អគារច្រកព្រំដែនអន្តរជាតិស្ទឹងបត់ និងផ្លូវភ្ជាប់ទៅផ្លូវជាតិលេខ៥ សម្រេចការងារជាង ៣០%

គិតត្រឹមដំណាច់ខែវិច្ឆិកា ឆ្នាំ២០២១ គម្រោងសាងសង់អគារច្រកព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀន និងការស្ថាបនាផ្លូវភ្ជាប់មកកាន់ផ្លូវជាតិ៥ ស្ថិតនៅចំណុចភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សម្រេចការងារបាន ៣០.៣៧% មកហើយ យោងតាមដំណើរចុះត្រួតពិនិត្យរបស់គណៈប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូន និងគណៈប្រតិភូនីដា (NEDA) នៃប្រទេសថៃ និងអាជ្ញាធរពាក់ព័ន្ធខេត្តបន្ទាយមានជ័យ។ 

លោក តាន់ គឹមហួត តំណាងក្រុមហ៊ុនចម្រុះ CM Grand Development & Tan Kim Eng Co., Ltd បានបញ្ជាក់ឲ្យដឹងថា បច្ចុប្បន្នក្រុមហ៊ុនបានអនុវត្តគម្រោងសម្រេចការងារបាន ៣០.៣៧% មកហើយ ដោយក្រុមហ៊ុនប្ដេជ្ញាថានឹងបញ្ចប់គម្រោងទៅតាមផែនការកំណត់ដែរ។ ចំណែកគណៈប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូន និងស្ថាប័ននីដា (NEDA) នៃប្រទេសថៃ បានជម្រុញអោយក្រុមហ៊ុនចម្រុះ CM និង TKE ខិតខំអនុវត្តគម្រោងអោយបានសម្រេចបានតាមផែនការកំណត់ ពិសេសយកចិត្តទុកដាក់អនុវត្តគម្រោងទៅតាមបទដ្ឋានបច្ចេកទេស និងប្លង់បច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធដូចចែងក្នុងកិច្ចសន្យា។ 

គម្រោងស្ថាបនាច្រកព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀន គ្រោងនឹងចំណាយថវិកាប្រមាណ ៨៣៥,២៥០,១៦៨ បាត (ប្រហែល ២៦ លានដុល្លារ) ជាកម្ចីឥណទានទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសជិតខាង (NEDA) និងទទួលសាងសង់ដោយក្រុមហ៊ុន CM Grand Development & Tan Kim Eng Co., Ltd ដែលបានចាប់ផ្ដើមបើកការដ្ឋានសាងសង់កាលពីឆ្នាំ ២០២០២ គ្រោងបញ្ចប់នៅត្រឹមឆ្នាំ២០២២ ដោយចំណាយពេល ២៤ ខែ។

សម្រាប់ភាគីកម្ពុជា ការងារដែលក្រុមហ៊ុន CM និង TKE អនុវត្តរួមមាន៖ សាងសង់អគារច្រកត្រួតពិនិត្យព្រំដែន សំណង់អគារអន្តេវាសិកដ្ឋាន (អគារស្នាក់នៅ) ចំណតសម្រាប់ផ្ទេរទំនិញឆ្លងកាត់ ឃ្លាំងនិងទីលានកុងតឺន័រ និងអគាររដ្ឋបាលជាដើម។ ចំណែកភាគីប្រទេសថៃវិញ ត្រៀមបញ្ចប់គម្រោងសាងសង់ផ្លូវហាយវ៉េ ប្រវែង ២៥ គីឡូម៉ែត្រ ភ្ជាប់មកកាន់ច្រកព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀន នៅត្រឹមខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខនេះ។ ច្រកព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀន រំពឹងថានឹងជួយសម្រួលដល់ការដឹកជញ្ជូនទំនិញរហ័ស កាត់បន្ថយបញ្ហាស្ទះចរាចរណ៍នៅច្រកព្រំដែនអន្តរជាតិប៉ោយប៉ែតបានមួយកម្រិតធំ ហើយច្រកអន្តរជាតិប៉ោយប៉ែត នឹងបម្រើសម្រាប់តែការធ្វើដំណើរឆ្លងដែនប៉ុណ្ណោះ នាពេលអនាគត។