ផ្លូវតភ្ជាប់រង្វង់មូលស្ទឹងហាវ ទៅកំពង់ផែក្រុងព្រះសីហនុ សម្រេចការងារបានជាង ៤០%

កំណាត់ផ្លូវខេត្តលេខ ១៤៨ ដែលមានប្រវែងប្រមាណ ១៨,៦៧៥ ម៉ែត្រ គិតចាប់ពីរង្វង់មូលស្ទឹងហាវ ទៅកាន់កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ សម្រេចការងារសាងសង់បានប្រមាណ ៤០.៨៩% មកមកហើយ ដោយលឿនជាងផែនការ ១.៥% ដែលគម្រោងនេះត្រូវបានម៉ៅការសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) និងបានបើកការដ្ឋានកាលពីខែមេសា ឆ្នាំ២០២០ កន្លងទៅ ដោយគ្រោងប្រើប្រាស់រយៈពេល ២៨ ខែដើម្បីបញ្ចប់។

ផ្លូវបេតុងកម្រិតខ្ពស់មួយខ្សែនេះ គឺជាផ្លូវវាងក្រុងមួយដ៏មានសក្ដានុពលសម្រាប់បម្រើការដឹកជញ្ជូនទំនិញចេញ-ចូលតាម នាវា កសិផល និងជលផលរបស់បងប្អូនប្រជាពលរដ្ឋនៅស្រុកស្ទឹងហាវ ក៏ដូចជាបងប្អូនរស់នៅតំបន់ទំនប់រលកចាស់ នៃក្រុងព្រះសីហនុទៅកាន់ផ្សារ កាន់តែងាយស្រួល ឆាប់រហ័ស និងចំណាយតិច ហើយក៏ចូលរួមកាត់បន្ថយការកកស្ទះចរាចរណ៍យានយន្ដដឹកជញ្ជូនទំនិញធុនធ្ងន់តាមផ្លូវជាតិលេខ៤ ផងដែរ។ ហេតុនេះហើយទើប ក្រសួងសាធារណការ និងដឹកជញ្ជូន បានស្ថាបនាផ្លូវខេត្តលេខ ១៤៨ នេះឡើងក្រោមថវិកាសន្សំរបស់ជាតិ ដោយស្ថាបនាក្រាលបេតុងសរសៃដែកប្រវែង ២២,៣៤៧ ម៉ែត្រ ទទឹង ១១ ម៉ែត្រ កម្រាស់ ២៦ សង់ទីម៉ែត្រ និងចិញ្ចើមក្រួសក្រហម ០.៥ ម៉ែត្រសងខាង មានស្រទាប់ sub base ១៥ សង់ទីម៉ែត្រ និងស្រទាប់ base course កម្រាស់ ៣០ សង់ទីម៉ែត្រ។

ម្យ៉ាងវិញទៀត ផ្លូវមួយខ្សែនេះក៏ប្រើប្រាស់ម៉ាស៊ីនអ៊ុតបេតុង  (Concrete Paving Machine) ទំនើប ដែលជួយឲ្យផ្ទៃផ្លូវមានភាពរាបស្មើល្អ និងរក្សាបានគុណភាពបេតុង ជួយឲ្យផ្លូវរឹងមាំជាប់បានយូរ និងជាផ្លូវទី១ នៅកម្ពុជាដែលប្រើប្រាស់ម៉ាស៊ីនឆូតកាត់ធ្វើក្រឡាផ្ទៃបេតុង (មិនប្រើប្រាស់ការឆូតដោយដៃទៀតនោះទេ) ដើម្បីបញ្ចៀសបញ្ហារអិលក្នុងពេលបើកបរ និងគ្រប់គ្រងស្នាមប្រេះបានល្អ។

ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធាណការ និងដឹកជញ្ជូន បានអញ្ជើញចុះត្រួតពិនិត្យការងារសាងសង់ផ្លូវខេត្តលេខ ១៤៨ នេះបានណែនាំដល់ក្រុមហ៊ុនទទួលម៉ៅការសាងសង់យកចិត្តទុកដាក់ដោយស្មារតីទទួលខុសត្រូវខ្ពស់លើការងារសាងសង់ប្រព័ន្ធលូបង្ហូរ ដោយអនុលោមតាមស្ដង់ដាបច្ចេកទេសដែលបានកំណត់ ធ្វើយ៉ាងណាឲ្យផ្លូវប្រើប្រាស់បានយូរ កុំធ្វើម្ដងហើយម្ដងទៀត នាំឲ្យខាតបង់ពេលវេលា និងថវិកា ដែលរាជរដ្ឋាភិបាលបានរកដោយលំបាក។