កោះទទឹង ជារមណីដ្ឋានទេសចរណ៍ដ៏ស្ងប់ស្ងាត់ តែពុំសូវមានភ្ញៀវទេសចរទៅកម្សាន្ដ


កោះទទឹង ជារមណីដ្ឋានទេសចរណ៍ធម្មជាតិ ដ៏ស្រស់ស្អាតមួយ នៅក្បែរកោះស្ដេច ស្ថិតក្នុងស្រុកគិរីសាគរ ខេត្តកោះកុង ដែលភ្ញៀវទេសចរ អាចធ្វើដំណើរតាមអូប័រ នៅផែកោះស្ដេច ចម្ងាយត្រឹមតែ ៥ គីឡូម៉ែត្រប៉ុណ្ណោះ ពីដីគោក (mainland)។

កោះទទឹង លាតសន្ធឹងលើផ្ទៃសមុទ្រ មានទំហំប្រមាណជិត ១ គីឡូម៉ែត្រការ៉េ ជាកោះដ៏តូចមួយ មានព្រៃឈើក្រាស់ មានទេសភាពគយគន់ មិនជិនណាយ និងមានភាពស្ងប់ស្ងាត់ល្អ ពីព្រោះកោះទទឹងមិនសូវមានភ្ញៀវទេសចរស្គាល់ ឬបានទៅដល់នោះទេ ដែលទំនងជាភាពល្បីល្បាញ នៃកោះស្តេចនៅបាំងពី មុខកោះទទឹងក៏ថាបាន។

កោះទទឹង មានសម្រស់មិនចាញ់ កោះដទៃទៀតឡើយ ដោយគ្របដណ្ដប់ ដោយព្រៃឈើបៃតង បរិយាកាសធម្មជាតិ ទឹកសមុទ្រខៀវស្រងាត់ថ្លា ឆ្លុះឃើញដល់បាតសមុទ្រ ភ្ញៀវទេសចរអាចរីករាយ ជាមួយការកម្សាន្ដនៅតំបន់ឆ្នេរ អាចជិះទូកស្ទូចត្រី អាចចង្រឹងសម្រាកលំហែកាយ អាចហែលទឹកសមុទ្រ និងមុជទឹកមើលជីវចម្រុះនៅបាតសមុទ្រ ដូចជាផ្កាថ្មជាច្រើន និងហ្វូងមច្ឆជាតិច្រើនប្រភេទ។

បើនិយាយអំពីសម្រស់ធម្មជាតិវិញ កោះទទឹងមានខ្យល់អាកាសបរិសុទ្ធ បរិយាកាសស្ងប់ស្ងាត់ល្អ គ្មានសម្លេងរំខានច្រើន ដូចនៅកោះផ្សេងៗទៀត ដែលល្អបំផុតសម្រាប់វិស្សមកាល បែបគេចចេញពីទីក្រុង។ យ៉ាងណាមិញ នៅកោះទទឹង មិនសូវមានបឹងកាឡូ សម្រាប់ស្នាក់នោះទេ ដែលតម្រូវអោយយើងធ្វើការ កក់ទុកជាមុន ទើបយើងអាចទៅកម្សាន្ដ បានដោយមានរៀបចំអាហារទទួល ប៉ុន្តែយើងក៏អាចបោះតង់ និងរៀបចំចំណីអាហារ ដោយខ្លួនឯងបានផងដែរ។

ប្រសិនបើអ្នកចង់ផ្ដាច់ខ្លួន ចេញពីទិដ្ឋភាពមមាញឹកនៃជីវិតទីក្រុង និងទទួលយកបទពិសោធន៍លើកោះ រីករាយជាមួយសមុទ្រ បានពេញលេញ ១០០% នោះ អ្នកគួរទៅទេសចរណ៍នៅកោះទទឹង ដោយសារតែកោះនេះ មានសម្រស់ស្អាត មិនមាន Wi-Fi សម្រាប់ប្រើប្រាស់នោះទេ មិនមានសម្លេងរំខាននោះទេ, ទឹកប្រើប្រាស់ជាទឹកភ្លៀងដែលបានស្ដុកទុក, ថាមពលអគ្គិសនីប្រើប្រាស់សូឡា ពន្លឺព្រះអាទិត្យ ដែលរៀបចំដោយម្ចាស់បឹងកាឡូស្រាប់។

ដូចនេះ កោះទទឹង អាចជាទិសដៅទេសចរណ៍មួយ ដែលភ្ញៀវទេសចរអាចកក់ទុកបាន សម្រាប់ទៅកម្សាន្ដជាមួយគ្រួសារ មិត្តភក្ដិ និងគូស្នេហ៍ នៅវិស្សមកាលរដូវក្ដៅខាងមុខ។