ឧស្សាហកម្មស៊ីម៉ងត៍ និងបេតុងមានផែនការបញ្ឈប់ការបំភាយឧស្ម័ននៅត្រឹមឆ្នាំ ២០៥០

ក្រុមហ៊ុនផលិតស៊ីម៉ងត៍ និងបេតុងអន្តរជាតិឈានមុខគេចំនួន ៤០ បានប្រកាសចេញផែនការលុបចោលការបញ្ចេញកាបូនចេញពីឧស្សាហកម្មរបស់ខ្លួនដែលជាប្រភពបំពុលបរិយាកាសធំបំផុតមួយរបស់ពិភពលោក។ ការប្តេជ្ញាចិត្តនេះត្រូវបានផ្ដួចផ្ដើមឡើងដោយសមាជិកនៃសមាគមឧស្សហកម្មផលិតស៊ីម៉ងត៍ និងបេតុងសកល (GCCA) ។ ជាមួយគ្នានេះ ក្នុងនោះមានសមាជិកតំណាងឱ្យឧស្សាហកម្មផលិតស៊ីម៉ងត៍ជិត ៨០ ភាគរយនៅខាងក្រៅប្រទេសចិនបានចូលរួម។

តាមការបញ្ជាក់ផែនការនេះនឹងត្រូវបោះពុម្ពផ្សាយជាសាធារណៈមុនសន្និសីទអាកាសធាតុ COP26 នៅខែក្រោយ ដែលវាជាផែនទីបង្ហាញផ្លូវមួយ រួមបញ្ចូលទាំងការសន្យាអំពីកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់រហូតដល់ ២៥ ភាគរយនៅត្រឹមឆ្នាំ ២០៣០ ហើយគេរំពឹងទុកថាការបញ្ចេញឧស្ម័នកាបូនិកប្រមាណ ៥ ពាន់លានតោននឹងត្រូវបានកាត់បន្ថយ។

កាលពីដើមឆ្នាំនេះក្រុមហ៊ុន HeidelbergCement បានប្រកាសពីផែនការលុបបំបាត់ការបញ្ចេញកាបូនចេញពីរោងចក្រមួយនៅប្រទេសស៊ុយអែតផងដែរ ដើម្បីធ្វើឱ្យប្រសើរឡើង ស្របពេលដែលមានការបង្កើតរោងចក្របច្ចេកវិទ្យាដែលអាចចាប់យកការបញ្ចេញកាបូនពីបរិយាកាស។ ឧស្សាហកម្មផលិតស៊ីម៉ងត៍ត្រូវបានគេចាត់ទុកថាបានចូលរួម ៧ ភាគរយនៃការបំភាយឧស្ម័នកាបូនិករបស់ពិភពលោក។ ដូច្នេះផែនការនៃការលុបបំបាត់ការបំភាយឧស្ម័ននៅឆ្នាំ ២០៥០ នេះត្រូវបានកំណត់ ៧ ជំហានដើម្បីសម្រេចបាន។

គួរបញ្ជាក់ផងដែរថា ឧស្សាហកម្មផលិតស៊ីម៉ងត៍គឺជាប្រភពដ៏ធំមួយនៃការបញ្ចេញឧស្ម័នកាបូនភាគច្រើន ដោយសារវាពឹងផ្អែកលើក្លិនឃឺដែលផលិតពីកំទេចថ្មកំបោរ។ ដំណើរការនេះបំបែកកាល់ស្យូមដែលជាធាតុផ្សំសំខាន់នៅក្នុងស៊ីម៉ងត៍ពីកាបូនដែលត្រូវបានបញ្ចេញទៅក្នុងបរិយាកាស។ ការបំភាយឧស្ម័នត្រូវបានបង្កើតឡើងផងដែរដោយកំដៅឡភ្លើងឱ្យលើសពី ១០០០ អង្សាសេដើម្បីដំណើរការថ្មកំបោរ។