ប្រព័ន្ធផ្លាស់ប្ដូរទិន្នន័យអេឡិចត្រូនិចកំពង់ផែ Port EDI សម្រេចបានជិត ១០០% មកហើយ!

កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រចុះស្ដីពីវឌ្ឍនភាពគម្រោងប្រព័ន្ធផ្លាស់ប្ដូរទិន្នន័យអេឡិចត្រូនិចនៅកំពង់ផែ (Port EDI) ដោយមានការចូលរួមពីភាគីពាក់ព័ន្ធ ព្រមទាំងតំណាងកំពង់ផែស្វយ័តភ្នំពេញ និងតំណាងកំពង់ផែស្វយ័តក្រុងព្រះសីហនុផងដែរ។ 

ឯកឧត្តម បានបញ្ជាក់ឲ្យដឹងថា គិតត្រឹមដំណាច់ខែវិច្ឆិកា ឆ្នាំ២០២១ ប្រព័ន្ធផ្លាស់ប្ដូរទិន្នន័យអេឡិចត្រូនិចកំពង់ផែ ឬ Port Electronic Data Intercharge បានសម្រេចការងារស្ទើរតែ ១០០% មកហើយ នៅសល់តែការងារសេសសល់បន្ដិចបន្ដួចប៉ុណ្ណោះ ដែលប្រព័ន្ធនេះត្រូវបានអនុវត្តដោយក្រុមហ៊ុន Kyowa Corporation និងពិនិត្យមើលលទ្ធភាពដោះស្រាយបញ្ហាបន្ថែមនៃការផ្គត់ផ្គង់អគ្គិសនីឲ្យមានស្ថិរភាព ដើម្បីសម្រួលដល់ដំណើរការអភិវឌ្ឍប្រព័ន្ធ ការបណ្ដុះបណ្ដាលពីក្រុមជំនាញការ JICA ដោយផ្ទាល់អំពីការប្រើប្រាស់ប្រព័ន្ធ Port EDI នៅកំពង់ផែក្រុងព្រះសីហនុ ដែលគ្រោងនឹងប្រើប្រាស់ជាផ្លូវការនៅខែមករា ឆ្នាំ២០២២ ខាងមុខនេះ។ ម្យ៉ាងទៀតក្រុមការងារក្រសួង ក៏ត្រៀមរៀបចំទីកន្លែងសម្ភារៈបរិក្ខារ និងប្រព័ន្ធអ៊ីនធើណេត ដើម្បីឲ្យក្រុមជំនាញការ JICA ធ្វើតេស្ដសាកល្បងប្រព័ន្ធ នៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូនផងដែរ។ 

សូមបញ្ជាក់ផងដែរថា ប្រព័ន្ធផ្លាស់ប្ដូរទិន្នន័យអេឡិចត្រូនិចនៅកំពង់ផែ (Port EDI) នេះត្រូវបានធ្វើឡើងដើម្បីជួយសម្រួលដល់ការធ្វើបែបបទនាវាចរណ៍ ចេញ-ចូល ឆ្លងកាត់មានភាពងាយស្រួល ចំណេញពេលវេលា មានប្រសិទ្ធភាព និងតម្លាភាព ដើម្បីជំរុញវិស័យដឹកជញ្ជូនតាមផ្លូវទឹកកាន់តែប្រសើរឡើង។ ការផ្លាស់ប្ដូរប្រព័ន្ធទិន្នន័យ ពីការកត់ត្រាលើក្រដាស មកជាធ្វើលើប្រព័ន្ធអេឡិចត្រូនិកបែបនេះ គឺជាការធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រងកំពង់ផែទៅមួយកម្រិតទៀត ដែលអាចជួយសម្រួលការងារបានមួយផ្នែកធំ ហើយក៏ជួយឲ្យការគ្រប់គ្រងឃ្លាំងស្ដុកកុងតឺន័រងាយស្រួលនិងលូតលាស់ ឆ្លើយតបទៅនឹងការពង្រីកកំពង់ផែក្រុងព្រះសីហនុ ទាក់ទាញការវិនិយោគបន្ថែម និងជំរុញឲ្យកម្ពុជាក្លាយជាទីតាំងយុទ្ធសាស្ត្រប្រកួតប្រជែងមួយលើផ្នែកដឹកជញ្ជូនតាមផ្លូវទឹកនៅអាស៊ីអាគ្នេយ៍។ 

គួររំលឹកថា គម្រោងសាងសង់ពង្រីកកំពង់ផែក្រុងព្រះសីហនុ ទៅជាកំពង់ផែទឹកជ្រៅខ្នាតធំ ដែលមាន ៣ ជំហាន ដែលនឹងបញ្ចប់នៅមុនឆ្នាំ២០៣០ នឹងមានសមត្ថភាពទទួលនាវាគ្រប់ប្រភេទឆ្លងទ្វីបពីសហរដ្ឋអាមេរិច និងអឺរ៉ុបដោយផ្ទាល់ ១០០% ដោយពុំចាំបាច់ឆ្លងកាត់កំពង់ផែសិង្ហបុរី និងប្រទេសជិតខាងឡើយ។ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងជំហានទី១ នឹងរួចរាល់នៅឆ្នាំ២០២៥ ដែលបើកសមត្ថភាពឲ្យកប៉ាល់ផ្ទុកកុងតឺន័ររហូតដល់ជាង ៤ ពាន់កុងតឺន័រអាចចូលចតបាន ស្មើនឹង ៩៣% នៃកប៉ាល់បើកបរឆ្លងកាត់តំបន់អាស៊ី អាចចូលចតនៅកម្ពុជាបាន។ ដូចនេះ វានឹងជួយឲ្យតម្លៃដឹកជញ្ជូនទាបជាងមុន បើតាមការប៉ាន់ស្មានតម្លៃដឹកជញ្ជូនក្នុងមួយកុងតឺន័រ អាចចុះជាងមុនប្រមាណ ២០០ ដុល្លារ។ ចំណែកដំណាក់កាលទី២ នឹងរួចរលា់នៅឆ្នាំ ២០២៨ ដើម្បីទទួលនាវាមកពីអាមេរិច នឹងអឺរ៉ុប ៨៥% អាចចូលចតបាន និងជំហ៊ានទី៣ នៅឆ្នាំ២០៣០ មានសមត្ថភាពអាចទទួលនាវាដឹកជញ្ជូនខ្នាតធំមកពីអឺរ៉ុប អាមេរិច និងអាស៊ី ស្ទើរតែ ១០០% តែម្ដង។