ក្រសួងទទួលចំណូលជាង ១៥ លានដុល្លារ ពីការលក់ផ្លាកលេខពិសេស រយៈពេល ១១ ខែ ឆ្នាំ២០២១!

របាយការណ៍ពីក្រសួងសាធារណការ និងដឹកជញ្ជូនបានបង្ហាញថា គិតចាប់ពីខែមករា ដល់វិច្ឆិកា ឆ្នាំ២០២១ ក្រសួងលក់ផ្លាកលេខពិសេសផ្ទាល់ខ្លួន បានចំនួន ៤៨០២ លេខ ដែលទទួលបានចំណូលថវិកាសរុប ៣៤,៥៦៧,៣៥៣,៣០០ រៀល (ប្រមាណ ៨.៥ លានដុល្លារ) និងការលក់ផ្លាកលេខពិសេសរាជធានី-ខេត្ត បានចំនួន ២៥,៣៦៤ លេខ ទទួលបានចំណូលថវិកាសរុប ២៧,៣៥៨,១៩៧,២០០ រៀល (ប្រមាណ ៦.៧ លានដុល្លារ)។ 

នៅក្នុងកិច្ចប្រជុំពិភាក្សា ស្ដីពី «ការរៀបចំវឌ្ឍនភាពការងាររបស់អនុគណៈកម្មការផ្សព្វផ្សាយ និងផ្ដល់ជំនួយបច្ចេកទេសសម្រាប់ឆ្នាំ២០២១ និងទិសដៅការងារបន្ដឆ្នាំ២០២២» លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មការអន្តរក្រសួងគ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្ដ បានបង្ហាញឲ្យដឹងថា របាយការណ៍នៃការលក់លក់លេខចុះបញ្ជីរថយន្ដក្នុងរយៈពេល ១១ ខែ ឆ្នាំ២០២១ កន្លងទៅនេះទទួលបានលទ្ធផលល្អប្រសើរ ដោយការលក់ផ្លាកលេខពិសេសផ្ទាល់ខ្លួននិងការលក់ផ្លាកលេខពិសេស រាជធានី-ខេត្ត ទទួលបានថវិកាសរុបជិត ៦២ ពាន់លានរៀល ឬគិតជាប្រាក់ដុល្លារជាង ១៥ លានដុល្លារ។

នៅជំហ៊ានបន្ទាប់ទៀត ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏រៀបចំសកម្មភាពផ្សព្វផ្សាយឲ្យបានកាន់តែទូលាយអំពីការលក់លេខពិសេសផ្ទាល់ខ្លួន ជាពិសេសការអញ្ជើញក្រុមហ៊ុនយានយន្ដ ឲ្យធ្វើការជាមួយក្រសួង ដើម្បីការផ្សព្វផ្សាយ និងបានឯកភាពលើផែនការយុទ្ធសាស្ត្រផ្សព្វផ្សាយតាមប្រព័ន្ធឌីជីថល ព្រមទាំងការរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្ដីពីនីតិវិធីនៃការលក់លេខចុះបញ្ជីពិសេសផ្ទាល់ខ្លួន សម្រាប់រថយន្ដតាមបណ្ដារាជធានី-ខេត្ត ដើម្បីជំរុញការយល់ដឹងអំពីលេខពិសេសផ្ទាល់ខ្លួន (កម្ពុជា) ក៏ដូចជាលេខពិសេសចុះបញ្ជីរថយន្ដគ្រួសារ និងរថយន្ដធុនស្រាលនៅតាមរាជធានី-ខេត្តផងដែរ។

បន្ថែមពីនេះទៀត ក្រសួងនឹងមានការបណ្ដុះបណ្ដាលក្រុមការងារបច្ចេកទេស (Developer) ឲ្យមានចំណេះដឹងផ្នែកព័ត៌មានវិទ្យា (IT) កម្រិតខ្ពស់ផ្នែកដោះស្រាយបញ្ហា (Algorithm) និងបញ្ញាសិប្បនិម្មិត (Artificial Intelligence) ដើម្បីការងារគ្រប់គ្រងលេខពិសេស និងលេខពិសេសផ្ទាល់ខ្លួន កាន់តែមានប្រសិទ្ធភាពខ្ពស់ជាងមុន ឆ្លើយតបទៅនឹងទំហំការងារកាន់តែធំនាពេលខាងមុខ។