សហគ្រាសប្រមាណ ១៧០ ក្រុមហ៊ុនកំពុងបោះទុន វិនិយោគជាច្រើន នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ


យោងតាមការផ្សព្វផ្សាយ ពីស្ថានទូតចិនប្រចាំកម្ពុជា បានឲ្យដឹងថា គម្រោងកសាង តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បច្ចុប្បន្ននេះកំពុងតែ ដំណើរការប្រកបដោយភាពល្អប្រសើរ ជាមួយនឹងគម្រោងវិនិយោគជាច្រើន ដែលកំពុងបោះទីតាំងនៅក្នុងតំបន់នេះ។ ជាក់ស្ដែងដូចជា គម្រោងរោងចក្រផលិតសំបកកង់ វិនិយោគដោយក្រុមហ៊ុនចិន JIANGSU GENERAL SCIENCE TECHNOLOGY CO.LTD ដែលជាធំបំផុតជាងគេ ក្នុងតំបន់សេដ្ឋកិច្ចពិសេស កំពុងតែដំណើរការយ៉ាងរលូន ក្រោមទុនវិនិយោគប្រមាណ ៣០០ លានដុល្លារអាមេរិក។ លើសពីនេះ តាមការរំពឹងទុក ក្រោយពីគម្រោងខាងលើសាងសង់រួច វានឹងអាចបង្កើតជា ឱកាសការងារក្នុងតំបន់សរុប ១.៦០០ កន្លែងផងដែរ។

ក្រៅពីនេះ តំបន់សេដ្ឋកិច្ចពិសេស នៅមានគម្រោងជាច្រើនទៀត ដូចជារោងចក្រអគ្គិសនី ដើរដោយថាមពលកម្ដៅ ដែលនឹងត្រូវសាងសង់ឡើង ដើម្បីផ្គត់ផ្គង់ថាមពលប្រើប្រាស់សម្រាប់ សហគ្រាសធុនធ្ងន់។ ការសាងសង់សួនឧស្សាហកម្ម ដំណាក់កាលទី១ ដែលទើបតែត្រូវបានបញ្ចប់ ហើយការសាងសង់តំបន់ទ្រទ្រង់ទីក្រុង និងសួនឧស្សាហកម្មដំណាក់កាលទី២ ដែលកំពុងតែជំរុញជាបន្តបន្ទាប់។ យោងតាមទិន្នន័យគយ ក្នុងប្រទេសកម្ពុជាបានបង្ហាញថា ក្នុងឆ្នាំ២០២១ ទំហំនៃការនាំចូលនិងនាំចេញសរុប របស់សហគ្រាស ក្នុងតំបន់ខាងលើនេះ កើនដល់ ២.២៣៤ លានដុល្លារអាមេរិក កើនឡើង ៤២,៧៥% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ ២០២០។ ត្រីមាសទី១ នៃឆ្នាំ២០២២ ឆ្នាំនេះ ការនាំចូលនិងនាំចេញសរុប កើនដល់ ៧១០ លានដុល្លារអាមេរិក កើនឡើង ៥០,៧៤% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ ២០២១។

គួរបញ្ជាក់ថា តម្លៃទិន្នផលឧស្សាហកម្ម ក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះ បានរួមចំណែកជាង ៥០% ក្នុងសេដ្ឋកិច្ចខេត្តព្រះសីហនុ ហើយសហគ្រាសចំនួន ១៧០ ក្រុមហ៊ុនដែលបាន បោះទីតាំងវិនិយោគក្នុងតំបន់នេះ បានជួយដោះស្រាយបញ្ហាការងារ ជូនដល់ប្រជាជនក្នុងស្រុកជិត ៣ម៉ឺននាក់។ លើសពីនេះ នៅពេលបញ្ចប់ការសាងសង់ទាំងស្រុង កម្ពុជារំពឹងថានឹងមាន សហគ្រាសតាំងទីតាំង កើនឡើងដល់ ៣០០ក្រុមហ៊ុន និងបង្កើតការងារជូនដល់ ប្រជាជនពី ៨ម៉ឺន ដល់ ១០ម៉ឺននាក់។