ក្រុមហ៊ុនផលិតរថយន្ដ XPeng គ្រោងនឹងដាក់លក់រថយន្ដរបស់ខ្លួនឲ្យបាន 50% ជាសាកល ជាមួយនឹងការបង្ហាញម៉ូដែល G9 SUV នៅ Guangzhou

XPeng បានប្រកាសពីមហិច្ឆតារបស់ខ្លួនក្នុងការក្លាយជាក្រុមហ៊ុនរថយន្តពិភពលោកដ៏ធំមួយ និងសម្រេចឲ្យបានពាក់កណ្តាលនៃការលក់របស់ខ្លួននៅខាងក្រៅប្រទេសចិន។ នោះគឺជាអ្វីដែលអនុប្រធាន និងជាប្រធានរបស់ខ្លួន លោក Brian Gu បានប្រាប់សារព័ត៌មាន CNBC កាលពីសប្តាហ៍មុន។ លោក Gu បាននិយាយថា ក្នុងនាមជាក្រុមហ៊ុនដែលមានមហិច្ឆតាវាយលុកទីផ្សាររថយន្ដសកល Xpeng ចង់ឱ្យមានតុល្យភាពជាមួយនឹងការរួមចំណែករបស់ខ្លួនក្នុងការចែកចាយឲ្យបានពាក់កណ្តាលនៃទីផ្សាររថយន្ដសកលគឺត្រូវមកពីប្រទេសចិន។ តែយ៉ាងណាមិញ Xpeng មិនបានផ្តល់ពេលវេលាជាក់លាក់សម្រាប់ពេលដែលក្រុមហ៊ុនរំពឹងថានឹងសម្រេចបានគោលដៅមួយនេះនោះទេ។

លោក Gu បាននិយាយថា XPeng ដែលមានមូលដ្ឋាននៅទីក្រុងក្វាងចូវនឹងវិនិយោគបន្ថែមទៀតនៅក្នុងទីផ្សារអន្តរជាតិនៅឆ្នាំនេះ និងបន្ទាប់ ហើយរំពឹងថានឹងចូលវាយលុកទីផ្សារក្រៅប្រទេសមួយចំនួនដូចជា ប្រទេសស៊ុយអែត ដាណឺម៉ាក និងហូឡង់នៅឆ្នាំក្រោយ។ ជាក់ស្ដែង XPeng បានចាប់ផ្តើមលក់រថយន្តនៅប្រទេសន័រវេសក្នុងខែធ្នូ ឆ្នាំ 2020 កន្លងមករួចមកហើយ។

នៅឯពិព័រណ៍រថយន្តក្វាងចូវកាលពីសប្តាហ៍មុន XPeng បានបង្ហាញរថយន្តម៉ូដែលចុងក្រោយបំផុតគឺ G9 SUV ដែលប្រើបច្ចេកវិទ្យាទំនើបដែលផ្តល់ដោយ NVIDIA ។ រថយន្ត SUV ស៊េរីថ្មីបានបង្ហាញខ្លួនជាលើកដំបូងនូវស្ថាបត្យកម្មអេឡិចត្រូនិច និងអគ្គិសនីកណ្តាលរបស់ XPeng និងប្រព័ន្ធជំនួយអ្នកបើកបរកម្រិតខ្ពស់ Xpilot 4.0 សម្រាប់បទពិសោធន៍បើកបរគ្មានថ្នេរ។

បន្ថែមពីនេះ G9 ក៏ត្រូវបានបំពាក់មកជាមួយបច្ចេកវិទ្យា X-Power superchargers ជំនាន់ក្រោយសម្រាប់ការសាកថ្មបានចម្ងាយ 124 ម៉ាយក្នុងរយៈពេល 5 នាទី។ យានជំនិះដែលកំណត់ដោយសូហ្វវែរឆ្លាតវៃនេះ ត្រូវបានបង្កើតឡើងនៅលើកុំព្យូទ័រ NVIDIA DRIVE Orin ដែលដំណើរការខ្ពស់ និងផ្តល់នូវសមត្ថភាព AI ដែលត្រូវបានធ្វើឱ្យប្រសើរឡើងជាបន្តបន្ទាប់ជាមួយនឹងការអាប់ដេតតាមអាកាសនីមួយៗ។