ទីក្រុងទាំង ១៦ របស់ហ្វីលីពីន ត្រៀមបិទខ្ទប់ដើម្បីទប់ស្កាត់វីរុស Delta ជាការខាតបង់សេដ្ឋកិច្ចជាង ៤ ពាន់លានដុល្លារ

ទីក្រុងតូចធំទាំង ១៦ ស្ថិតនៅប្រទេសហ្វីលីពិន ស្ថិតក្នុងតំបន់ (Capital Region) នឹងត្រូវប្រឈមការបិទខ្ទប់កាន់តែខ្លាំងបន្ថែមទៀតសម្រាប់រយៈពេល ១៥ ថ្ងៃ ក្នុងគោលបំណងការពារពីការវាយប្រហារ នៃវីរុសប្រភេទ Delta ដែលកំពុងរីករាលដាលយ៉ាងឆាប់រហ័សក្នុងបណ្ដាប្រទេសជាច្រើន នៅទ្វីបអាស៊ី។

លោក Rodrigo Duterte ប្រធានាធិបតីហ្វីលីពីន កាលពីថ្ងៃទី៣០ ខែកក្កដា នេះបានអនុម័ត ឱ្យមានការបិទខ្ទប់តំបន់កណ្ដាល ដើម្បីការពារការសាយភាយ នៃការឆ្លង និងរីករាលដាលកាន់តែខ្លាំងឡើងនៃវីរុសបំឡែងខ្លួនថ្មី Delta ដែលមានប្រភពមកពីប្រទេសឥណ្ឌា។ ការបិទខ្ទប់តំបន់កណ្ដាលនេះ នឹងធ្វើឡើងនៅថ្ងៃទី០៦ ខែសីហា រហូតដល់ថ្ងៃទី២០ ខែសីហា ខាងមុខនេះឯង ជាមួយនឹងការរឹតបន្តឹងកាន់តែខ្លាំងជាងមុន។

អ្នកនាំពាក្យរបស់លោកប្រធានាធិបតី លោក Harry Roque បានបញ្ជាក់ប្រាប់ថា “នេះគឺជារឿងដ៏លំបាកបំផុតក្នុងការសម្រេចចិត្ត ហើយក៏ជារឿងឈឺចាប់ តែវាធ្វើឡើងសម្រាប់ប្រយោជន៍ដ៏ល្អសម្រាប់យើងទាំងអស់គ្នា”។ លោកបញ្ជាក់ទៀតថា “វីរុសបំឡែងខ្លួន Delta បានមានវត្តមាននៅក្នុងតំបន់ Metro នៃរដ្ឋធានីម៉ានីលរួចទៅហើយ ហេតុនេះបើពុំមានចំណាត់ការនោះទេ គឺនឹងប្រឈមនឹងគ្រោះថ្នាក់កាន់តែធំ”។

ការបិទខ្ទប់តំបន់កណ្ដាលនេះ នឹងប៉ះពាល់ទៅដល់ទីក្រុងតូចធំ ១៦ ដែលជាទីលំនៅរបស់ពលរដ្ឋជាង ១៣ លាននាក់ ហើយការបិទខ្ទប់នេះ ត្រូវបានព្យាករណ៍រួចហើយថា នឹងធ្វើឱ្យខាតបង់សេដ្ឋកិច្ចប្រមាណជា ៤.១៨ ពាន់លានដុល្លារអាមេរិកឯណោះ ថែមទាំងបាត់បង់ទីផ្សារការងារចំនួន ៤៤៤,០០០ កន្លែង និងបង្កើនចំនួនជនក្រីក្រលើផ្ទៃប្រទេសចំនួន ១៧៧,០០០ នាក់ នេះបើយោងតាមការសន្និដ្ឋានរបស់លោកស្រី Karl Chua លេខាធិការផែនការសេដ្ឋកិច្ចរបស់ហ្វីលីពីន។

គួរបញ្ចាក់ថាហ្វីលីពីនចាប់ផ្ដើមកើនឡើងអត្រាឆ្លង គិតចាប់តាំងពីខែមេសា មកម្លេះ ជាប្រទេសឈរក្នុងចំណាត់ថ្នាក់លេខ២ នៅអាស៊ី ដែលមានចំនួនអ្នកឆ្លងច្រើនជាងគេបំផុត បន្ទាប់ពីឥណ្ឌូនេស៊ី។ គិតមកដល់ចុងខែកក្កដា នេះពលរដ្ឋប្រមាណតែ ៧% នៃចំនួនពលរដ្ឋសរុបប៉ុណ្ណោះ ដែលទទួលបានការចាក់វ៉ាក់សាំង តែរដ្ឋាភិបាលប្រទេសនេះ បានប្ដេជ្ញាចិត្តបង្កើនចំនួនចាក់វ៉ាក់សាំងចាប់ពី ១៥០,០០០ ដូស ឡើងទៅ ២៥០,០០០ ដូសក្នុងមួួយថ្ងៃ ដើម្បីបង្កើតជារបាំងការងារដ៏សំខាន់សំរាប់សហគមន៍ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩៕