អង់គ្លេសប្រកាសលុបបំបាត់ចោទទាំងស្រុងការដឹកជញ្ជូន ដែលបំភាយឧស្ម័នពុលចូលក្នុងបរិយាកាស នាឆ្នាំ២០៥០

ទីក្រុងឡុងដ៍៖ ប្រទេសជាច្រើននៅជុំវិញពិភពលោក ជាពិសេសប្រទេសមានទំហំសេដ្ឋកិច្ចច្រើន បានចាប់ផ្ដើមធ្វើដាក់ចេញនូវគោលនយោបាយជាតិ និងអន្តរជាតិ ក្នុងគោលដៅឆ្ពោះទៅរកការកាត់បន្ថយឧស្ម័នពុល និងឈានរហូតដល់គ្មានឧស្ម័នពុលក្នុងរយៈពេល ៣០ ឆ្នាំទៅមុខទៀត។ ជាក់ស្ដែងចក្រភពអង់គ្លេស នាថ្ងៃទី១៣ ខែកញ្ញានេះ បានប្រកាសជាផ្លូវការថា នឹងធ្វើដំណើរទៅរកការលុបបំបាត់ឧស្ម័នពុលចេញពីការដឹកជញ្ជូន នាឆ្នាំ ២០៥០ មកដល់។

ស្ថិតក្នុងកិច្ចប្រជុំកំពូល COP26 រដ្ឋាភិបាលប្រទេសអង់គ្លេស បានប្រកាសចេញជាផ្លូវការ ក្នុងការរៀបចំគោលនយោបាយជាតិ និងអន្តរជាតិ ក្នុងគោលដៅឆ្ពោះទៅរកប្រទេសដែលគ្មានឧស្ម័នពុល ចេញពីការដឹកជញ្ជូន នៅទូទាំងប្រទេស នាឆ្នាំ២០៥០ ខាងមុខ បើទោះបីជាត្រូវប្រឈមមុខនឹងបញ្ហាជាច្រើនក្ដី តែវាគឺជាសកម្មភាព ដែលអង់គ្លេសត្រូវចាត់វិធានការ ដោយមិនអាចពន្យាពេលបានទៀតនោះទេ។ សម្រាប់គោលដៅឆ្ពោះទៅឆ្នាំ ២០៣០ អង់គ្លេស បានរៀបចំផែនការជាច្រើន ក្នុងការកាត់បន្ថយឧស្ម័នពលផងដែរ តាមរយៈការងាកមកប្រើប្រាស់ថាមពលបៃតង ដែលអាចកកើតឡើងវិញបាន។

ស្ថិតក្នុងគោលដៅឆ្ពោះទៅកាន់ឆ្នាំ ២០៥០ អង់គ្លេសនឹងចាត់វិធានការទៅលើការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ដែលបច្ចុប្បន្នការសិក្សាបង្ហាញថា ការដឹកជញ្ជូនទំនិញនៅទូទាំងពិភពលោក  បានបំភាយឧស្ម័នពុលចូលទៅបរិយាកាសប្រមាណ ៣% នៃចំនួនឧស្ម័នពុល ដែលបានសាយភាពជាសកល។ ដើម្បីឈានដល់ការកាត់បន្ថយឧស្ម័នពុលទាំងនៅអង់គ្លេស ត្រូវបើកកិច្ចសហប្រតិបត្តិការជាមួយដៃគូជាតិ និងអន្តរជាតិ ជាច្រើន ដោយក្នុងនោះរួមមានអង្គការអន្តរជាតិ Maritime ដែលជាភ្នាក់ងារជំនាញឯកទេសមួយរបស់អង្គការសហប្រជាជាតិ។

តាមការបញ្ជាក់របស់លោកនាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson បានឱ្យដឹងថា អង់គ្លេស បានកំពុងខិតខំប្រឹងប្រែង ក្នុងការលុបចោលបន្តិចម្ដងៗនូវការបំភាយឧស្ម័នពុលចូលទៅក្នុងបរិយាកាស ដើម្បីឈានដល់ការលុបបំបាត់ចោទទាំងស្រុងនាឆ្នាំ ២០៥០ ខាងមុខ។ សកម្មភាពនេះ នឹងអនុញ្ញាត ក៏ដូចជាផ្ដល់ឱកាសទៅដល់អង់្លេស ក្នុងការរួមចំណែកជាមួយនឹងបណ្ដាប្រទេសអន្តរជាតិផ្សេងទៀតធ្វើដំណើរទៅមុខលើផែនដីតែមួយ ថែមទាំងបង្កើតបច្ចេកទេសការងារទៅដល់ពលរដ្ឋអង់គ្លេសផងដែរ ក្នុងការកែប្រែរបៀបនៃការធ្វើការងារសម្រាប់បច្ចុប្បន្ន និងឆ្ពោះទៅកាន់ថ្ងៃអនាគត។

នេះគឺជាបញ្ហាធំមួយដែលត្រូវធ្វើការដោះស្រាយ និងត្រូវមានបញ្ហាប្រឈមជាច្រើនសម្រាប់រយពេល ២៩ ឆ្នាំទៅមុខទៀតនេះ ម្យ៉ាងឆ្នាំ ២០២២ និង ២០២៣ ខាងមុខ ត្រូវបានព្យាករណ៍ថា ចំនួននៃការដឹកជញ្ជូនទំនិញ នឹងផ្ទុះឡើងខ្លាំង ស្របពេលពិភពលោកបានយកឈ្នះជំងឺកូវីដ ១៩ ដែលនឹងញាំងឱ្យការដឹកជញ្ជូនកើនឡើងខ្ពស់ ដោយសារតែតម្រូវការសកលកើនឡើង។ យ៉ាងណាក៏ដោយ ផែនការនេះគ្រាន់តែជ្រុងមួយរបស់អង់គ្លេសប៉ុណ្ណោះ អ្វីដែលសំខាន់គឺជាការប្រែក្លាយខ្លួនទៅជាប្រទេសគ្មានឧស្ម័នពុលទេ ទើបជាការលំបាក៕