ពាណិជ្ជកម្មទ្វេភាគី កម្ពុជា-កូរ៉េខាងត្បូង សម្រេចបានជាង ៤៥០ លានដុល្លារក្នុងឆមាសទី១

យោងតាមទិន្នន័យចេញផ្សាយពី Korean International Trade Association បានបង្ហាញថា កាលពីឆមាសទី១ ពាណិជ្ជកម្មរវាងកម្ពុជា-កូរ៉េខាងត្បូង សម្រេចបាននៅក្នុងរង្វង់ទឹកប្រាក់ ៤៥១ លានដុល្លារ ដែលមានការកើនឡើងខ្ពស់ជាងឆ្នាំមុន ៦.៧% ដោយក្នុងនោះកម្ពុជា បាននាំចេញទំនិញទៅកូរ៉េសម្រេចបានប្រមាណ ១៥៩ លានដុល្លារ (ធ្លាក់ចុះ ១.៦%) ចំណែកការនាំចូលទំនិញពីកូរ៉េមកវិញសម្រេចបានប្រមាណ ២៩២ លានដុល្លារ (កើនឡើង ១១.៩%)។ 

កំណើនឡើងនៃទំហំពាណិជ្ជកម្មទ្វេភាគី រវាងកម្ពុជា និងកូរ៉េខាងត្បូង គឺជាសញ្ញល្អចំពោះប្រទេសទាំងពីរ ដោយសារតែសាធារណរដ្ឋកូរ៉េ គឺជាទីផ្សារនាំចេញដ៏ធំមួយរបស់កម្ពុជា ក្នុងចំណោមទីផ្សារនាំចេញធំៗទាំង ៨ រួមមាន៖ សហរដ្ឋអាមេរិច ជប៉ុន ចិន កូរ៉េ អង់គ្លេស កាណាដា ថៃ និងវៀតណាម។ ម្យ៉ាងទៀត ភាគីប្រទេសទាំងពីរ ក៏នឹងត្រៀមចុះហត្ថលេខាជាផ្លូវការនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី នៅដំណាច់ឆ្នាំ២០២១ នេះដើម្បីអនុវត្តនៅឆ្នាំ២០២២ ខាងមុខផងដែរ យោងតាមក្រសួងពាណិជ្ជកម្ម។ ការអនុវត្តពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ នឹងជួយកាត់បន្ថយការបង់ពន្ធ និងលើកលែងពន្ធចំពោះទំនិញមួយចំនួន (ក្នុងកិច្ចព្រមព្រៀង) ដែលអាចជំរុញទំនិញសក្ដានុពលនាំចេញបានខ្ពស់ បង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ និងអាចទាក់ទាញគម្រោងវិនិយោគជាច្រើនទៀតមកកាន់ប្រទេសកម្ពុជាផងដែរ។

សូមបញ្ជាក់ផងដែរថា កាលពីឆ្នាំ២០២០ ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-កូរ៉េ សម្រេចបានក្នុងរង្វង់ទឹកប្រាក់ ៨៨៤ លានដុល្លារ ក្នុងនោះកម្ពុជាបាននាំចេញទំនិញទៅកូរ៉េប្រមាណ ៣១៧ លានដុល្លារ (ធ្លាក់ចុះ ១៨%) និងបាននាំចូលពីកូរ៉េវិញប្រមាណ ៥៦៧ លានដុល្លារ (ធ្លាក់ចុះ ៥%) ផងដែរ។ ទំនិញសក្ដានុពលដែលកម្ពុជាបាននាំចេញរួមមាន៖ ផលិតផលសម្លៀកបំពាក់ ស្បែកជើង ផលិតផលធ្វើដំណើរ ភេសជ្ជៈ គ្រឿងបន្លាស់អេឡិចត្រូនិច កៅស៊ូ និងផលិតផលកសិកម្ម -ល-។ ចំនែកទំនិញសក្ដានុពល ដែលបាននាំចូលមកវិញរួមមាន យានយន្ដ គ្រឿងអេឡិចត្រូនិច សម្ភារៈផ្ទះបាយ ភេសជ្ជៈ ឱសថ និងផលិតផលប្លាស្ទិចជាដើម។