ព្រះរាជបុត្រា Salman ប្រកាសថា អារ៉ាប់នឹងក្លាយទៅជាប្រទេសគ្មានផ្សែងពុលនាឆ្នាំ២០៦០

RIYADH: ព្រះរាជបុត្រា Mohammed Bin Salaman បានប្រកាសជាផ្លូវការហើយថា អារ៉ាប់ បានដាក់ចេញគោលដៅ ធ្វើយ៉ាងណាប្រែក្លាយប្រទេសមួយនេះ ទៅជាប្រទេសគ្មានឧស្ម័នពុល នាឆ្នាំ ២០៦០ ខាងមុខនេះ ដោយងាកចេញពីការប្រើប្រាស់ថាមពល បង្កើតជាឧស្ម័នពុល ទៅជាថាមពលបៃតង បង្កើតឡើងចេញពីកម្លាំងកកើតឡើងវិញបាន។

ព្រះរាជបុត្រារបស់អារ៉ាប់ Mohammed Bin Salman មានបន្ទូល កាលពីថ្ងៃសៅរ៍កន្លងទៅថា អារ៉ាប់បានដាក់ចេញគោលការណ៍ ធ្វើយ៉ាងណាអាចកែប្រែប្រទេសមហាសេដ្ឋីប្រេងកាតមួយនេះ ឱ្យកា្លយទៅជាទៅជាប្រទេសគ្មានឧស្ម័នពុល នៅក្នុងឆ្នាំ ២០៦០ ខាងមុខ។ សេចក្ដីប្រកាសរបស់ទ្រង់ ត្រូវបានធ្វើឡើងក្នុងឱកាសថ្លែងសន្ទរកថា នៅក្នុងវេទិការគំនិតផ្ដួចផ្ដើមបៃតង របស់អារ៉ាប់ នៅទីក្រុង រីយ៉ាដ ក្រោមការចូលរួមពីសំណាក់ថ្នាក់ដឹកនាំជាតិកំពូលៗ ស្ថានប័ន អង្គការជាតិ និងអន្តរជាតិជាច្រើនផ្សេងទៀត។ 

ក្នុងឱកាសនោះផងដែរ រាជបុត្រា របស់អារ៉ាប់អង្គនេះ បានបញ្ជាក់អំពីជំហានទី១ របស់អារ៉ាប់ផងដែរ ក្នុងការឆ្ពោះទៅរកឆ្នាំ ២០៣០ ដោយធ្វើយ៉ាងណាកាត់បន្ថយការបំភាយឧស្ម័នពុលចូលទៅក្នុងបរិយកាសឱ្យបានក្នុងកម្រិតប្រមាណ ២៧៨ លានតោន ក្នុងមួយឆ្នាំ។ ផែនការនេះ នឹងបន្តជម្រុញឱ្យអារ៉ាប់ បន្តដំណើរទៅមុខ ឆ្ពោះទៅរកឆ្នាំ ២០៦០ ដោយធ្វើយ៉ាងណាឱ្យប្រទេសនេះប្រើប្រាស់ និងចាប់ផ្ដើមប្រើប្រាស់ថាមពលបៃតងកាន់តែច្រើនថែមទៀត តាមរយៈការដាំដើមឈើឱ្យបាន ៤៥០ លានដើម។

ជាមួយគ្នានោះដែរ តាមការបញ្ជាក់របស់រាជបុត្រាអារ៉ាប់ បានឱ្យដឹងទៀតថា ដើម្បីលើកកម្ពស់ និងបង្កើនកិច្ចការពារបរិស្ថាន អារ៉ាប់ នឹងពង្រឹងការការពារបរិស្ថានលើដៃ សមុទ្រ ឆ្នេរសមុទ្រ ឆ្នេរខ្សាច់ឱ្យាកាន់តែប្រសើរឡើងថែមមួយកម្រិតទៀត។ មិនតែប៉ុណ្ណោះ អារ៉ាប់ នឹងចូលរួមជាអង្គការសម្ព័ន្ធមហាសមុទ្រពិភពលោក (Global Ocean Alliance) ក្នុងការបង្កើតជាមូលនិធិរុករកមហាសមុទ្រ និងប្រកាសអំពីគំនិតផ្ដួចផ្ដើមនានា រួមទាំងមជ្ឈមណ្ឌលសកលសម្រាប់និរន្តរភាព នៃវិស័យទេសចរណ៍ផងដែរ។

តាមរយៈការតម្រង់ទិសប្រទេសឆ្ពោះទៅរកប្រទេសគ្មានផ្សែងពុលរបស់អារ៉ាប់នេះ នឹងនាំមកនូវផលប្រយោជន៍ជាច្រើន និងបង្កើតឱកាសក្នុងការវិនិយោគសម្រាប់វិស័យឯកជន ក៏ដូចជាទីផ្សារការងារសម្រាប់មនុស្សជាតិជំនាន់ក្រោយ ដើម្បីបន្តដឹកនាំប្រទេសមួយនេះតទៅមុខ ហើយក៏នឹងពង្រឹងទំនាក់ទំនងការទូត ទាំងនោះក្នុងតំបន់ និងជាអន្តរជាតិផងដែរ។ រដ្ឋមន្ត្រីក្រសួងថាមពលរបស់អារ៉ាប់ លោក  Abdulaziz bin Salman ជឿជាក់ថា ការចាប់ផ្ដើមរបស់អារ៉ាប់ ក្នុងការដើរទៅរកប្រទេសគ្មានផ្សេងពុលនេះ អាចនឹងកើតមានឡើងមុនឆ្នាំ ២០៦០ ទៅទៀត ដោយសារតែការរីកចំរើននៃបច្ចេកវិទ្យាទំនើប។

ស្ថិតក្នុងកិច្ចចាប់ផ្ដើមនេះ អារ៉ាប់ នឹងចំនាយថវិការប្រមាណជា ១៨.៦ ពាន់លានដុល្លារអាមេរិក ដើម្បីប្រើប្រាស់ក្នុងការរៀបចំ ចាត់ចែង និងវិនិយោគ ហើយនឹងបន្តចំនាយថវិការជាតិជាបន្តបន្ទាប់ទៀត ធ្វើយ៉ាងណាឱ្យសម្រេចដល់គោលដៅ ដែលបានគ្រោងទុក៕