៉ែត្រដែលបានចាប់ផ្ដើមស្ដារតាំងពីខែកុម្ភៈ ឆ្នាំ២០២១ ដោយនឹងបញ្ចប់នៅចុងខែសីហាខាងមុខនេះ។ គម្រោងស្ដារប្រឡាយម័លនេះ មានប្រវែងសរុប ២,៨១៥ ម៉ែត្រ ទទឹងចាប់ពី ២០ ទៅដល់ ៣០ ម៉ែត្រចាប់ពីស្ថានីយ៍បូមទឹកលូ៥ ទៅដល់ស្ថានីយ៍បូមទឹកបឹងទំពុន និងចំណាយពេលយូរដោយសារតែមិនមានផ្លូវសងខាងប្រឡាយ សម្រាប់រថយន្ដ និងគ្រឿងចក្រចូលនោះទេ ដូចនេះត្រូវប្រើប្រាស់សាឡង់ដឹកគ្រឿងចក្រដើម្បីកាយ ហើយក៏មានស្ពានកាត់ផ្លូវច្រើនកន្លែងផងដែរ។