ចិន ប្រកាសលុបបំបាត់ការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល ឱ្យបាន ២០% នាឆ្នាំ ២០៦០

ប៉េកាំង៖ ប្រទេសចិន បានបង្ហាញអំពីមហិច្ឆតារបស់ខ្លួនរួចហើយ ក្នុងដំណើរឆ្ពោះទៅរកប្រទេសគ្មានផ្សេងពុល ដែលនឹងប្រឈមមុខជាមួយបញ្ហាជាច្រើនរាប់មិនអស់។ បើទោះបីជាមានឧបសគ្គយ៉ាងណាក្ដី ចិនក៏មានគោលដៅ សម្រាប់ដើរទៅរកពេលវេលា ដែលខ្លួនបានគ្រោងទុកផងដែរ ដោយធ្វើយ៉ាងណាកាត់ផ្ដាច់ការប្រើប្រាស់ថាមពុល បង្កើតចេញពីធ្យូងថ្ម (ហ្វូស៊ីល) ឱ្យបាន ២០% នាឆ្នាំ ២០៦០។

រដ្ឋាភិបាលចិន បានដាក់ចេញនូវមហិច្ឆតារបស់ខ្លួនហើយ ក្នុងការកាត់បន្ថយការបំភាយឧស្ម័នពុលចូលទៅក្នុងបរិយាកាស ដែលជាការរួបរួមគ្នា ដើរក្នុងផ្លូវតែមួយជាមួយបណ្ដាប្រទេសជាអន្តរជាតិផ្សេងៗទៀត ដើម្បីឆ្លើយតបទៅនឹងបញ្ហាបម្រែបម្រួលអាកាសធាតុបច្ចុប្បន្ន និងទៅកាន់ថ្ងៃអនាគត។ យោងតាមសេចក្ដីប្រកាសជាផ្លូវការរបស់រដ្ឋាភិបាលចិន កាលពីថ្ងៃទី២៤ ខែតុលា កន្លងទៅនេះ បានឱ្យដឹងថា ចិននឹងកាត់ផ្ដាច់ការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល (Fossil Fuel) ឱ្យបាន ២០% នាឆ្នាំ ២០៦០។

សេចក្ដីប្រកាសកាលពីថ្ងៃអាទិត្យ កន្លងទៅនេះបានបង្ហាញអំពីការដាក់ចេញនូវគោលដៅរបស់រដ្ឋាភិបាលចិន ក្នុងការកាត់បន្ថយការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល ឆ្ពោះទៅរកប្រទេសគ្មានផ្សេងពុល ស្របតាមគោលនយោបាយជាតិរបស់លោក Xi Jingping ប្រធានាធិបតីចិន។ ក្នុងចំនោមគោលដៅទាំងនោះ រដ្ឋាភិបាលចិនបានធ្វើសេចក្ដីសន្និដ្ឋានថា ការប្រើប្រាស់ថាមពលលើផ្ទៃប្រទេស ដែលមិនមែនចេញពីឥន្ធនៈហ្វូស៊ីល នឹងកើនឡើងដល់ ២៥% នាឆ្នាំ ២០៣០ ខាងមុខ ដើរតាមចក្ខុវិស័យរបស់រដ្ឋាភិបាល ដែលបានគ្រោងទុក។

ការចាប់ផ្ដើមកាត់បន្ថយការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល នៅចិន នេះ បានកំពុងចោទឡើងជាបញ្ហាប្រឈមមួយចំនួនផងដែរ ដូចជាកង្វះខាតថាមពលជាដើម តែនៅពេលគោលដៅចូលដល់ឆ្នាំ ២០៣០ រដ្ឋាភិបាលចិនព្យាករថា ការបំភាយឧស្ម័នពុលចូលទៅក្នុងបរិយាកាស នឹងធ្លាក់ចុះបាន ៦៥% បើប្រៀបធៀបទៅនឹងកម្រិត និងបរិមាណ នៃការបំភាយឧស្ម័នពុល ក្នុងឆ្នាំ ២០០៥ ។ ការធ្លាក់ចុះនោះ ក៏នាំមកនូវការផលិត និងការប្រើប្រាស់ថាមពលបៃតង ចេញពីផ្ទាំងសូឡា ដែលអាចនឹងផ្គត់ផ្គង់ថាមពល់រហូតដល់ទៅ ១.២ ពាន់លានគីឡូវ៉ាត់ ឯណោះ ដោយនៅមិនទាន់រាប់បញ្ចូលកម្លាំងខ្យល់ វារីអគ្គិសនីនៅឡើយ។

ការដាក់ចេញនូវមហិច្ឆតានេះ ចិនអាចនឹងប្រឈមមុខនឹងបញ្ហាជាច្រើន ព្រោះថាបច្ចុប្បន្នថាមពលអគ្គិសនី ចេញពីរោងចក្រធ្យូងថ្មបានកំពុងផ្គត់ផ្គង់ថាមពលទៅដល់ប្រជាពលរដ្ឋចិនរាប់រយលាននាក់ ក្នុងអត្រា ៦០% នៃកម្លាំងថាមពលសរុបលើផ្ទៃប្រទេស។ ការកាត់បន្ថយការប្រើប្រាស់ធ្យូងថ្ម ទម្លាក់តម្លៃ អាចនឹងមិនកើតមានឡើងឆាប់ៗនេះនោះទេ តែអាចនឹងធ្វើឡើងនាឆ្នាំ ២០២៦ ខាងមុខ ដែលចិនត្រូវចំនាយពេលសិក្សា និងវិនិយោគ អំពីផែនការនាឆ្នាំ ២០៣០ របស់ខ្លួន៕