អាវកាសយានិកចិន វិលត្រឡប់មកកាន់ផែនដីវិញដោយជោគជ័យ ក្រោយបេសកកម្ម ៣ ខែ នៅក្នុងលំហ

ប៉េកាំង៖ ក្រោយបញ្ចប់បេសកកម្មរបស់ខ្លួន នៅក្នុងលំហ ដែលគ្មានទំនាញផែនដី នៅទីបំផុត ក្រុមអាវកាសយានិកចិន ចំនួន ៣ រូប ដែលត្រូវបានបញ្ចូនទៅកាន់ស្ថានអាវកាស បានវិលត្រឡប់មកជាន់ភពផែនដីវិញ ដោយជោគជ័យហើយ ជាផ្លែផ្កា និងការបំបែកព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីមួយទៀតសម្រាប់ប្រទេសចិន ក្នុងការប្រកួតប្រជែងជាមួយបណ្ដាប្រទេសមហាអំណាចផ្សេងៗទៀត។

អាវកាសយានិក អស្ចារ្យ និងជាធនធានយ៉ាងសំខាន់របស់ប្រទេសចិន បានវិលត្រឡប់មកកាន់ភពផែនដី ដោយជោគជ័យហើយ កាលពីថ្ងៃសុក្រ កន្លងទៅនេះ តាមរយៈគ្រាប់ខាប់សុល (Capsule) នៅវេលាម៉ោង ១:៣៥ នាទីរសៀល ស្ថិតនៅតំបន់វាលខ្សាច់ Gobi ក្នុងកិច្ចស្វាគមន៍ និងអន្តរាគមន៍ពីសំណាក់ក្រុមសង្គ្រោះបន្ទាន់។ អាវកាសយានិកទាំង ៣ រូបនោះរួមមាន៖

១. លោក Nie Haisheng

២. លោក Liu Boming

៣. លោក Tang Hongbo

ប្រភពព័ត៌មានអន្តរជាតិជាច្រើនបានចេញផ្សាយអំពីជោគជ័យដ៏អស្ចារ្យមួយនេះរបស់ក្រុមអ្នកវិទ្យាសាស្ត្រចិន ដោយអាវកាសយានិកទាំង ៣ រូប ត្រូវបានបញ្ជាក់ថា មានសុខភាពធម្មតា ក្រោយបញ្ចប់បេសកកម្មរបស់ខ្លួនអស់រយៈពេល ៩០ ថ្ងៃនៅក្នុងស្ថានអាវកាស។ បេសកកម្មនោះ តម្រូវឱ្យអាវកាសយានិក ស្នាក់នៅក្នុងស្ថានីយអាវកាស Tiangong Space Station ហៅកាត់ថា TSS ក្នុងការធ្វើតេស្ដសាកល្បងបែបវិទ្យាសាស្ត្រជាច្រើន ក៏ដូចជាធ្វើការសិក្សាអំពីការធ្វើចលនានៅក្នុងលំហរ ដែលពុំមានទំនាញផែនដី។

រដ្ឋាភិបាលចិន ចាត់ទុកថា បេសកកម្មមួយនេះ គឺជាស្នាដៃដ៏ល្អ និងសំខាន់មួយ ក្នុងការវែងផ្លូវទៅកាន់ថ្ងៃអនាគតរបស់ក្រុមអ្នកវិទ្យាសាស្ត្រចិន ដើម្បីទទួលបានព័ត៌មានកាន់តែច្រើន សម្រាប់បន្តធ្វើការសិក្សាស្រាវជ្រាវ និងជាមធ្យោបាយឆ្ពោះទៅកាន់ថ្ងៃអនាគត ក្នុងការប្រកួតប្រជែងជាមួយដៃគូ។ តាមផែនការដែលបានគ្រោងទុក ភ្នាក់ងារអាវកាសចិន ត្រៀមបាញ់គ្រាន់រ៉ុកកែត (Rocket) ទៅកាន់ ស្ថានអាវកាសចំនួន ១១ ដង មុនឆ្នាំ ២០២៣ មកដល់ ដោយក្នុងនោះ មានការបាញ់បង្ហោះទៅកាន់ស្ថានអាវកាសចំនួន ៣ ដែលនាំទៅជាមួយនឹងអាវកាសយានិកចិន ដើម្បីបំពេញការងារពង្រីកស្ថានីយ៍ ដែលមានទម្ងន់ប្រមាណជា ៧០ តោន។

ការបញ្ចប់បេសកកម្មនេះ គឺជាផ្លែផ្កា ដែលអាចនាំមកនូវទិន្នន័យជាច្រើន ដែលចិនពុំធ្លាប់បានដឹងពីមុនមក បើទោះបីជាពេលនេះចិនកំពុងដើរតាមក្រោយអាមេរិក និងរុហ្ស៊ីក៏ពិតមែន តែចិនបានចំនាយទឹកប្រាក់រាប់សិបពាន់លានដុល្លារ ទៅលើការរុគរក និងស្រាវជ្រាវវិទ្យាសាស្ត្រនៅក្នុងលំហរអាកាសនោះ។ គួររំលឹកផងដែរថា អាវកាសយានិកចិនទាំង ៣ រូបខាងលើ បានហោះទៅកាន់ស្ថានអាវកាស កាលពីថ្ងៃទី១៧ ខែមិថុនាកន្លងទៅ៕