ស្ដាតធំ នឹងបញ្ចប់ជាស្ថាពរនៅខែក្រោយ!

កីឡដ្ឋានធំ ឬស្ដាតធំ (Main Stadium) នៃពហុកីឡដ្ឋានជាតិមរតកតេជោ នឹងបញ្ចប់ការសាងសង់ជាស្ថាពរនៅខែសីហា ឆ្នាំ២០២១ ខាងមុខនេះ ចំណែកពហុកីឡដ្ឋាននឹងបញ្ចប់នៅឆ្នាំក្រោយ ដើម្បីត្រៀមរៀបចំធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ SEA Games នៅឆ្នាំ២០២៣។ 

យោងតាមការបញ្ជាក់ពី ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ហៅកាត់ គ.ជ.ប.អ (CAMSOC) បានបង្ហាញថា វឌ្ឍនភាពការសាងសង់កីឡដ្ឋានធំ ឬស្ដាតធំ ពេលនេះបានលេចចេញជាសមិទ្ធផលពេញគ្រប់លក្ខណៈសម្បត្តិអស់ហើយ ដែលមានន័យថាការងារសម្រេចបានស្ទើរតែ ១០០% ទៅហើយ នៅសល់តែការងារផ្នែកតុបតែងទីធ្លាខាងក្រៅ បន្ដិចបន្ដួចប៉ុណ្ណោះ ដែលត្រៀមបញ្ចប់នៅត្រឹមខែសីហាខាងមុខ។ ឯកឧត្តម បញ្ជាក់ថាគិតមកទល់ពេលនេះការងារដែលសម្រេចបានរួចមមាន៖ ការបំពាក់កៅអីអង្គុយ រៀបចំទីលានរត់អត្តពលកម្ម ទីលានបាល់ទាត់រួចរាល់ ការបំពាក់ប្រព័ន្ធភ្លើង អំពូល ភ្លើងបំភ្លឺអាងទឹក រួមទាំងប្រព័ន្ធសម្លេង Sound System នៅផ្នែកខាងក្នុងក៏រួចរាល់អស់ហើយដែរ។ ដូចនេះ ការសាងសង់ និងការបំពាក់ប្រព័ន្ធឧបករណ៍ប្រើប្រាស់សម្រេចបានរួចរាល់ជាស្ថាពរ នៅសល់តែការលម្អបន្ថែមផ្នែកខាងក្រៅប៉ុណ្ណោះ។ ចំណែកការរៀបចំអាងទឹកជុំវិញស្ដាតធំនេះ គឺតំណាងកសិន្ធុអង្គរ ដែលបានដាក់បង្ហូរទឹកបំពេញអាង អមទៅដោយប្រព័ន្ធភ្លើងយ៉ាងទាក់ទាញ។ 

សូមបញ្ជាក់ផងដែរថា កីឡដ្ឋានធំ មានទំហំផ្ទៃអគារ ៨២,៤០០ ម៉ែត្រការ៉េ អាចផ្ទុកចំណុះអ្នកទស្សនាបានដល់ ៦ ម៉ឺននាក់ កៅអីបែងចែកជា ៣ ជាន់ ចំណែកទីធ្លារខាងក្នុងក៏នឹងរៀបចំជាសណ្ឋាគារក្នុងកីឡដ្ឋានចំនួន ៣៤ បន្ទប់, ហាងលក់ទំនិញសម្ភារៈកីឡា, ហាងលក់សម្លៀកបំពាក់, និងផលិតផលផ្សេងទៀត ព្រមទាំងសាលសម្រាប់ហ្វឹកហាត់កីឡាមួយចំនួននៅខាងក្រោមអគារផងដែរ។ 

គម្រោងសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោ ត្រូវបានទទួលជំនួយឥតសំណងពីរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន ប្រមាណ ១៥៧ លានដុល្លារ ទទួលសាងសង់ដោយក្រុមហ៊ុន China State Construction Engineering Corporation សាងសង់នៅលើផ្ទៃដីជាង ៨៤ ហិកតា ស្ថិតនៅតំបន់ទីក្រុងរណបជ្រោយចង្វារ រាជធានីភ្នំពេញ ហើយគម្រោងនេះ ក៏បាននិងកំពុងទាក់ទាញគម្រោងវិនិយោគអចលនទ្រព្យផ្សេងៗជាច្រើនបន្ថែមទៀតនៅតំបន់ជុំវិញនោះ។