ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នឹងបើកដំណើការសាកល្បងនៅ ៣ ខែទៀត!


គិតត្រឹមថ្ងៃទី ២៦ ខែមេសា ផ្លូវល្បឿនលឿនដំបូងបង្អស់នៅកម្ពុជា តភ្ជាប់ពីរាជធានីភ្នំពេញ ទៅកាន់ខេត្តព្រះសីហនុ សម្រេចការងារបានប្រមាណ ៩០,៩៥% មកហើយ ដោយត្រៀមដាក់ប្រើប្រាស់សាកល្បងនៅក្នុងខែកក្កដា ឆ្នាំ២០២២ ខាងមុននេះ និងបញ្ចប់ទាំងស្រុង នៅអំឡុងខែឧសភា ឆ្នាំ ២០២៣ ព្រមទាំងរៀបចំសម្ពោធជាផ្លូវការ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នៅពេលវេលាសមស្របណាមួយ។

ក្នុងដំណើរនាំនិស្សិតនៃ វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ធ្វើទស្សនកិច្ចគម្រោង សាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នៅថ្ងៃទី ២៦ ខែមេសានេះ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង បានមានប្រសាសន៍ថា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ គិតមកត្រឹមថ្ងៃទី ២២ ខែមេសា ឆ្នាំ២០២២ សម្រេចការងារបាន ៩០,៩៥% មកហើយបន្ទាប់ពី បានបើកការដ្ឋានសាងសង់ កាលពីខែមីនា ឆ្នាំ២០១៩ ដោយពេលនេះស្ថិតនៅ ក្នុងដំណាក់កាលបញ្ចប់ និងចំណាយថវិកាប្រមាណ ២.០១៩ លានដុល្លារ

គម្រោងនេះ ជាផ្លូវរបៀងយុទ្ធសាស្ត្រសំខាន់បំផុតនៅកម្ពុជា ជួយកាត់បន្ថយពេលវេលា ធ្វើដំណើរពីរាជធានីភ្នំពេញ ទៅកំពង់ផែសមុទ្រក្រុងព្រះសីហនុ ពីចំនួន ៥ ម៉ោង មកត្រឹមតែ ២ ម៉ោងប៉ុណ្ណោះ កាត់បន្ថយចរាចរណ៍ផ្លូវជាតិលេខ៤ ថែមទាំងកាត់បន្ថយតម្លៃភស្ដុភារកម្ម និងបម្រើផែនការមេទាក់ទាញវិនិយោគិនជាតិ និងអន្តរជាតិផងដែរ។

ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ត្រូវបានចាប់ផ្ដើមចេញពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានប្រវែងសរុប ១៨៧គីឡូម៉ែត្រ ក្នុងគម្រោងទាំងមូល មានហេដ្ឋារចនាសម្ព័ន្ធសំខាន់ដូចជា៖

១/ មានប្រវែងសរុប ១៨៧,០៥ គីឡូម៉ែត្រ ឆ្លងកាត់រាជធានីភ្នំពេញ ៨ គីឡូម៉ែត្រ និងឆ្លងកាត់ខេត្តចំនួន ៤ ទៀតគឺខេត្តកណ្ដាល ៩,១ គីឡូម៉ែត្រ  កំពង់ស្ពឺ ៨០,៨ គីឡូម៉ែត្រ កោះកុង ១,៩២ គីឡូម៉ែត្រ និងព្រះសីហនុ ៨៩,៨៩ គីឡូម៉ែត្រ។

២/ មានទទឹងផ្លូវ ២៤,៥ ម៉ែត្រ អាចបើកបរបាន ៤ គន្លងរថយន្ដ

៣/ សាងសង់ស្ពានអាកាស និងស្ពានឆ្លងព្រែកតូចធំមធ្យម ចំនួន ៤០ កន្លែង (មានតូចចំនួន ៥ កន្លែង)

៤/ មានផ្លូវបំបែកទិសចរាចរណ៍ ចំនួន ៧ កន្លែង

៥/ មានកន្លែងឈប់សម្រាក ៣ កន្លែង, ចំណតរថយន្ដ ១ កន្លែង, មជ្ឈមណ្ឌលប្រតិបត្តិការ និងថែទាំយានយន្ដចំនួន ៤ កន្លែង។

បន្ទាប់ពីការសាងសង់អស់ជិត ៤០ ខែមកនេះ ក្រុមហ៊ុន PPSHV Expressway Co., Ltd និងក្រុមហ៊ុនបុត្រសម្ព័ន្ធនៃ ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) បានចំណាយពេលវេលា ទាំងយប់ទាំងថ្ងៃដើម្បីឲ្យ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ សម្រេចបានលេចចេញ ជារូបរាងយ៉ាងច្បាស់ និងត្រៀមបម្រើជាប្រយោជន៍ជូនដល់វិស័យ ដឹកជញ្ជូននៅកម្ពុជា ហើយក៏ជាជំហានទីមួយដែលកម្ពុជា មានសមត្ថភាពសាងសង់ផ្លូវល្បឿនលឿននេះឈរ លើគោលការណ៍ BOT (សាងសង់ ប្រតិបត្តិ ផ្ទេរ)។

ម្យ៉ាងទៀត ក្រោយពីគម្រោង ផ្លូវល្បឿនលឿននេះបញ្ចប់ទៅ កម្ពុជានឹងសិក្សាសមិទ្ធិលទ្ធភាព សាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត មួយខ្សែទៀត ដើម្បីសម្រួលការដឹកជញ្ជូន ពាណិជ្ជកម្មរវាងរាជធានីភ្នំពេញ ជាមួយប្រទេសវៀតណាម និងជាផ្លូវយុទ្ធសាស្ត្រក្នុងតំបន់ផងដែរ ក្នុងក្របខណ្ឌនៃគំនិតផ្ដួចផ្ដើម ខ្សែក្រវ៉ាត់និងផ្លូវ ដែលជំរុញដល់ពាណិជ្ជកម្មអន្តរជាតិ បម្រើដល់កំណើនសេដ្ឋកិច្ច និងទាក់ទាញគម្រោងវិនិយោគថ្មីបន្ថែមទៀត។