អគារខ្ពស់ជាងគេទី២ ក្នុងពិភពលោក ត្រៀមចាប់កំណើតនៅក្នុងប្រទេសរុស្ស៊ី

បច្ចុប្បន្នអាគារខ្ពស់ជាងគេបំផុតក្នុងពិភពលោកគឺ Burj Khalifa ស្ថិតនៅក្នុងទីក្រុងឌូប៉ៃ របស់ប្រទេសអារ៉ាប់ ដែលមានកម្ពស់រហូតដល់ទៅ ៨២៨ ម៉ែត្រ ខណៈអគារខ្ពស់ជាងគេទី២ បច្ចុប្បន្នគឺ Shanghai Tower មានកម្ពស់ ៦៣២ ម៉ែត្រ។ ឆាប់ៗខាងមុខនេះ សំណង់អគារខ្ពស់ថ្មីមួយទៀតនឹងចាប់កំណើត ហើយនឹងក្លាយជាអគារខ្ពស់ជាងគេលំដាប់ទី២ នោះគឺ The Lakhta Center II។

ក្រុមស្ថាបត្យករ Scottish Architecture បានប្រកាសចេញពីគម្រោងបង្កើត និងសាងសង់អគារខ្ពស់មួយ ដែលមានរយៈកម្ពស់រហូតដល់ទៅ ៧០៣ ម៉ែត្រ ឡើងទៅលើ នៅក្នុងប្រទេសរុស្ស៊ី ហើយក៏នឹងត្រៀមក្លាយខ្លួនជាអគារខ្ពស់ជាងគេទី២ ក្នុងពិភពលោកនាពេលឆាប់ៗខាងមុខនេះផងដែរ។ អគារនេះ នឹងយកឆក់យកដំណែកអគារ Shanghai Tower ហើយក៏នឹងយកដំណែងជាអគារខ្ពស់ជាងគេបំផុត នៅក្នុងប្រវត្តិសាស្ត្ររបស់រុស្ស៊ីផងដែរ។

អគារ The Lakhta Center II នឹងសាងសង់ឡើងស្ថិតនៅដងផ្លូវ Petersburge ជាប់ទៅនឹងអគារ Lakta Center ដែលជាអគារខ្ពស់ជាងគេបំផុតនៅក្នុងទ្វីបអឺរ៉ុប ដែលមានកម្ពស់ ៤៦២ ម៉ែត្រ។ The Lakhta Center II មិនត្រឹមតែខ្ពស់ និងមានរូបរាងរចនាបទប្លែកប៉ុណ្ណោះទេ តែវានឹងក្លាយជាអគារគំរូថ្មីមួយ នៃការរចនាម៉ូតប្រកបដោយនិរន្តរភាព សម្រាប់គម្រោងសាងសង់អគារខ្ពស់ៗផ្សេងទៀតក្នុងពិភពលោក នេះបើយោងតាមការលើកឡើងរបស់លោក Tony Kettle ជាអ្នកដឹកនាំគម្រោងមួយនេះ។

លោក Tony បានបន្ថែមទៀតថា រចនាបទរបស់អគារ នឹងផ្ដល់នូវសោភ័ណ្ឌភាពទៅដល់ទីក្រុង ហើយបានបង្កប់មកជាមួយមុខងារកាត់បន្ថយកម្លាំងខ្យល់ ដែលអាចប៉ះពាល់ទៅដល់គុណភាពអគារផងដែរ។ ការកាត់បន្ថយសម្ពាធពីកម្លាំងខ្យល់នេះ ក៏បើកឱកាសឱ្យការសាងសង់កាត់បន្ថយធាតុផ្សំជាច្រើន ក្នុងការបង្កើតអគារផងដែរ តែនៅរក្សាគុណភាព និងផ្ដល់នូវសុវត្ថិភាពទៅដល់តួអគារទាំងមូលដដែល។

ការសាងសង់អគារមួយនេះ នឹងប្រើប្រាស់ថាមពលទាបបំផុត ហើយនឹងយកទៅប្រើប្រាស់ចម្រុះគ្នា ដែលនឹងបង្កើតបានជាទីកន្លែងដ៏រស់រវើកមួយ អាចបើកជាការិយាល័យការងារ មជ្ឈមណ្ឌលពាណិជ្ជកម្ម សេវាកម្ម ទីកន្លែងរំសាយអារម្មណ៍ និងជាច្រើនផ្សេងទៀត។ វានឹងបង្កើតឱ្យមាននូវបណ្ដុំសេដ្ឋកិច្ចពាណិជ្ជកម្មក្នុងតំបន់ ដែលប្រមូលផ្ដុំពាណិជ្ជករ អាជីវករ សហគ្រិន វិនិយោគិន នៅក្នុងតំបន់តែមួយ ដែលប្រើប្រាស់អគារមានរហូតដល់ទៅ ១៥០ ជាន់។

បច្ចុប្បន្ននេះ ដំណើការសាងសង់អគារមួយនេះ នៅមិនទាន់ប្រព្រឹត្តិទៅនៅឡើយទេ តែកំពុងស្ថិតក្នុងការធ្វើសេក្ដីព្រៀងនៃកិច្ចព្រមព្រៀងរវាងក្រុមហ៊ុនសាងសង់ និងរដ្ឋាភិបាលប្រចាំទីក្រុង ដែលមានថិរវេលា ៣ ឆ្នាំ គិតចាប់ពីឆ្នាំ ២០២២ ទៅឆ្នាំ២០២៤។ ហេតុនេះ ការសាងសង់អាចនឹងបើកការរដ្ឋានជាផ្លូវការ នាឆ្នាំ ២០២២ ខាងមុខនេះដោយ និងបញ្ចប់នាឆ្នាំ ២០២៤ ខាងមុខ៕