ទីបំផុតបណ្ណាល័យជាតិរបស់ប្រទេសបារាំងត្រូវបានបញ្ចប់ការជួសជុលបន្ទាប់ពីរយៈពេល ១០ ឆ្នាំ

អតីតបណ្ណាល័យជាតិមួយរបស់ប្រទេសបារាំង Bibliotheque du Roi ដែលមានទីតាំងនៅជិតព្រះបរមរាជវាំង Palais ទីបំផុតបានបញ្ចប់ការសាងសង់រួចរាល់ទាំងស្រុងហើយ បន្ទាប់ពីមានការជួសជុលអស់រយៈពេលជិត ១០ ឆ្នាំ។ ដោយសារតែបណ្ណាល័យជាតិមួយនេះមានអាយុកាលជាង ៣០០ ឆ្នាំមកហើយ ដូច្នេះមានផ្នែកជាច្រើនតម្រូវឲ្យមានការជុសជុល រួមមានការជួសជុលផ្នែកខាងមុខ ការកែលម្អរសួនច្បារខាងក្នុង និងការជុសជុលគ្រឿងបរិក្ខារផ្សេងៗជាដើម។

តាមការបញ្ជាក់ គម្រោងដែលត្រូវបានជុសជុលនេះមិនមែនមានទាំងបណ្ណាល័យមួយប៉ុណ្ណោះទេ តែក៏ត្រូវជុសជុលសារមន្ទីរនៅក្នុងនោះផងដែរ។ លើសពីនេះ គម្រោងជុសជុសនេះបានបន្តការសាងសង់បរិវេណសាលាដ៏ធំមួយសម្រាប់ការបង្ហាញសិល្បៈប្រវត្តិសាស្ត្រ និងបេតិកភណ្ឌជាតិ ហើយព្រមទាំងផ្តល់ឱ្យអ្នកទស្សនានូវកន្លែងសម្រាប់ដើរកំសាន្តទៀតផងដែរ។ ចំពោះឯកសារក្នុងបណ្ណាល័យជាច្រើនជាង ២០ លានឯកសារក៏ត្រូវបានជុសជុលឡើងវិញផងដែរ។ យោងតាមគេហទំព័រ Archdaily ត្រូវបានឲ្យដឹងថាបណ្ណាល័យជាតិមួយនេះអាចនឹងបើកជាសាធារណៈនៅរដូវក្តៅឆ្នាំ ២០២២ ។

សម្រាប់បរិវេណបណ្ណាល័យជាតិ និងសារមន្ទីនេះមានប្រវែង ៥៨.០០០ម៉ឺនម៉ែត្រការ៉េនៃផ្ទៃដីសរុប ហើយប្រហែលជា ៣០,០០០ ម៉ែតការ៉េត្រូវបានជួសជុលរួចរាល់ក្នុងរយៈពេល ១០ ឆ្នាំ។ ដំណាក់កាលដំបូងនៃការជុសជុលត្រូវបានធ្វើឡើងពីឆ្នាំ ២០១១ ដល់ឆ្នាំ ២០១៦ រួមមានការជួសជុលពាក់កណ្តាលនៃអាគារ។ ចាប់ពីឆ្នាំ ២០១៧ ដល់ឆ្នាំ ២០២១ ការងារជួសជុលត្រូវបានធ្វើឡើងបានពាក់កណ្តាលទៀតនៃអាគារ។

គួរបញ្ជាក់ផងដែរថា ការងារជុសជុលលើបណ្ណាល័យគឺជាគម្រោងមួយក្នុងចំណោមគម្រោងធំ ៗ ដែលដឹកនាំដោយក្រសួងវប្បធម៌ និងទំនាក់ទំនងរបស់ប្រទេសបារាំងដោយមានការគាំទ្រពីក្រសួងអប់រំជាតិឧត្តមសិក្សា និងស្រាវជ្រាវ។ ចំណែកឯ ស្ថាបត្យករដែលទទួលបន្ទុកលើការជួសជុលគឺ Atelier Bruno Gaudin រួមជាមួយ EGIS, និងCASSO។