ធនាគារជាតិនៃកម្ពុជា ព្យាករណ៍អតិផរណាកើនឡើង ៤% នៅឆ្នាំ ២០២២!


ធនាគារជាតិនៃកម្ពុជា បានព្យាករណ៍ថា អត្រាអតិផរណាប្រចាំឆ្នាំ២០២២ អាចនឹងកើនឡើងដល់ ៤% បណ្ដាលមកពីតម្រូវការ (Demand) កើនឡើងខ្ពស់ក្រោយវិបត្តិជំងឺកូវីដ-១៩ នៅកម្ពុជា ខណៈដែលខ្សែសង្វាក់ផលិកម្ម និងផ្គត់ផ្គង់ (Supply) ត្រូវបានថមថយចុះ ដោយសារទទួលរង សម្ពាធផ្នែកដឹកជញ្ជូនឡើងថ្លៃ និងវិបត្តិភូមិសាស្ត្រ នយោបាយសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។

ធនាគារជាតិ បង្ហាញថា អត្រាអតិផរណានៅកម្ពុជា អាចរក្សាបានក្នុងកម្រិតចន្លោះពី ៣% ទៅ ៥% បន្ទាប់ពីបានកើនឡើងដល់ ៣០% ក្នុងវិបត្តិហិរញ្ញវត្ថុពិភពលោក (Global Financial Crisis) កាលពីឆ្នាំ២០០៨ ដែលទំនិញឡើងថ្លៃខ្ពស់ ហើយវិស័យថាមពលគឺពឹងផ្អែកការនាំចូល។ ថ្លែងប្រាប់ស្ថាប័នមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ឯកឧត្តម ស៊ុំ សន្និសិទ្ធ ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា មានប្រសាសន៍ថា អតិផរណានៅកម្ពុជាក្នុងឆ្នាំ ២០២២ មានអត្រា ៤% ជាកម្រិតមួយអាចទទួលយកបាន ហើយអតិផរណានេះ បណ្ដាលមកពីការកើនឡើង នៃតម្លៃប្រេងឥន្ធនៈ ចំណីអាហារ ការកើនឡើងថ្លៃដឹកជញ្ជូន ដែលរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ និងការកើនឡើងខ្ពស់ នៃតម្រូវការក្នុងស្រុកក្រោយវិបត្តិជំងឺកូវីដ-១៩។

១/ ការកើនឡើងនៃតម្រូវការក្នុងស្រុក

សេដ្ឋកិច្ចប្រទេសកម្ពុជា បន្ដរពឹងផ្អែកលើវិស័យចំនួន ៤ គឺ៖ វិស័យកសិកម្ម ឧស្សាហកម្មកាត់ដេរ សំណង់ និងទេសចរណ៍។ សេដ្ឋកិច្ចកម្ពុជា មានកង្វះនៃភាពចម្រុះ និងពឹងផ្អែកលើទីផ្សារវិនិយោគពីខាងក្រៅ ដែលធ្វើឲ្យសេដ្ឋកិច្ចងាយរងគ្រោះ ពីវិបត្តិផ្សេងៗលើសកលលោក។ ម្យ៉ាងទៀត រយៈពេលជាង ២ ឆ្នាំនៃវិបត្តិជំងឺកូវីដ-១៩ ប៉ះពាល់ដល់ផលិតកម្មក្នុងស្រុក ប្រឈមនឹងការធ្លាក់ចុះ និងមានបញ្ហាលើផ្នែកដឹកជញ្ជូន តម្រូវឲ្យរាជរដ្ឋាភិបាល បង្វែរការយកចិត្តទុកដាក់ ចំពោះឧស្សាហកម្មធុនតូច និងមធ្យមក្នុងស្រុក ដើម្បីបំពេញការផ្គត់ផ្គង់ និងជំរុញកំណើនសេដ្ឋកិច្ច។

២/ ការឡើងតម្លៃប្រាក់រៀល

ដុល្លាតូបនីយកម្ម បានរួមចំណែកច្រើន ក្នុងសេដ្ឋកិច្ចកម្ពុជា និងជួយការពារអតិផរណា នៃរូបិយប័ណ្ណក្នុងស្រុក ប៉ុន្តែការប្រើប្រាស់ ប្រាក់ដុល្លារអាមេរិចច្រើនពេក ក៏ងាយនឹងប្រឈមអតិផរណាខ្ពស់ នៅពេលដែលពិភពលោកប្រឈម នឹងវិបត្តិហិរញ្ញវត្ថុ។ ដូចនេះ បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា មានគោលនយោបាយពង្រឹងតម្លៃប្រាក់រៀល ស្របពេលដែលប្រាក់ដុល្លារ កំពុងធ្លាក់ថ្លៃ ត្រូវកែប្រែអត្រាប្ដូរប្រាក់ ធ្វើឲ្យប្រាក់រៀលកម្ពុជា មានតម្លៃខ្ពស់គ្រប់គ្រាន់ អាចទិញប្រាក់ដុល្លារបាន។ ម្យ៉ាងវិញទៀត ពីព្រោះតែប្រទេសកម្ពុជា នាំចូលទំនិញច្រើនពីបរទេស ហើយប្រាក់ដុល្លារបន្ដធ្លាក់ថ្លៃ ដូចនេះ រាជរដ្ឋាភិបាលត្រូវកែ សម្រួលអត្រាប្ដូរប្រាក់ ឬតម្លើងថ្លៃប្រាក់រៀល ដើម្បីទប់ទល់នឹងស្ថានភាពនេះ និងអាចជួយរក្សាទំនិញនាំចូល មិនឲ្យឡើងថ្លៃ និងធ្វើឲ្យរូបិយប័ណ្ណជាតិ ប្រើប្រាស់យ៉ាងទូលំទូលាយ។

៣/ អតិផរណានៅកម្ពុជា មិនទាន់ប៉ះពាល់ធ្ងន់ធ្ងរនៅឡើយ

យោងតាមប្រសាសន៍ លោកបណ្ឌិត ហុង វណ្ណៈ សេដ្ឋវិទូ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិតសភាកម្ពុជា បានបង្ហាញថា អតិផរណានៅកម្ពុជា មិនទាន់ប៉ះពាល់ធ្ងន់ធ្ងរ ដល់ការរស់នៅប្រចាំថ្ងៃឡើយទេ ប៉ុន្តែរាជរដ្ឋាភិបាល គួរតែដាក់យន្ដការទប់ស្កាត់ អតិផរណាកម្រិតខ្ពស់ ដើម្បីធានាសុខមាលភាពប្រជាជនកម្ពុជា មិនឲ្យរងផលប៉ះពាល់ពីខាងក្រៅ រយៈពេលវែង។

សូមបញ្ជាក់ផងដែរថា មុនវិបត្តិជំងឺកូវីដ-១៩ ចន្លោះឆ្នាំ ២០១៩-២០២០ ប្រទេសកម្ពុជាបាន កាត់បន្ថយអត្រាភាពក្រីប្រជាជនប្រមាណ ១៧,៨% ឬ គិតជាចំនួន ២,៨ លាននាក់ ចេញពីបន្ទាត់នៃភាពក្រីក្រ។ បើយោងតាមទិន្នន័យ ក្រសួងផែនការ ប្រទេសកម្ពុជាបែងចែកអត្រាភាពក្រីក្រចេញជា ៣ កម្រិត គឺប្រជាជនមានចំណូល ២,៥ ដុល្លារ/ថ្ងៃ នៅរាជធានីភ្នំពេញ, ប្រជាជនចំណូលក្រោម ២,៣ ដុល្លារនៅទីប្រជុំជន, និងប្រជាជនចំណូលក្រោម ២,១ ដុល្លារ នៅតាមជនបទ។