សារមន្ទីរជាតិអូស្រ្តាលីសម្រេចប្រគល់ស្នាដៃសិល្បៈតម្លៃ ២,២ លានដុល្លារទៅប្រទេសឥណ្ឌាវិញ

វិចិត្រសាលជាតិអូស្រ្តាលីបានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថាខ្លួននឹងប្រគល់ស្នាដៃសិល្បៈ"culturally significant" ជាច្រើនទៅប្រទេសឥណ្ឌាវិញ ដោយសារការជាប់ទាក់ទងទៅនឹងការលួច និងការជួញដូរវត្ថុបុរាណខុសច្បាប់។ ស្នាដៃទាំង ១៣ ដែលរួមមានរូបចម្លាក់សំរិទ្ធ, ថ្មចម្លាក់ប្រវត្តិសាស្ត្រ និងផ្ទាំងគំនូរត្រូវបានទិញដោយផ្ទាល់ពីអ្នកលក់សិល្បៈញូវយ៉កដែលរងការចោទប្រកាន់ពីបទរត់ពន្ធវត្ថុបុរាណរាប់ពាន់ពីទូទាំងទ្វីបអាស៊ី។ 

ការសម្រេចចិត្តនេះធ្វើឡើងតាមគោលការណ៍របស់វិចិត្រសាលអូស្រ្តាលីតែម្ដង ដោយមិនទទួលរក្សាទុកវត្ថុបុរាណខុសច្បាប់ឡើយ។ សារមន្ទីរនេះបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថារូបចម្លាក់ ៣ បន្ថែមទៀតដែលត្រូវបានទិញពីក្រុមហ៊ុន Kapoor ដែលត្រូវបានគេរកឃើញថានាំចូលវត្ថុបុរាណខុសច្បាប់ ក៏ត្រៀមនឹងបញ្ចូនទៅឥណ្ឌាវិញផងដែរ។ 

យោងតាមបណ្តឹងព្រហ្មទណ្ឌរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងក្រុមហ៊ុន Kapoor និងអ្នករួមគំនិត ៧ នាក់បាននិយាយថាឈ្មួញបានលក់វត្ថុបុរាណដែលត្រូវបានគេលួចមានតម្លៃសរុបជាង ១៤៣ លានដុល្លារ។ អាជ្ញាធរបានរឹបអូសវត្ថុបុរាណជាង ២.៦០០ បន្ទាប់ពីបើកការស៊ើបអង្កេត។ បច្ចុប្បន្ន Kapoor កំពុងត្រូវបានកាត់ទោសនៅក្នុងប្រទេសឥណ្ឌា ហើយក៏ជាប់ដីកាចាប់ខ្លួននៅសហរដ្ឋអាមេរិកផងដែរ ទាក់ទងនឹងការលួចបន្លំសន្លឹកឆ្នោត និងការកាន់កាប់ទ្រព្យសម្បត្តិខុសច្បាប់។ 

គួរបញ្ជាក់ថា សារមន្ទីរជាតិអូស្ត្រាលីបានបញ្ជាក់ថាស្នាដៃទាំង ១៤ នោះ ពួកគេបានទទួលរក្សាទុកចាប់តាំងពីចន្លោះឆ្នាំ ១៩៨៩ ដល់ឆ្នាំ ២០១០ មកម្ល៉េះ ហើយបានទិញក្នុងតម្លៃ ៣.០៣ លានដុល្លារអូស្ត្រាលី (២.២៣ លានដុល្លារ) ។