អាស៊ាន ជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ប្រទេសចិន


អាស៊ាន នៅតែជាដៃគូរពាណិជ្ជកម្មដ៏ធំបំផុតលំដាប់ទី១ របស់ប្រទេសចិន ដោយចាប់ពីខែមករា-មេសា ឆ្នាំ២០២២ ពាណិជ្ជកម្មរវាងអាស៊ាន-ចិន សម្រេចបានក្នុងរង្វង់ទឹកប្រាក់ ២៧៤ ពាន់លានដុល្លារ កើនឡើង ៧,២% និងបានក្ដោបយក ១៤,៦% នៃពាណិជ្ជកម្មអន្តរជាតិសរុប នៃប្រទេសចិន ខណៈដែលពាណិជ្ជកម្មចិន-អឺរ៉ុប ស្ថិតនៅលំដាប់ទី ២ និងពាណិជ្ជកម្មចិន-អាមេរិក ស្ថិតនៅលំដាប់ទី ៣។

យោងតាមស្ថិតិគយប្រទេសចិន បានបង្ហាញថា បើគិតរយៈពេល ២ ខែដំបូងឆ្នាំ២០២២ ពាណិជ្ជកម្មរវាងចិន-សហភាពអឺរ៉ុប សម្រេចបាន ៣ ពាន់លានយ័ន (ប្រហែល ៤៤៥ លានដុល្លារ) ឈានមុខគេ ប៉ុន្តែមកដល់ត្រីមាសទី១ ឆ្នាំ២០២២ ពាណិជ្ជកម្មរវាងចិន-អាស៊ានបានកើនឡើងដល់ជាង ២០០ ពាន់លានដុល្លារ នៅតែជាដៃគូរពាណិជ្ជកម្មធំបំផុតរបស់ចិន។ ជាពិសេស នៅពេលដែលកិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលបានចូលជាធរមានចាប់ពីថ្ងៃទី១ ខែមករា ដែលនឹងពង្រីកទំហំពាណិជ្ជកម្មចិន ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក កាន់តែធំឡើង។

គូសបញ្ជាក់ថា អាស៊ាន បានក្លាយជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ចិន នៅឆ្នាំ២០២០ ជាលើកដំបូង ខណៈដែលចិន គឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់អាស៊ាន អស់រយៈពេល ១៣ ឆ្នាំជាប់ៗគ្នាមកហើយ ចាប់តាំងពីឆ្នាំ ២០០៩។

ដោយឡែក ចំពោះពាណិជ្ជកម្មរវាងចិន-សហភាពអឹរ៉ុប ក្នុងរយៈពេល ៤ ខែកន្លងមកនេះ សម្រេចបានទឹកប្រាក់ ២៥៧ ពាន់លានដុល្លារ ដែលកើនឡើង ៦,៨% ពាណិជ្ជកម្មរវាងចិន-សហរដ្ឋអាមេរិច សម្រេចបាន ២៣១ ពាន់លានដុល្លារ កើនឡើង ៨,៧% និងពាណិជ្ជកម្មរវាងចិន-កូរ៉េខាងត្បូង សម្រេចបាន ១១៣ ពាន់លានដុល្លារ កើនឡើង ៨,៤% ផងដែរ។