ស្ថាប័នថាមពលអន្តរជាតិប្រកាសថាការបំភាយឧស្ម័នកាបូនិកនឹងឈានដល់កំរិតខ្ពស់បំផុតនៅឆ្នាំ ២០២៣

យោងតាមទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) មានមូលដ្ឋាននៅទីក្រុងប៉ារីស បានព្យាករណ៍ទុកថាការបំភាយកាបូនឌីអុកស៊ីតនឹងកើនឡើងដល់កម្រិតខ្ពស់បំផុតនៅក្នុងឆ្នាំ ២០២៣ ខាងមុខនេះ។ ដោយតាមការវិភាគរបស់ IEA កត់សម្គាល់ថា គិតត្រឹមត្រីមាសទី ២ នៃឆ្នាំ ២០២១ នេះ រដ្ឋាភិបាល និងស្ថាប័នពិភពលោកបានត្រៀមថវិកាប្រមាណ ៣៨០ ពាន់លានដុល្លារសម្រាប់“ វិធានការស្តារនិរន្តរភាពទាក់ទងនឹងថាមពល” ដែលវាស្មើរនឹងប្រមាណតែ ២% ប៉ុណ្ណោះនៃការស្តារឡើងវិញ។ 

យោងតាមសេចក្តីថ្លែងការណ៍នេះបាននិយាយថែមទៀតថា“ ទឹកប្រាក់សរុបសម្រាប់ផែនការស្ដារឡើងវិញដើម្បីសម្រេចបានគោលដៅអាកាសធាតុអន្តរជាតិនេះ ត្រូវបានប្រមូលយកពីស្ថាប័នសាធារណៈ និងឯកជនទូទាំងពិភពលោក។ ស្ថាប័នថាមពលអន្តរជាតិដែលមានមូលដ្ឋាននៅប៉ារីសនេះបានប៉ាន់ប្រមាណថា ការបញ្ចេញកាបូនឌីអុកស៊ីតរបស់ភពផែនដីអាចនឹងឈានដល់កំរិតខ្ពស់បំផុតនៅឆ្នាំ ២០២៣ និងបន្តកើនឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។ 

លោក Fatih Birol នាយកប្រតិបត្តិរបស់ IEA បាននិយាយថា ចាប់តាំងពីវិបត្តិកូវីដ ១៩ បានផ្ទុះឡើងរដ្ឋាភិបាលជាច្រើនក៏បាននិយាយអំពីសារៈសំខាន់នៃគម្រោងការស្ដារឡើងវិញនៃអាកាសធាតុនេះផងដែរ ប៉ុន្តែពួកគេមិនបានផ្តល់ថវិកាដូចអ្វីដែលពួកគេនិយាយឡើយ។ 

គួរបញ្ជាក់ថា ការវិភាគ និងការព្យាករណ៍របស់ IEA គឺផ្អែកលើកម្មវិធីស្តារឡើងវិញប្រកបដោយនិរន្តរភាពរបស់ខ្លួនដែលត្រូវបានដាក់ឱ្យដំណើរការកាលពីថ្ងៃអង្គារថ្មីៗ នេះ។ មិនតែប៉ុណ្ណោះ លោក Fatih Birol បាននិយាយថា រដ្ឋាភិបាលនៃបណ្ដាប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំងអស់ ចាំបាច់ត្រូវបង្កើនការរចំណាយ និងចេញសកម្មភាពគោលនយោបាយឲ្យឆាប់រហ័សបំផុត ដើម្បីឲ្យស្របតាមការប្តេជ្ញាចិត្តដែលពួកគេបានធ្វើនៅទីក្រុងប៉ារីសក្នុងឆ្នាំ ២០១៥។