ជប៉ុន សម្រេចបន្តដាក់ប្រទេសក្នុងគ្រាអាសន្នដល់ពាក់កណ្ដាលខែកញ្ញា ជាការខាតបង់សេដ្ឋកិច្ចយ៉ាងច្រើន

តូក្យូ៖ ស្ថិតក្នុងស្ថានការណ៍ក្រោយការបញ្ចប់ព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិក កាលពីពេលថ្មីៗកន្លងទៅនេះ ជប៉ុន កំពុងព្រួយបារម្មណ៍អំពីករណីឆ្លងជាបន្តបន្ទាប់ទៀត ដែលកំពុងមានការកើនឡើងជាលំដាប់ រហូតដល់ជាង ៤ ពាន់នាក់ក្នុងមួយថ្ងៃៗ។ ដើម្បីឆ្លើយតប និងបង្ការ រដ្ឋាភិបាលជប៉ុន បានបន្តសម្រេចដាក់ប្រទេសក្នុងគ្រាអាសន្នជាបន្តទៀត រហូតដល់ពាក់កណ្ដាលខែកញ្ញា។

រដ្ឋាភិបាលជប៉ុន បានធ្វើសេចក្ដីប្រកាសជាផ្លូវការ ក្នុងការពន្យាពេលដាក់ទីក្រុងសំខាន់ជាច្រើនរបស់ខ្លួន ឱ្យស្ថិតក្នុងគ្រាអាសន្ន និងបន្តធ្វើការបិទខ្ទប់ ក្នុងគោលដៅទប់ស្កាត់ករណីឆ្លង និងរីករាលដាលជំងឺកូវីដ ១៩ ដែលកំពុងមានការកើនឡើងជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃ។ ទីក្រុងដែលនឹងបន្តដាក់ក្នុងគ្រាអាសន្ន និងបិទខ្ទប់រហូតដល់ពាក់កណ្ដាលខែកញ្ញា ខាងមុខរួមមាន ទីក្រុងតូក្យូ, អូសាកា, អូគីណាវ៉ា និងតំបន់ ៣ ផ្សេងទៀត ដែលមានតួរលេខឆ្លងច្រើន។

ទន្ទឹមនឹងការប្រឈមមុខជាមួយនឹងការឆ្លងដល់ទៅជាង ៤ ពាន់នាក់ក្នុងមួយថ្ងៃនៅពេលនេះ ជប៉ុន ក៏ត្រូវប្រឈមមុខនឹងការដឹកនាំព្រឹត្តិការណ៍ Tokyo Paralympics ផងដែរ ដែលនឹងត្រៀមធ្វើឡើងនៅថ្ងៃទី២៤ ខែសីហា ខាងមុខនេះឯង។ ព្រឹត្តិការណ៍នេះ នឹងបង្កើតឱ្យមានការព្រួយបារម្មណ៍បន្ថែមទៀត ព្រោះការប្រមូលផ្ដុំមនុស្សនឹងត្រូវធ្វើឡើង តែក្រោមកិច្ចប្រជុំរវាងរដ្ឋាភិបាលជប៉ុន និងក្រុមការងាររៀបចំ និងចាត់ចែងព្រឹត្តិការណ៍នោះ បានចេញជាលទ្ធផលថា នឹងកំណត់ចំនួនអ្នកទស្សនា ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ ១៩ និងស្របពេលរដ្ឋាភិបាលបន្តដាក់ប្រទេសក្នុងគ្រាអាសន្ន។

ការបន្តដាក់តំបន់ទាំង ៦ ស្ថិតក្នុងការប្រកាសអាសន្ននោះ កំពុងធ្វើឱ្យសម្ពាធ និងបន្ទុកជាច្រើនកើនឡើងជាបន្តទៀត ព្រោះសេវាកម្ម មុខជំនួញ អាជីវកម្ម ជាច្រើនត្រូវបន្តបិទទ្វារជាបណ្ដោះអាសន្នបន្តទៀត រង់ចាំការធូស្បើយ ដើម្បីមានលទ្ធភាពទទួល និងបង្កើតប្រាក់ចំណូលឡើងវិញបាន។ នេះមិនមែនជាលើកទី១ ឬទី២ ដែលជប៉ុនបន្តពន្យាពេលដាក់ប្រទេសខ្លួនក្នុងគ្រាអាសន្ននោះទេ ហើយក៏មិនមែនជាជម្រើសដ៏ល្អនោះទេ តែដោយសារមានការឆ្លងកើនឡើងក្នុងតួរលេខគួរឱ្យព្រួយបារម្មណ៍ទើបសម្រេចអនុវត្តបែបនេះ ក្រោមកិច្ចប្រជុំពេញអង្គជាមួយនឹងរដ្ឋមន្ត្រីផ្សេងៗទៀតកាលពីពេលថ្មីៗកន្លងទៅនេះ។

គួរបញ្ជាក់ថា ការបញ្ចប់ការដាក់ប្រទេសក្នុងគ្រាអាសន្ន និងឈានដល់ការផ្អាកការបិទខ្ទប់នៅតាមទីក្រុងសំខាន់ៗក្នុងប្រទេសជប៉ុន ត្រូវមកដល់នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ នេះ តែដោយសារ ករណីឆ្លងជំងឺកូវីដ ១៩ ហក់ឡើងក្នុងសន្ទុះមួយយ៉ាងលឿន ដល់ទៅជាង ៤ ពាន់នាក់ក្នុងមួយថ្ងៃ ទើបរដ្ឋាភិបាលជប៉ុន សម្រេចធ្វើការពន្យាពេលរហូតដល់ថ្ងៃទី១២ ខែកញ្ញា ជាការខាតបង់សេដ្ឋកិច្ចជាតិយ៉ាងច្រើនសម្រាប់រយៈពេលជិត ១ ខែបន្តទៀត៕