អូស្ត្រាលី រកឃើញករណីឆ្លងវីរុសអូមីក្រុង ក្នុងសហគមន៍ជាលើកដំបូង ដោយពុំជាប់ពាក់ព័ន្ធប្រភពខាងក្រៅ!

ស៊ីដនី៖ អូស្ត្រាលី ទោះខិតខំប្រឹងប្រែងរឹតបន្តឹង និងធ្វើការងារយ៉ាងម៉ត់ចត់យ៉ាងណាក៏ដោយ នៅថ្ងៃសុក្រ ម្សិលមិញនេះ បានរកឃើញករណីវិជ្ជមាននៃវីរុសអូមីក្រុងថ្មី មួយទៀតហើយ ហើយក៏ជាករណីឆ្លងក្នុងសហគមន៍លើកដំបូងផងដែរ ដែលអ្នកជំងឺពុំបានធ្វើដំណើរឆ្លងប្រទេស ឬមានជាក់ពាក់ព័ន្ធទៅនឹងប្រភពខាងក្រៅណាមួយឡើយ។

អាជ្ញាធររបស់រដ្ឋ New South Wales របស់ប្រទេសអូស្ត្រាលី បានប្រកាសកាលពីថ្ងៃសុក្រម្សិលមិញនេះថា រីរុសអូមីក្រុង ករណីដំបូងបំផុតក្នុងសហគមន៍ ត្រូវបានរកឃើញហើយ ស្របពេលដែលរដ្ឋាភិបាល បានខិតខំប្រឹងប្រែង និងរៀបចំបើកដំណើរការប្រទេស និងសេដ្ឋកិច្ចឡើងវិញ។ ករណីអូមីក្រុង ជាលើកដំបូងនេះ ត្រូវបានឱ្យដឹងថា បានរកឃើញនៅលើសិស្សសាលាម្នាក់ នៅក្នុងទីក្រុងស៊ីដនី (Sydney) ហើយអ្វីដែលចោទជាចម្ងល់នោះគឺថា សិស្សសាលានោះ ពុំបានធ្វើដំណើរឆ្លងប្រទេសណាមួយឡើយ ហេតុដូច្នេះតើការឆ្លងនោះមានប្រភពមកពីណា។

លោក Brad Hazzard រដ្ឋមន្ត្រីក្រសួងសុខាភិបាលអូស្ត្រាលី បានបញ្ជាក់ប្រាប់អ្នកយកព័ត៌មានថា អ្វីដែលយើងកំពុងមានការព្រួយបារម្មណ៍ជាងគេបំផុត គឺការឆ្លង ឬការចម្លងវីរុសពីពលរដ្ឋម្នាក់ ទៅកាន់ពលរដ្ឋម្នាក់ទៀត។ នៅពេលនេះពិភពលោក ពុំទាន់ដឹងច្បាស់នៅឡើយទេថា តើវីរុសបម្លែងខ្លួនថ្មីនេះ នឹងធ្វើឱ្យយើងប្រឈមមុខនឹងបញ្ហាដូចទៅនឹងវីរុសបម្លែងខ្លួន (Delta) ធ្វើមកលើយើង នៅឡើយទេ។ បើទោះបីជាមានករណីអូមីក្រុងកើតមានឡើងជាបន្តបន្ទាប់ក្ដី លោក Paul Kelly អ្នកប្រឹក្សាយោបល់ផ្នែកឱសថជាន់ខ្ពស់របស់អូស្ត្រាលីបានបញ្ជាក់ថា រដ្ឋាភិបាល ពុំទាន់ឈានដល់ការចាក់ដូសជម្រុញ ទៅដល់ពលរដ្ឋ ដូចបណ្ដាប្រទេសផ្សេងៗទៀតនៅឡើយទេ។

ស្ថិតក្នុងស្ថានការណ៍មិនអំណោយផលនេះ បណ្ដារដ្ឋ និងតំបន់ជាច្រើន របស់អូស្ត្រាលី បានចាប់ផ្ដើមរឹតបន្តឹងការធ្វើដំណើររបស់ប្រជាពលរដ្ឋខ្លួនបណ្ដើៗហើយ ដោយពុំអនុញ្ញាតឱ្យធ្វើដំណើរឆ្លងកាត់រដ្ឋ ឬតំបន់មួយទៅកាន់តំបន់មួយទៀតជាដើម។ មិនតែប៉ុណ្ណោះរដ្ឋាភិបាលអូស្ត្រាលី ក៏បានសម្រេចពន្យាពេលបើកទ្វារស្វាគមន៍សិស្ស និស្សិតអន្តរជាតិ ក៏ដូចជាកម្មករនិយោជិតជំនាញឱ្យចូលមកបំពេញកិច្ចការងារក្នុងប្រទេសរបស់ខ្លួន ដែលជាតម្រូវការចាំបាច់សម្រាប់ប្រយោជន៍សេដ្ឋកិច្ចចំនួន ២ សប្ដាហ៍ទៀតផងដែរ។ 

គួរបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃសុក្រ ម្សិលមិញនេះ អូស្ត្រាលីបានរកឃើញករណីអូមីក្រុង នេះចំនួន ៩ ករណីរួចទៅហើយ ដោយ ៨ ករណីមានទំនាក់ទំនងទៅនឹងប្រទេសនៅអាហ្វ្រិចខាងត្បូង និង ១ ករណីដំបូងគេបំផុត ដែលពុំមានទំនាក់ទំនងអ្វីសោះឡើយ សូម្បីតែចេញទៅក្រៅប្រទេស។ បញ្ហានេះ កំពុង ធ្វើឱ្យរដ្ឋាភិបាលអូស្ត្រាលី ខិតខំស្វែងរកប្រភពចម្លងបន្ថែមទៀត ដើម្បីសិក្សា និងស្វែងយល់បន្ថែម អំពីការឆ្លងក្នុងសហគមន៍ជាលើកដំបូងនោះ ព្រោះវាអាចបង្កើតទៅជាករណីឆ្លងទ្រង់ទ្រាយធំ ប្រសិនបើធ្វេសប្រហែស៕