ថៃ ត្រៀមពង្រីកការវិនិយោគក្នុងវិស័យឧស្សាហកម្ម ឆ្ពោះទៅឆ្នាំ ២០២៦ ក្នុងរង្វង់ទឹកប្រាក់សរុបជិត ៦៧ ពាន់លានដុល្លារ

បាងកក៖ រដ្ឋាភិបាលថៃ បានដាក់ចេញគោលនយោបាយជាតិដ៏សំខាន់មួយ ក្នុងការជួយទ្រទ្រង់ ក៏ដូចជាពង្រីកសេដ្ឋកិច្ចជាតិឱ្យកាន់តែប្រសើរថែមមួយកម្រិតទៀត សម្រាប់គោលដៅឆ្ពោះទៅរកឆ្នាំ ២០២៦ ខាងមុខ តាមរយៈការពង្រីកទំហំវិនិយោគ នៅក្នុងវិស័យឧស្សាហកម្មឱ្យបានទំហំគិតជាទឹកប្រាក់ប្រមាណជា USD ៦៦.៨៧ ពាន់លានដុល្លារសហរដ្ឋអាមេរិក។

រដ្ឋាភិបាលថា នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ ម្សិលមិញនេះ បានប្រកាសជាផ្លូវការ នូវការដាក់ចេញនូវគោលនយោបាយជាតិដ៏សំខាន់ ក្នុងគោលដៅវិនិយោគក្នុងរង្វង់ទឹកប្រាក់ប្រមាណ ២.២ ទ្រីលានបាត ឬស្មើនឹងទឹកប្រាក់ជាង USD ៦៦.៨៧ លានដុល្លារសហរដ្ឋអាមេរិក នៅក្នុងវិស័យឧស្សាហកម្មស្ថិតនៅភាគខាងកើតប្រទេសថៃ គិតចាប់ពីឆ្នាំ២០២២ ខាងមុខនេះតទៅ។ ការដាក់ចេញផែនការ ក្នុងចក្ខុវិស័យវែងឆ្ងាយនេះ នឹងធានាបាននូវការស្ដារសេដ្ឋកិច្ច និងធានាទៅដល់ការងើបឡើងនៃសេដ្ឋកិច្ចរបស់ថៃ ដែលបានរងគ្រោះដោយសារតែជំងឺកូវីដ ១៩ ទៀតផង។

តាមរយៈផែនការ ៥ ឆ្នាំទៅមុខ ដ៏សំខាន់មួយនេះ រដ្ឋាភិបាលថា នឹងជម្រុញ ក៏ដូចជាធ្វើការលើកទឹកចិត្តទៅដល់ក្រុមហ៊ុនវិនិយោគជាច្រើន ទាំងជាតិ និងអន្តរជាតិ ឱ្យចូលមកធ្វើការវិនិយោគ ក្រោមការគាំទ្រពីរដ្ឋាភិបាល នៅលើផ្នែកសំខាន់ៗជាច្រើន នៅភាគខាងកើតប្រទេស និងនៅតាមច្រករបៀង។ មិនតែប៉ុណ្ណោះ រដ្ឋាភិបាលថៃ ក៏នឹងចំនាយទឹកប្រាក់ប្រមាណ USD ៣ ពាន់លានដុល្លារអាមេរិក  សម្រាប់ការអភិវឌ្ឍអាកាសយានដ្ឋានថ្មី និងចំនួន USD ៣ ពាន់លានដុល្លារអាមេរិកផ្សេងទៀត ទៅលើការអភិវឌ្ឍផ្លូវដែកឱ្យកាន់តែប្រសើរ និងតភ្ជាប់ទៅកាន់តំបន់ជាច្រើនផ្សេងទៀតលើផ្ទៃប្រទេស។

ជាមួយគ្នានោះដែរ រដ្ឋាភិបាលថៃ ក៏បានដាក់ចេញផែនការវិនិយោគនៅតាមវិស័យសំខាន់ៗ រួមមានដូចជា យានយន្ត អេឡិចត្រូនិក ឌីជីថល វេជ្ជសាស្ត្រ និងការដឹកជញ្ជូនទំនើប ដោយត្រូវការចំនាយទុនវិនិយោគជាង USD ១២ ពាន់លានដុល្លារសហរដ្ឋអាេមេរិក នៅក្នុងវិស័យនីមួយៗ។ ដើម្បីជម្រុញឱ្យវិស័យឧស្សាហកម្មថៃ បន្តដំណើរទៅមុខ និងមានភាពស្ថិតស្ថេរ វិនិយោគិនអន្តរជាតិ ត្រូវបានលើកទឹកចិត្តជាពិសេស តាមរយៈការធ្វើសប្បទានដីសេដ្ឋកិច្ច ដែលមានរយៈពេលរហូតដល់ទៅ ៩៩ ឆ្នាំ ដើម្បីធានាទៅដល់និរន្តរភាពនៃការវិនិយោគទាំងនោះ។

រដ្ឋាភិបាលថៃសង្ឃឹមថា ឆ្នាំ២០២២ ខាងមុខ គឺជាឱកាសក្នុងការស្ដារ និងសង្គ្រោះសេដ្ឋកិច្ចជាតិឡើងវិញ តាមរយៈការបើកទ្វារប្រទេសឡើងវិញ ក្នុងការស្វាគមន៍ភ្ញៀវទេសចរណ៍អន្តរជាតិ ដើម្បីសង្គ្រោះវិស័យទេសចរណ៍ ដែលបានខាតបង់រាប់សិបពាន់លានដុល្លារ គិតចាប់តាំងពីឆ្នាំ ២០២០ មក រួមជាមួយគោលនយោបាយថ្មី នៃការវិនិយោគវិស័យឧស្សាហកម្មនៅតាមច្រករបៀង ស្ថិតនៅភាគខាងកើតប្រទេសឱ្យកាន់តែប្រសើរឡើង ខណៈចន្លោះឆ្នាំ២០១៨ ទៅឆ្នាំ ២០២២ ទំហំវិនិយោគសរុប ស្ថិតនៅច្រករបៀងបានកើនឡើងក្នុងទំហំទឹកប្រាក់ប្រមាណ ១.៦ ទ្រីលានបាត ឬ USD ៤៨ ពាន់លានដុល្លារសហរដ្ឋអាមេរិក៕