ប្រទេសឥណ្ឌូណេស៊ី និងសិង្ហបុរី បណ្តាក់ទុនរួមគ្នាអភិវឌ្ឍកំពង់ផែនៅកោះជ្វាកណ្តាល


រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសិង្ហបុរី លោក Lawrence Wong បាននិយាយថា ប្រទេសឥណ្ឌូណេស៊ីនិង សិង្ហបុរី គ្រោងនឹងសាងសង់កំពង់ផែ កុងតឺន័រអន្តរជាតិមួយ នៅក្នុងសួនឧស្សាហកម្ម Kendal ដែលជាការ បណ្តាក់ទុនរួមគ្នា រវាងប្រទេសទាំងពីរនៅកោះជ្វាកណ្តាល នៃប្រទេសឥណ្ឌូណេស៊ី។ លោកបានធ្វើសំណើរខាងលើនេះ ក្នុងអំឡុងពេលបំពេញទស្សនកិច្ច នៅសួនឧស្សាហកម្មនេះ ដែលជាផ្នែកមួយនៃ ដំណើរទស្សនកិច្ចការងារ រយៈពេលបួនថ្ងៃ របស់លោកនៅក្នុង ប្រទេសឥណ្ឌូណេស៊ី។

លោក Wong បាននិយាយនៅក្នុងសន្និសីទ សារព័ត៌មានរួមគ្នា ជាមួយនាយកសួនឧស្សាហកម្ម Kendal លោក Dico Ganinduto ថាការសិក្សាអំពីលទ្ធភាព ទៅលើទីតាំងដែលមាន សក្តានុពលសម្រាប់កំពង់ផែនេះ ត្រូវបានធ្វើឡើងដោយក្រុមហ៊ុន នៅក្នុងប្រទេសសិង្ហបុរី និងឥណ្ឌូណេស៊ី ហើយសំណើមួយនេះត្រូវ បានធ្វើឡើងទៅកាន់ រដ្ឋាភិបាលកណ្តាល នៅទីក្រុងហ្សាកាតា។ លោករដ្ឋមន្ត្រីរូបនេះបានកត់សម្គាល់ថា ជាមួយនឹងការរីកចម្រើន នៃសកម្មភាពផលិតកម្ម នៅក្នុងខេត្តកោះនេះ ក្រុមហ៊ុនទាំងនោះ ចង់បង្កើនការប្រើប្រាស់ មិនត្រឹមតែនៅក្នុង ប្រទេសឥណ្ឌូណេស៊ីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនាំចេញ ទៅកាន់ប្រទេសផ្សេងៗ ទៀតផងដែរ។ លោកបាននិយាយបន្ថែមថាតម្លៃភស្តុភារ និងដឹកជញ្ជូនជាកត្តាជំរុញ ការប្រកួតប្រជែង ដូច្នេះពួកគេមើលឃើញ អំពីតម្រូវការចំពោះកំពង់ផែនេះ។

ទន្ទឹមនឹងនេះដែរ លោក Dico បាននិយាយថា ការអភិវឌ្ឍកំពង់ផែ ត្រូវបានសម្គាល់ថាជា គម្រោងជាតិជាយុទ្ធសាស្ត្រ ហើយការពិភាក្សាកំពុង ដំណើរការនៅទីក្រុងហ្សាកាតា ដើម្បីសម្រេចថា ក្រុមហ៊ុនមួយណា នឹងត្រូវបានតែងតាំងជាដៃគូក្នុងស្រុក របស់សិង្ហបុរីដើម្បីអភិវឌ្ឍកំពង់ផែនេះ។ លោកបាននិយាយបន្ថែមថា នៅពេលសាងសង់រួចរាល់ វានឹងក្លាយជា កំពង់ផែស្តង់ដារអន្តរជាតិទីពីរ នៅក្នុងខេត្តកោះជ្វាកណ្តាល ដែលធ្វើឱ្យខេត្តនេះ ក្លាយជាមជ្ឈមណ្ឌលឧស្សាហកម្ម ដ៏សំខាន់នៅក្នុង ប្រទេសឥណ្ឌូណេស៊ី៕