ថៃ អះអាងថា អាចមានលទ្ធភាពអាចក្លាយជា ប្រទេសផលិតរថយន្តអគ្គិសនីធំជាងគេនៅក្នុងតំបន់!


តូក្យូ៖ អនាគតនៃការធ្វើដំណើរ នឹងផ្លាស់ប្ដូរពីការប្រើប្រាស់ប្រេងឥន្ធនៈ ទៅប្រើប្រាស់ថាមពលអគ្គិសនីជំនួសវិញ ដែលបច្ចុប្បន្នកំពុងដើរទៅរកបន្តិចម្ដងៗ។ ទន្ទឹមនឹងការផ្លាស់ប្ដូរនេះ ថៃបានអះអាងថា នឹងអាចក្លាយខ្លួនទៅជា ប្រទេសផលិតរថយន្តអគ្គិសនី ធំជាងគេមួយប្រចាំតំបន់ ប្រសិនបើមានការជួយជ្រោមជ្រែង ពីសំណាក់ប្រទេសជប៉ុន។

លោក Prayut chan-o-cha នាយករដ្ឋមន្ត្រី នៃប្រទេសថៃ បានអះអាងថា ថៃមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការក្លាយខ្លួនទៅជាប្រទេស ដែលផលិតរថយន្តដំណើរការ ដោយថាមពលអគ្កិសនី ធំជាងគេប្រចាំតំបន់ បើធៀបទៅនឹងបណ្ដាប្រទេសផ្សេងៗ។ ការអះអាងរបស់លោក ធ្វើឡើងស្ថិតនៅក្នុងឱកាសរូបលោក បានអញ្ជើញចូលរួម ក្នុងសន្និសីទអន្តរជាតិស្ដីពី អនាគតនៃអាស៊ី លើកទី ២៧ ដែលបានប្រព្រឹត្តទៅនៅទីក្រុងតូក្យូប្រទេសជប៉ុន ក្រោមការគ្រប់គ្រងកម្មវិធីដោយក្រុមហ៊ុន Nikkei Inc.

តាមការអះអាងនោះ លោកបានបញ្ជាក់ថា ថៃបានធ្វើកំណែ ទម្រង់ហេដ្ឋារចនាសម្ព័ន្ធទំនើប ជាពិសេសបច្ចេកវិទ្យា និងសេវាកម្មដឹកជញ្ជូន នៅលើផ្ទៃប្រទេស ថែមទាំងទទួលបាន ការវិនិយោគពីក្រៅប្រទេស ដែលជម្រុញឱ្យសេដ្ឋកិច្ចជាតិ មានភាពរីកចំរើន។ មិនតែប៉ុណ្ណោះ ថៃមានគោលដៅ និងចក្ខុវិស័យវែងឆ្ងាយ ក្នុងការដើរទៅរកការផលិតរថយន្តអគ្គិសនី (EV) ប្រសិនបើ ទទួលបានការឧបករណ៍ ការវិនិយោគ និងការជ្រុមជ្រែងបន្ថែម ពីប្រទេសជប៉ុន ក្នុងឧស្សាហកម្មផលិតរថយន្តអគ្គិសនី។

ប្រសិនជប៉ុន ជ្រោមជ្រែងថៃ នៅក្នុងវិស័យផលិតរថយន្តអគ្គិសនីនេះ នោះនឹងតម្រង់ទិសដៅរបស់ប្រទេសថៃ ឱ្យសម្រេចគោលដៅ នៃការលុបបំបាត់ចោល ការបំភាយឧស្ម័នពុល តាមផែនការដែលបាន គ្រោងទុកនាឆ្នាំ ២០៥០ ខាងមុខទៀតផង។ ផែនការមេ ក្នុងទិសដៅវែងឆ្ងាយនេះ នឹងធ្វើឱ្យថៃឈប់ប្រើប្រាស់រថយន្ត ឬយាន្តជំនិះ ប្រើប្រាស់ប្រេងឥន្ធនៈតទៅទៀត និងឈានដល់ប្រទេស ដែលលែងមានឧស្ម័នពុល នាឆ្នាំ ២០៦៥ ផងដែរ។

ប្រមុខរាជរដ្ឋាភិបាលថៃ បានស្នើសុំឱ្យជប៉ុន បន្តដាក់ទុនវិនិយោគនៅប្រទេសថៃ ឱ្យបានកាន់តែច្រើនបន្ថែមទៀត ខណៈពេលបច្ចុប្បន្ន ជប៉ុន គឺជាដៃគូពាណិជ្ជកម្មធំជាងគេ ឈរក្នុងលេខរៀងទី២ របស់ថៃ ថែមទាំងមានក្រុមហ៊ុនប្រមាណជា ៥.០០០ ទីតាំងកំពុងប្រកបអាជីវកម្មលើផ្ទៃប្រទេស៕