ប្រទេសឥណ្ឌូនេស៊ីអាចនឹងចាប់ផ្ដើមគិតពន្ធលើឧស្សាហកម្មដែលបំភាយឧស្ម័នកាបូនឌីអុកស៊ីតលើសចំនួនកំណត់

ក្រសួងថាមពលរបស់ប្រទេសឥណ្ឌូណេស៊ីបានកត់ត្រាការបំភាយកាបូនដែលជាប់ពន្ធប្រហែល 1លានតោនក្នុងអំឡុងពេលការសាកល្បងអនុវត្ដន៍ការយកពន្ធលើឧស្សាហកម្ម និងរោងចក្រថាមពលធ្យូងថ្មចំនួន 32 កន្លែងកាលពីពេលថ្មីៗនេះ ខណៈដែលប្រទេសនេះក៏កំពុងតែរៀបចំដាក់ដំណើរការយន្តការពាណិជ្ជកម្មកាបូនផងដែរ។ យ៉ាងណាមិញ ក្នុងនាមជាអ្នកបញ្ចេញឧស្ម័នកាបូនធំជាងគេទីប្រាំបីរបស់ពិភពលោក ប្រទេសឥណ្ឌូនេស៊ីក៏មានគោលបំណងសម្រេចបាននូវអព្យាក្រឹតភាពកាបូននៅឆ្នាំ 2060 ផងដែរ ហើយបានប្ដេជ្ញាចិត្ដអនុវត្ដន៍ប្រើប្រាស់ពន្ធលើការបំភាយឧស្ម័នកាបូន ក៏ដូចជាការធ្វើពាណិជ្ជកម្មកាបូនដើម្បីជួយគ្រប់គ្រងការបំភាយឧស្ម័នជាដើម។

ប្រទេសឥណ្ឌូនេស៊ីអាចនឹងចាប់ផ្តើមគិតថ្លៃពន្ធលើការបំភាយឧស្ម័នកាបូនចាប់ពីចំនួន 30,000 រូពី ឬស្មើនឹង $2.09 ក្នុងមួយតោនដែលសមមូលនឹងឧស្ម័នកាបូនិក (CO2e) នៅខែមេសាខាងមុខ ហើយនិងគិតពន្ធបន្ថែមទៀតលើប្រតិបត្តិកររោងចក្រថាមពលធ្យូងថ្មជាមួយនឹងការបំភាយឧស្ម័នលើសពីដែនច្បាប់បានកំណត់។ ក្នុងអំឡុងពេលសាកល្បងគិតពន្ធនេះ ក្រសួងថាមពលប្រចាំឥណ្ឌូនេស៊ីបានកំណត់បរិមាណឧស្ម័នកាបូនិកបានរហូតដល់ 0.918 តោនក្នុង 1 មេហ្គាវ៉ាត់ម៉ោង សម្រាប់រោងចក្រអគ្គិសនីដែលមានថាមពលលើសពី 400 មេហ្គាវ៉ាត់ និង 1.013 តោន សម្រាប់រោងចក្រដែលមានកម្លាំង 100 មេហ្គាវ៉ាត់ 400 មេហ្គាវ៉ាត់ និង 1.094 តោន សម្រាប់រោងចក្រជីករ៉ែ។

គួរបញ្ជាក់ថា ប្រទេសឥណ្ឌូនេស៊ីត្រូវការការវិនិយោគទឹកប្រាក់ចំនួន 365 ពាន់លានដុល្លារនៅចន្លោះឆ្នាំ 2020-2030 ដើម្បីកាត់បន្ថយការបំភាយឧស្ម័នឲ្យបាន 29%  ជាមួយនឹងគម្លាតហិរញ្ញប្បទាន 40%។ លើសពីនេះ ការសិក្សាថ្មីមួយរបស់រដ្ឋាភិបាលឥណ្ឌូនេស៊ីបានបង្ហាញកាលពីខែមុនថា ដើម្បីឈានដល់គោលដៅសម្រេចបាននូវអព្យាក្រឹតភាពកាបូននៅឆ្នាំ 2060 ឥណ្ឌូនេស៊ីត្រូវវិនិយោគទឹកប្រាក់រហូតដល់ 200 ពាន់លានដុល្លារបន្ថែមពីលើទៀតក្នុងឆ្នាំ 2021-2030។