សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញសម្ពោធកំណាត់ផ្លូវជាតិលេខ៥ បាត់ដំបង-សិរីសោភ័ណ នៅថ្ងៃទី១០ ខែមករា ឆ្នា២០២២!

កំណាត់ផ្លូវជាតិលេខ ៥ ភាគពាយព្យដែលមានប្រវែងប្រមាណ ៨៤.៧៤ គីឡូម៉ែត្រ តភ្ជាប់ចាប់ពីទីរួមខេត្តបាត់ដំបង ទៅដល់ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នឹងត្រូវដាក់សម្ពោធជាផ្លូវការនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ ខាងមុខនេះ ក្រោមអធីបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ 

នៅថ្ងៃទី ០២ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម តូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការក្រសួងសាធារណការ និងដឹកជញ្ជូន បានបើកកិច្ចប្រជុំគណៈកម្មការត្រៀមរៀបចំពិធីសម្ពោធកំណាត់ផ្លូវជាតិលេខ ៥ ដោយមានការចូលរួមពីភាគីពាក់ព័ន្ធ ដើម្បីឲ្យអង្គពិធីប្រព្រឹត្តទៅដោយរលូន។ កំណាត់ផ្លូវជាតិលេខ៥ បាត់ដំបង-សិរីសោភ័ណ បានសាងសង់រួចរាល់មកហើយ និងកំពុងអនុវត្តការងារដាំដើមត្របែកព្រៃ និងផ្កាចំប៉ីសរុប ១២,០០០ ដើមនៅទ្រូងផ្លូវ និងដើមក្ងោក ៦,៤០០ ដើមនៅសងខាងផ្លូវ សម្រាប់លំអនៅតាមដងផ្លូវដើម្បីអោយអ្នកដំណើរទទួលបានអារម្មណ៍ស្រស់ស្រាយ និងលើកសោភ័ណភាពផ្លូវជាតិឲ្យកាន់តែស្រស់ស្អាត។

កំណាត់ផ្លូវជាតិលេខ៥ បាត់ដំបង-សិរីសោភ័ណ ត្រូវបានបែងចែកចេញជា ២ កញ្ចប់ការងារគឺ៖ 

១. កំណាត់ទីមួយប្រវែង ៤៦.២៧ គីឡូម៉ែត្រ (ផ្លូវក្រវ៉ាត់ក្រុងបាត់ដំបងប្រវែង ២៣.៩២ គីឡូម៉ែត្រ) ត្រូវបានសាងសង់ដោយក្រុមហ៊ុន Tekken-Taiyo Joint Venture 

២. កំណាត់ទីពីរប្រវែង ៣៨.៤៧ គីឡូម៉ែត្រ (ផ្លូវក្រវ៉ាត់ក្រុងសិរីសោភ័ណ ៩.៣៤ ម៉ែត្រ) ត្រូវបានសាងសង់ដោយក្រុមហ៊ុន Daiho-Asanuma Joint Venture 

ចំណែកគម្រោងស្ថាបនាផ្លូវជាតិលេខ៥ ទាំងមូលគឺមានប្រវែងសរុប ៣៦៦ គីឡូម៉ែត្រ ដោយឆ្លងកាត់ចាប់ពីខេត្តកណ្ដាល កំពង់ឆ្នាំង ពោធិសាត់ បាត់ដំបង និងបន្ទាយមានជ័យ ដោយប្រើប្រាស់ហិរញ្ញប្បទានសម្បទានពីរាជរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារ JICA គ្រោងចំណាយថវិកាប្រមាណ ៥០០ លានដុល្លារ។ 

គម្រោងស្ថាបនាផ្លូវជាតិលេខ៥ នេះត្រូវបែងចែកជា ៣ ផ្នែកធំៗទៀត គឺភាគខាងជើង ភាគកណ្ដាល និងភាគខាងត្បូង ក្នុងនោះការងារដែលអនុវត្តរួមមាន៖ ពង្រីកផ្លូវជាតិដែលមានស្រាប់ពី ២ គន្លងទៅ ៤ គន្លង ទទឹងប្រវែង ២៣ ម៉ែត្រ ប្រវែង ៣០៤ គីឡូម៉ែត្រ ដោយក្រាលបេតុងកៅស៊ូ AC មានសួនច្បារនៅកណ្ដាលទ្រូងផ្លូវ។ ម្យ៉ាងទៀត នៅតំបន់ទីប្រជុំជននិងទីរួមខេត្តក៏ត្រូវសាងសង់ផ្លូវក្រវ៉ាត់ក្រុងថ្មីផងដែរ សរុបចំនួន ៥ កន្លែងមានប្រវែង ៦២ គីឡូម៉ែត្រ ទទឹង ២៣ ម៉ែត្រ (៤ គន្លងរថយន្ដ) ដោយវាងក្រុងសិរីសោភ័ណ, ក្រុងបាត់ដំបង, ក្រុងពោធិ៍សាត់, ក្រុងកំពង់ឆ្នាំង, និងស្រុកឧដុង្គ។ លើសពីនេះទៀត ក៏មានការងារពង្រីកស្ពានចាស់ សាងសង់ស្ពានថ្មីសរុប ៨០ កន្លែង ព្រមទាំងប្រព័ន្ធបង្ហូរទឹក និងហេដ្ឋារចនាសម្ព័ន្ធកែលម្អជាច្រើនទៀត។