ថ្នាក់ដឹកនាំជាង ១០០ ប្រទេស ប្ដេជ្ញាបញ្ឈប់ការកាប់បំផ្លាញព្រៃឈើ ដើម្បីសង្គ្រោះផែនដីពីកម្ដៅ និងគ្រោះធម្មជាតិ

ស្កុតឡែន៖ ស្ថិតក្នុងកិច្ចប្រជុំកំពូល COP លើកទី ២៦ ក្រោមកិច្ចរៀបចំដោយអង្គការសហប្រជាជាតិ ថ្នាក់ដឹកនាំជាច្រើន បានសម្រេចដោយប្ដេជ្ញាចិត្ត ក្នុងការបញ្ឈប់ឱ្យបាននូវការកាប់បំផ្លាញព្រៃឈើក្នុងពិភពលោកឱ្យបានជាអតិបរមា ដោយជំនួសមកវិញនូវការថែរក្សា ដាំថ្មីបន្ថែម ឆ្ពោះទៅកាន់ឆ្នាំ ២០៣០ ដើម្បីកាត់បន្ថយបញ្ហាបម្រែបម្រួលអាកាសធាតុ ទប់ស្កាត់គ្រោះធម្មជាតិជាដើម។

ថ្នាក់ដឹកនាំច្រើនជាង ១០០ ប្រទេសបានសម្រេចឯកភាពគ្នា ក្នុងកិច្ចប្រជុំ COP លើកទី២៦ កាលពីពេលថ្មីៗកន្លងទៅនេះ ដោយរួបរួមគ្នា ក្នុងការបញ្ឈប់ការកាប់បំផ្លាញព្រៃឈើទោះក្នុងរូបភាព កាប់ព្រៃយកឈើដើម្បីលក់ ឬកាប់បំផ្លាញព្រៃក្នុងគោលដៅយកដីប្រើប្រាស់ ឬដាំដំណាំក៏ដោយ។ ការសម្រេចនេះ ត្រូវបានធ្វើឡើងដោយមូលមតិ ធ្វើយ៉ាងណារក្សាព្រៃឈើពិភពលោកឱ្យបានគង់វង្ស និងលើកទឹកចិត្តឱ្យមានការដាំដើមឈើបន្ថែម ថែរក្សា និងការពារ ឆ្ពោះទៅកាន់ឆ្នាំ ២០៣០ ខាងមុខ។

សេចក្ដីប្រកាសរួម ក្រោមការប្ដេជ្ញាចិត្តពីសំណាក់ថ្នាក់ដឹកនាំជាច្រើននោះ ក៏មានការចូលរួមជាពិេសសពីសំណាក់ថ្នាក់ដឹកនាំប្រទេសប្រេស៊ីល ឥណ្ឌូនេស៊ី និងសាធារណរដ្ឋកុងហ្គោ ផងដែរ ដោយ ៣ ប្រទេសនេះប្រមូលផ្ដុំគ្នា មានព្រៃឈើប្រមាណជា ៨៥% នៃចំនួនព្រៃឈើសរុបរបស់ពិភពលោកទាំងមូល។ ដើម្បីបញ្ឈប់ការកាប់ព្រៃឈើនៅតាមតំបន់ព្រៃជាច្រើន វិទ្យាស្ថានហិរញ្ញវត្ថុ មូលនិធិអន្តរជាតិជាច្រើន នឹងជម្រុញ និងជ្រុំជ្រែងក្នុងការផ្ដល់ជាជំនួយហិរញ្ញប្បទានក្នុងទំហំទឹកប្រាក់ទ្រីលានដុល្លារអាមេរិក ដើម្បីផ្ដល់ជូនបណ្ដាប្រទេសជាច្រើន ពិសេសគឺប្រទេសកំពុងអភិវឌ្ឍ ដែលធ្វើយ៉ាងណារក្សាព្រៃឈើឱ្យបានល្អប្រសើរ។  

លោក Boris Johnson នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស បានឱ្យដឹងថា សេចក្ដីប្រកាសរួមនេះ គឺនឹងផ្ដល់ឱកាសឱ្យយើង ក្នុងការបញ្ចប់ការកាប់បំផ្លាញព្រៃឈើកើតចេញពីសកម្មភាពរបស់មនុស្ស ហើយយើងប្ដេជ្ញាចិត្តក្នុងការការពារព្រៃឈើ ដែលជាសម្បត្តិធម្មជាតិដ៏សំខាន់បំផុតមួយ ក្នុងការស្រូបយកឧស្ម័នពុលដ៏មានប្រសិទ្ធភាពរបស់ផែនដី សម្រាប់ជាប្រយោជន៍នៃអនាគតរបស់មនុស្សជាតិជំនាន់ក្រោយ។ យើងទាំងអស់គ្នាគាំទ្រ ក្នុងការអភិវឌ្ឍន៍ប្រកបដោយចីរភាព ដែលនឹងពង្រឹងជីវភាពរស់នៅក្នុងសហគមន៍ ជាពិសេសជនជាតិដើមភាគតិច និងស្ត្រីជាដើម។

គួរបញ្ជាក់ថា ព្រៃឈើក្នុងពិភពលោកដើរតួនាទីយ៉ាងសំខាន់ ក្នុងនោះឧស្ម័នពុលប្រមាណ ៣០% ត្រូវបានស្រូបដោយព្រៃឈើ និងផលិតជាអុកស៊ីសែនចូលមកកាន់ផែនដីវិញ តែត្រូវបានបាត់បង់អស់យ៉ាងច្រើនសរុបប្រមាណជា ២៥៨ សែនម៉ែត្រការ៉េ ដោយសារតែបញ្ហាភ្លើងឆេះព្រៃនាឆ្នាំ ២០២០ កន្លងទៅ នេះបើយោងតាមទិន្នន័យប្រមូលបានដោយអង្គការ WRI។ ការរួបរួមគ្នាទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ គឺជាការសម្រេចចិត្តដ៏សំខាន់មិនអាចមើលរំលងបាន ព្រោះព្រៃឈើជាប្រភពទឹកភ្លៀង ជារបាំងការពារគ្រោះធម្មជាតិ និងជួយកាត់បន្ថយកម្ដៅរបស់ផែនដីថែមទៀតផង៕