អង្គការសហប្រជាជាតិ៖ មនុស្សជាតិបង្ខំចិត្តភៀសខ្លួន កើនឡើងជាង ១០០ លាននាក់ជាលើកដំបូង ក្នុងប្រវត្តិសាស្ត្រ


ហ្សឺណែវ៖ ការបម្លាស់ទីរបស់មនុស្ស ពីកន្លែងធ្លាប់រស់នៅចាស់ ទៅកាន់ទីកន្លែងរស់នៅថ្មី កើតឡើងមកពីកត្តាជាច្រើន ដោយពីមួយឆ្នាំទៅមួយឆ្នាំ មនុស្សជាតិយ៉ាងច្រើនលាននាក់ បានបម្លាស់ទីទាំងបង្ខំ ដោយសារតែស្ថានការណ៍អាក្រក់ជាច្រើន ដូចជាកត្តានយោបាយ សង្គ្រាម អសន្តិសុខ និងគ្រោះធម្មជាតិជាដើម។ ជុំវិញបញ្ហានេះ ការភៀសខ្លួនរបស់មនុស្សជាតិ បានកើនឡើងច្រើនជាង ១០០ លាននាក់ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។

ការភៀសខ្លួនរបស់មនុស្សជាតិ នៅក្នុងភពផែនដី មិនមែនជារឿងថ្មីនោះទេ ព្រោះវាបានកើតមានឡើងជាយូរណាស់មកហើយ តែចូលមកដល់ឆ្នាំ ២០២២ នេះ ចំនួននោះបានកើនឡើងច្រើនជាង ១០០ លាននាក់ឯណោះ ដែលបានបំបែកកំណត់ត្រាថ្មី របស់អង្គការសហប្រជាជាតិ ហៅកាត់ថា (UN)។ យោងតាមព័ត៌មានផ្លូវការ ចេញផ្សាយកាលពីថ្ងៃចន្ទកន្លងទៅនេះ បានឱ្យដឹងថា មនុស្សជុំវិញពិភពលោក ដែលបានបម្លាស់ទី ពីកន្លែងមួយទៅរស់នៅកន្លែងមួយទៀត ឬរត់ភៀសខ្លួន ដោយសារតែបញ្ហាជម្រុញ ឬរុញច្រាន មានច្រើនជាង ១០០ លាននាក់។

តាមការបញ្ជាក់របស់ UN បានឱ្យដឹងបន្ថែមថា ការកើនឡើងនៃចំនួនជនភៀសខ្លួននោះ ត្រូវបានបញ្ជាក់ឱ្យដឹងថា កើតមានឡើងដោយសារតែ បញ្ហាជម្លោះហិង្សា ការរំលោភសិទ្ធិមនុស្ស ការបៀតបៀន ពិសេសគឺបញ្ហាសង្គ្រាម រវាងរុស្ស៊ី និងអ៊ុយក្រែន ដែលជាកត្តាជម្រុញ ឱ្យមនុស្សជាច្រើនលាននាក់ បង្ខំចិត្តបម្លាស់ទី ដោយភៀសខ្លួនទៅរកទី កន្លែងមានសុវត្ថិភាពរស់នៅ។ ជាក់ស្ដែង តួរលេខប្រមូលបាន ចេញពីសង្គ្រាមរវាងប្រទេសទាំង ២ មានពលរដ្ឋច្រើនជាង ៨ លាននាក់ បានបម្លាស់ទីទៅរស់នៅទីកន្លែងផ្សេងៗគ្នា ដើម្បីគេចពីសង្គ្រាម។

មិនតែប៉ុណ្ណោះ តួរលេខប្រមូលបានគិតត្រឹមដំណាច់ឆ្នាំ ២០២១ កន្លងទៅ ចំនួនជនភៀសខ្លួនមានប្រមាណជា ៩០ លាននាក់ ជាតួរលេខគួរឱ្យព្រួយបារម្មណ៍មួយ ដែលភាគច្រើនរងគ្រោះ ដោយសារតែអំពើហិង្សា កើតមានឡើងនៅប្រទេស ប៊ូគីណាហ្វាសូ មីយ៉ាន់ម៉ា នីហ្សេរីយ៉ា អាហ្វហ្គានីស្ថាន និងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។ ដើម្បីដោះស្រាយបញ្ហា ក៏ដូចជាវិបត្តិមួយនេះ អង្គការសហប្រជាជាតិ បានទាមទារឱ្យមាន ការរក្សាឱ្យបាននូវសន្តិភាព និងស្ថេរភាពនៅតាមបណ្ដាប្រទេស ដើម្បីធានាទៅដល់សុខសុវត្ថិភាព របស់ប្រជាពលរដ្ឋ ដើម្បីកាត់បន្ថយការនិរទេសជាដើម។

ប្រសិនបើបញ្ហាសង្គ្រាមនៅតែបន្ត រួមជាមួយនឹង បញ្ហាប្រឈមផ្សេងៗទៀត ដែលកំពុងកើតមានឡើង ឬត្រៀមនឹងកើតមានឡើងនៅលើភពផែនដី ដោយសារតែហិង្សា ការគៀបសង្កត់ មិនគោរពសិទ្ធិមនុស្ស កង្វះខាតស្បៀងអាហារ ក៏ដូចជា គ្រោះធម្មជាតិ កើតឡើងចេញពី បម្រែបម្រួលអាកាសធាតុ នោះមនុស្ស នឹងបន្តធ្វើការភៀសខ្លួន ដើម្បីស្វែងរកទីជម្រកដ៏ប្រសើរ សម្រាប់បន្តដំណើរជីវិត។ ក្នុងនោះ ការភៀសខ្លួនមានដល់ទៅជាង ២៣,៧ លាននាក់ ក្នុងឆ្នាំ២០២១ ដោយសារតែគ្រោះធម្មជាតិ៕