គម្រោងសំណង់ដោយប្រើរចនាសម្ព័ន្ធឈើធំបំផុត នៅលើពិភពលោកត្រូវបានលើកឡើងដោយក្រុមហ៊ុន Anders Berensson Architects

ដើម្បីកាត់បន្ថយពាក់កណ្តាលនៃដំណើរការ “ផ្ទះកញ្ចក់” ទាក់ទងនឹងការបញ្ចេញកាបូនរបស់ប្រទេសស៊ុយអែត ដែលបណ្តាលមកពីឧស្សាហកម្មព្រៃឈើផងនោះ ក្រុមហ៊ុនស្ថាបត្យកម្ម Anders Berensson បានស្នើឲ្យសាងសង់រចនាសម្ព័ន្ធឈើធំជាងគេបំផុត នៅលើពិភពលោកដែលមានឈ្មោះថា “Bank of Norrland”។ ការរចនានេះ មានគោលបំណងរក្សាទុកកាបូនឌីអុកស៊ីត និងតម្លៃផលិតឈើមួយឆ្នាំ ដោយធានាបាននូវនិរន្តរភាពនៃឧស្សាហកម្មសំណង់ និងផលិតកម្មរោងចក្ររបស់ស៊ុយអែត ដោយមិនគិតពីអាកាសធាតុនិងការប្រើប្រាស់។

បណ្តុំឈើដែលត្រូវបានរក្សាទុកមួយគីឡូម៉ែត្រគូប នឹងបង្កើតបានជារចនាសម្ព័ន្ធឈើធំជាងគេបំផុតរបស់ពិភពលោក និងជាកន្លែងផ្ទុកកាបូនឌីអុកស៊ីត ដែលផលិតដោយមនុស្សធំបំផុត និងត្រូវបានសាងសង់រហូតមកដល់បច្ចុប្បន្ននេះ។ ជំនួសឱ្យការដុតឈើ សម្រាប់ផលិតក្រដាស ឬដើម្បីប្រើក្នុងផលិតកម្មប្រេងឥន្ធនៈ ដូចដែលវាត្រូវបានប្រើសព្វថ្ងៃនេះ រចនាសម្ព័ន្ធមួយនេះ នឹងជួយរក្សាទុកឈើ សម្រាប់ប្រើប្រាស់នាពេលអនាគត។ ដំណើរការនេះក៏នឹងរារាំងការបញ្ចេញកាបូនឌីអុកស៊ីតក្នុងបរិមាណច្រើន ចូលទៅក្នុងបរិយាកាសផងដែរ។

នៅកម្រិតសមត្ថភាពពេញលេញរបស់វា រចនាសម្ព័ន្ធនេះ នឹងលាតសន្ធឹងជាងមួយគីឡូម៉ែត្រគូប និងផ្ទុកឈើប្រមាណ ៩០០ លាន (900 million logs) ដែលមានឈើប្រហែល ៣៣០ លានម៉ែត្រគូប (330 million cubic meters of wood)។ រចនាសម្ព័ន្ធត្រូវបានសាងសង់ដោយដាក់បណ្តុំឈើ (logs) នៅពីលើគ្នា បង្កើតជញ្ជាំងធំៗ ដែលប្រសព្វគ្នា ដើម្បីបង្កើតបានជាទម្រង់គូបមានស្ថេរភាព។ បណ្តុំឈើ (logs) ត្រូវបានស្ងួតហួតហែង និងត្រួតពិនិត្យយ៉ាងដិតដល់ ដើម្បីជៀសវាងការរួញតូចខុសពីខ្នាតដែលបានកំណត់ នៅក្នុងរចនាសម្ព័ន្ធ។

ប្រទេសស៊ុយអែត កំពុងដំណើរការទៅលើការកាត់បន្ថយ ការប្រើប្រាស់ផលិតផលដែលមានលើមូលដ្ឋានប្រេងរបស់ខ្លួន ក្នុងគោលបំណងក្លាយជាប្រទេសគ្មានផូស៊ីល មានអាកាសធាតុល្អ (climate neutral country)។ ដើម្បីអនុវត្តតាមផែនការរបស់ពួកគេ ប្រទេសនេះត្រូវស្វែងរកដំណោះស្រាយចំពោះឧស្សាហកម្មព្រៃឈើរបស់ខ្លួនក្នុងពេលឆាប់ៗនេះ និងដោះស្រាយពីរបៀប និងមូលហេតុដែលប្រជាពលរដ្ឋប្រមូលផលឈើ។ គម្រោងគំនិតនៃរចនាសម្ព័ន្ធ Bank of Norrland សង្ខេបការពិត អំពីឧស្សាហកម្មព្រៃឈើបច្ចុប្បន្នរបស់ប្រទេសស៊ុយអែត និងស្នើឱ្យមានស្ថាបត្យកម្មរ៉ាឌីកាល់ថ្មីមួយ ដែលការពារធនធានធម្មជាតិ។

គម្រោងរចនាសម្ព័ន្ធ Bank of Norrland ត្រូវបានបង្កើតឡើងសម្រាប់ពិពណ៌ “ស្ថាបត្យកម្មនៃការផ្លាស់ប្តូរ - Architectures of Transition” នៅ Bildmuseet in Umeå ដែលជាព្រឹត្តិការណ៍បើកចំហរជាសាធារណៈ សម្រាប់អ្នកទស្សនារហូតដល់ខែមីនាឆ្នាំ ២០២២។ គម្រោងនេះត្រឹមជាសំណើគំនិតសិនប៉ុណ្ណោះ ហើយមិនអាចនឹងត្រូវបានបង្ហាញជាផ្លូវការ នាពេលអនាគតដ៏ខ្លីខាងមុខនេះទេ វាត្រូវការជាច្រើនដំណាក់កាល មុននឹងសម្រេចចេញជាផ្លូវការ។