NASA មានគម្រោងចង់សាងសង់រោងចក្រថាមពលនុយក្លេអ៊ែរនៅលើឋានព្រះចន្ទត្រឹមឆ្នាំ ២០៣០

យោងតាមសេចក្តីថ្លែងការណ៍ពីមន្ទីរពិសោធន៍ជាតិអៃដាហូ (INL) នៃនាយកដ្ឋានថាមពល នៅថ្ងៃទី 19 ខែវិច្ឆិកា កន្លងទៅ បានឲ្យដឹងថា មន្ទីរពិសោធន៍ INL មួយនេះកំពុងសហការជាមួយអង្គការណាសា ដើម្បីរៀបចំគម្រោងសាងសង់រោងចក្រថាមពលនុយក្លែអ៊ែរនៅលើឋានព្រះច័ន្ទក្នុងរយៈពេល 10 ឆ្នាំខាងមុខនេះ។ បច្ចុប្បន្នភ្នាក់ងារទាំងពីរកំពុងស្វែងរកសំណើពីដៃគូខាងក្រៅ ដើម្បីចាប់ផ្តើមគម្រោងដ៏មានមហ្ឆិតាមួយនេះ ដោយកាលបរិច្ឆេទនៃការដាក់ស្នើគឺថ្ងៃទី 19 ខែកុម្ភៈ ឆ្នាំ 2022ខាងមុខ។

មន្ត្រីទីភ្នាក់ងារបាននិយាយថា ការយករ៉េអាក់ទ័រសម្មតិកម្មទៅដាក់នៅលើឋានព្រះច័ន្ទនេះនឹងជួយប្រែក្លាយព្រះច័ន្ទទៅជាមូលដ្ឋានភពក្រៅសម្រាប់ការរុករកអវកាសរបស់មនុស្ស រួមទាំងបេសកកម្មរបស់មនុស្សនាពេលអនាគតទៅកាន់ភពព្រះអង្គារផងដែរ។ បន្ថែមពីនេះ រ៉េអាក់ទ័រសម្រាប់ធ្វើសម្មតិកម្មត្រូវតែមានទម្ងន់មិនលើសពី 13,200 ផោន (6,000 គីឡូក្រាម) ហើយមានភាពសមមូលគ្នានឹងគ្រាប់រ៉ុក្កែតដែលអាចដឹកយកទៅក្នុងលំហអវកាសបាន។

រ៉េអាក់ទ័រនេះនឹងត្រូវបានផ្គុំនៅលើផែនដី បន្ទាប់មកបាញ់បង្ហោះទៅកាន់ព្រះច័ន្ទ ជាកន្លែងដែលវាត្រូវផ្តល់ថាមពលអគ្គិសនី 40 គីឡូវ៉ាត់ជាប់គ្នាសម្រាប់រយៈពេល 10 ឆ្នាំ។ រ៉េអាក់ទ័រក៏ត្រូវតែមានការគ្រប់គ្រងសីតុណ្ហភាពផងដែរ ដើម្បីរក្សាឧបករណ៍ឱ្យត្រជាក់ ព្រោះថាសីតុណ្ហភាពនៅលើព្រះច័ន្ទអាចឡើងដល់ជាង 260 អង្សាហ្វារិនហៃ ឬ 127 អង្សាសេ ក្នុងអំឡុងពេលថ្ងៃ ។

គួរបញ្ជាក់ថា ការស្នើសុំសំណើនេះកើតឡើង ខណៈពេលដែល NASA ចាប់ផ្តើមបង្កើនកម្មវិធី Artemis របស់ខ្លួន ដែលមានបំណងបង្កើតវត្តមានមនុស្សប្រកបដោយនិរន្តរភាពនៅលើព្រះច័ន្ទនៅចុងទសវត្សរ៍នេះ។ កម្មវិធីដែលគ្រោងបញ្ជូនមនុស្សទៅឋានព្រះច័ន្ទជាលើកដំបូងចាប់តាំងពីឆ្នាំ 1972 ត្រូវបានគេប៉ាន់ប្រមាណថាមានតម្លៃប្រហែល 93 ពាន់លានដុល្លារឯណោះ។