នាយកប្រតិបត្តិរបស់ក្រុមហ៊ុនវេជ្ជសាស្ត្រ Moderna ធ្វើការព្យាករណ៍ទៅលើស្ថានភាពកូវីដ-១៩ ថាតើពេលណាវាអាចនឹងបញ្ចប់ ហើយមកពីមូលហេតុអ្វី!

នាយកប្រតិបត្តិក្រុមហ៊ុនវេជ្ជសាស្ត្រ Moderna លោក Stéphane Bancel ជឿជាក់ថា យើងកំពុងសម្លឹងមើលរយៈពេលចន្លោះពី ១២ ទៅ ១៨ ខែទៀត ដែលកូវីដ-១៩ នៅតែបន្តរារាំងការរស់នៅបែបប្រក្រតី និងសុខសុវត្ថិភាពរបស់មនុស្សលោក ហើយទោះបីជាបន្ទាប់ពី ១៨ ខែទៀត វាអាចស្ថិតក្នុងកម្រិតនៃមេរោគមួយ ដែលមិនសូវជាធ្ងន់ធ្ងរខ្លាំងដូចពីមុន ប៉ុន្តែវានឹងនៅតែបន្តមានវត្តមាននៅជុំវិញពិភពលោក ជារៀងរហូតតែម្តង។

នៅព្រឹត្តិការណ៍ HIMSS21 សន្និសីទសុខភាពពិភពលោក ដែលបានប្រព្រឹត្តទៅនៅទីក្រុង Las Vegas ថ្មីៗនេះលោក Bancel បានធ្វើការព្យាករណ៍ថា ការបន្តចាក់វ៉ាក់សាំងជម្រុញប្រព័ន្ធភាពស៊ាំប្រឆាំងមេរោគ អាចក្លាយជាផ្នែកមួយនៃជីវិត សម្រាប់ពេលអនាគត ដែលអាចមើលឃើញថាមិនខុសពីជម្ងឺគ្រុនផ្តាសាយធ្ងន់ធ្ងរដែលតែងតែកើតមានឡើងនៅរដូវរងារឡើយ (annual winter flu & flu shots)។ 

លោក Bancel បានមានប្រសាសន៍ថា “មេរោគនេះ នឹងមិនទៅណាឆ្ងាយពីភពផែនដីទេ។ ដំណឹងល្អនោះគឺថា វ៉ាក់សាំងនឹងកាន់តែមានប្រសិទ្ធភាពល្អ ក្នុងការការពារការធ្លាក់ខ្លួនចូលមន្ទីរពេទ្យ និងប្រឈមនឹងស្ថានភាពនៃកម្រិតជម្ងឺធ្ងន់ធ្ងរ។”

ការលេចចេញនូវប្រភេទបំលែងថ្មីនៃកូវីដ-១៩ ដែលអាចចម្លងបានកាន់តែច្រើននិងកាន់តែលឿន គឺជាមូលហេតុចម្បងដែលយើងមិនអាចលុបបំបាត់ជម្ងឺនេះបានទាំងស្រុងនោះឡើយ។ ឥឡូវនេះប្រភេទបំលែងថ្មី Delta របស់កូវីដ-១៩ ដែលងាយស្រួលរីករាលដាលកាន់តែលឿន គឺជាប្រភេទនៃវីរុសដែលជះឥទ្ធិពលខ្លាំងជាងគេនៅសហរដ្ឋអាមេរិក។

 

កូវីដ-១៩ ទំនងជាមានភាគល្អិតដែលងាយនឹងពង្រីកខ្លួន 

កូវីដ-១៩ ទំនងជាបង្ហាញថាជាមេរោគដែលមានភាគល្អិត ងាយពង្រីក និងបំបែកខ្លួន ដែលមានន័យថា វានឹងមានវត្តមានគ្រប់ពេលវេលា តាមសមត្ថភាពណាមួយ។ នោះមិនមានន័យថា វានឹងបន្តរំខានដល់ជីវិតធម្មតាដែលអ្នករស់នៅ ត្រឹមកម្រិតដែលវាកំពុងតែមានសកម្មភាពឥឡូវនេះទេ វាអាចនឹងបន្តបំបែកខ្លួន និងបង្កើតចេញប្រភេទបំលែងថ្មីៗជាបន្តទៀត។ ជាការចាប់ផ្តើម ការចាក់វ៉ាក់សាំងជាបន្តបន្ទាប់ ឬចាក់ជម្រុញបន្ថែមក្នុងពេលវេលាកំណត់ណាមួយ នឹងធានាថាករណីភាគច្រើននៃកូវីដ-១៩ នឹងមិនបណ្តាលឱ្យមនុស្សអាចនឹងធ្លាក់ខ្លួនឈឺធ្ងន់ចូលមន្ទីរពេទ្យ ឬអាចស្លាប់នោះទេ។

 

លើសពីនេះ វានឹងជួយកាត់បន្ថយចំនួនអ្នកជម្ងឺក្នុងមន្ទីរពេទ្យ និងអត្រាមរណភាព មានន័យថាអ្នកដែលមានបទពិសោធន៍ធ្ងន់ធ្ងរនៃជម្ងឺកូវីដ-១៩ នឹងអាចទទួលបានការថែទាំព្យាបាលត្រឹមត្រូវ ព្រោះប្រព័ន្ធសុខាភិបាលនឹងមិនត្រូវបានគ្របដណ្តប់បានគ្រប់គ្រាន់ ដូចអ្វីដែលពួកគេមាន ក្នុងកំឡុងពេលដំបូងនៃជម្ងឺរាតត្បាតចាប់ផ្ទុះឡើងនោះទេ។

 

អ្វីដែលត្រូវកើតឡើង ដើម្បីធ្វើឱ្យកូវីដអាចគ្រប់គ្រងបាន

 

មិនមានមតិឯកច្ឆន្ទដ៏ច្បាស់លាស់ណាមួយ ស្តីពីការដែលផ្តល់ដូសជម្រុញ (ដូសទី ៣) នឹងដើរតួចម្បង ក្នុងការស្តារប្រទេសជាតិណាមួយ ឲ្យជៀសផុតពីកូវីដ-១៩ នៅឡើយ។ ខណៈពេលដែលអ្នកជំនាញខាងវេជ្ជសាស្ត្រខ្លះ ជឿជាក់ថាបើមិនដូច្នេះទេ ប្រជាជនដែលមានសុខភាពល្អ គួរតែទទួលបានការចាក់ដូសជម្រុញប្រហែល ៦ ខែ បន្ទាប់ពីចាក់រួចទាំងពីរដូស ឬអ្នកផ្សេងទៀតដែលបានដុះអង្គបដិប្រាណតាមទម្រង់ធម្មជាតិហើយ ឬជាភាពស៊ាំទៅនឹងមេរោគដែលធ្លាប់បានកើតឡើង បន្ទាប់ពីបានជាសះស្បើយរួច។

របាយការណ៍ថ្មីមួយពី medRviv បានបង្ហាញថា ប្រព័ន្ធភាពស៊ាំដែលមានពីធម្មជាតិ អាចផ្តល់នូវការការពារកាន់តែខ្លាំងប្រឆាំងនឹងកូវីដ-១៩ ប្រភេទ Delta ជាងវ៉ាក់សាំងជំនួយទៀតផង។ ការសិក្សាមួយបានបង្ហាញថា អ្នកជម្ងឺដែលមិនបានចាក់វ៉ាក់សាំង ហើយបានឆ្លងវីរុសកូរ៉ូណា រួចក៏ជាសះស្បើយវិញនោះ មិនត្រឹមតែត្រូវបានគេសង្ស័យថាមានអង្គបដិប្រាណ អាចការពារប្រឆាំងនឹងកូវីដ-១៩ ក្នុងរយៈពេលយូរ ជាងអ្នកដែលមាន “ប្រព័ន្ធភាពស៊ាំដែលបង្កើតឡើងដោយការចាក់វ៉ាក់សាំងពេញពីរដូស” នោះទេ ប៉ុន្តែពួកគេក៏អាចមានឱកាសតិចបំផុតដែរ ក្នុងការបង្ហាញរោគសញ្ញានៃជម្ងឺនេះ ឬអាចធ្លាក់ខ្លួនឈឺធ្ងន់ និងត្រូវបញ្ជូនទៅមន្ទីរពេទ្យ នៅពេលមានការឆ្លងឡើងវិញឡើយ។

ដោយមានការប្រុងប្រយ័ត្នជាងនេះ អ្នកនិពន្ធនៃរបាយការណ៍ដដែលនេះ និយាយថា អ្នកដែលបានចាក់វ៉ាក់សាំងរួច នៅតែមានឱកាសឆ្លងករណីនៃជម្ងឺកូវីដ-១៩ ប្រមាណ ២៧ ដង ច្រើនជាងអ្នកដែលមានប្រព័ន្ធការពារកូវីដ-១៩ ដែលដុះចេញពីធម្មជាតិ។

ដោយឡែក មជ្ឈមណ្ឌលគ្រប់គ្រងនិងការពារជម្ងឺឆ្លង (CDC - Centers for Disease Control) បានបោះពុម្ពផ្សាយទិន្នន័យ ដែលបង្ហាញពីចំនួនប្រជាជនដែលបានចាក់វ៉ាក់សាំងពេញលេញ ហើយនៅតែឆ្លងមេរោគកូវីដ-១៩ មានភាគល្អិតនៃមេរោគប្រហាក់ប្រហែលគ្នានៅក្នុងបំពង់ក និងច្រមុះរបស់ពួកគេ ដូចទៅនឹងបុគ្គលដែលមិនបានចាក់វ៉ាក់សាំងការពារដែរ។ នេះមានន័យថាមនុស្សដែលត្រូវបានចាក់វ៉ាក់សាំងពេញលេញ នៅតែអាចចែកចាយ Delta variant ដល់អ្នកដទៃដដែល។

បញ្ហាដែលពឹងផ្អែកលើ ប្រព័ន្ធភាពស៊ាំដែលដុះពីធម្មជាតិដោយខ្លួនឯង ជាចម្លើយនិងដំណោះស្រាយដ៏មានអត្ថន័យ ចំពោះភាគល្អិតនៃវីរុស ដែលនឹងកើតមានជាពិសេសលើករណីកូវីដ-១៩ ថ្មីៗ។ យ៉ាងណាក៏គ្មានវិធីណាមួយដើម្បីដឹងហួស ពីការសង្ស័យសមហេតុផលថា តើប្រព័ន្ធភាពស៊ាំដែលមានពីធម្មជាតិនោះ នឹងបង្ហាញយ៉ាងដូចម្តេច នៅក្នុងខ្លួនមនុស្សមិនចាក់វ៉ាក់សាំងនោះដែរ។ នេះជាការពិតមួយ ជាពិសេសដោយសារមេរោគនេះ នៅតែបន្តផ្លាស់ប្តូរទម្រង់នៃការបំលែងថ្មីៗ ទៅតាមពេលវេលារបស់វា។

 

ស្ថានភាពនៃការចាក់វ៉ាក់សាំងដូសជម្រុញ

 

គិតមកដល់ពេលនេះ ការចាក់វ៉ាក់សាំងដូសជម្រុញប្រភេទ Pfizer/BioNTech COVID-19 អាចត្រូវបានគ្រប់គ្រងជាផ្លូវការ ចំពោះមនុស្សពេញវ័យ ដែលងាយរងផលប៉ះពាល់ ដោយមិនអាស្រ័យលើអាយុ និងប្រវត្តិវេជ្ជសាស្ត្រពីមុនមកឡើយ។

ទោះយ៉ាងណានាយកគ្រប់គ្រងរបស់ CDC លោកស្រីវេជ្ជបណ្ឌិត Rochelle Walensky ចង់ពង្រីកក្រុមបេក្ខជន ដែលមានសិទ្ធិទទួលបានវ៉ាក់សាំងដូសជម្រុញ ដោយរួមបញ្ចូលអ្នកដែលមានអាយុចន្លោះពី ១៨ ទៅ ៦៤ ឆ្នាំ ដែលមានហានិភ័យខ្លាំងនៃជម្ងឺកូវីដ ១៩ ដោយសារតែកន្លែងធ្វើការរបស់ពួកគេតម្រូវឲ្យជួបមនុស្សច្រើន ក៏ដូចជាបុគ្គលិកសុខាភិបាល ដែលត្រូវថែទាំអ្នកជម្ងឺជាដើម។ 

គួរបញ្ជាក់ផងដែរថា ថ្វីបើការផ្តល់វ៉ាក់សាំងដូសជម្រុញទី ៣ នៅមិនទាន់បានអនុម័តបានទូលំទូលាយក៏ដោយ តែមានប្រទេសមួយចំនួនរួចមកហើយ ដែលបានបើកយុទ្ធនាការផ្តល់ដូសជម្រុញនេះ នៅតាមប្រទេសរបស់ពួកគេ។