តើសម្ពាធអតិផរណាបច្ចុប្បន្ន អាចនឹងទាញទម្លាក់ សេដ្ឋកិច្ចពិភពលោក ដែរឬទេ?


នៅក្នុងអត្ថបទអត្ថាធិប្បាយ ដែលចុះផ្សាយដោយ Nikkei Asia បានបង្ហាញថា សេដ្ឋកិច្ចពិភពលោក ក្នុងខែមេសា ដល់ខែមិថុនា បានកត់ត្រាអំពី កំណើនអវិជ្ជមាន ច្រើនបំផុតរបស់ខ្លួន ចាប់តាំងពីការរាតត្បាត នៃមេរោគកូវីដ-19 ដែលបានចាប់ផ្តើម កាលពីពីរឆ្នាំមុនកន្លងមក។ ពោលគឺសម្ពាធអតិផរណាបានជំរុញឱ្យ សេដ្ឋកិច្ចពិភពលោកធ្លាក់ចុះ ជាលើកដំបូង នៅក្នុងត្រីមាសទី2 កន្លងទៅ ដោយសារការកើនឡើង នៃអតិផរណា នៅបណ្ដាប្រទេសខាងលិច គួបផ្សំនឹងការរឹតបន្តឹង គោលនយោបាយ Zero-Covid របស់ប្រទេសចិន បានដាក់សម្ពាធទៅលើ សកម្មភាពសេដ្ឋកិច្ចសកល។

ជាក់ស្ដែង បើយោងតាម មូលនិធិរូបិយវត្ថុអន្តរជាតិ បានប៉ាន់ប្រមាណថា សេដ្ឋកិច្ចពិភពលោក បានធ្លាក់ចុះក្នុងអំឡុងខែមេសា ដល់ខែមិថុនា ដែលបានធ្វើឲ្យកំណើន GDP សកល មានការធ្លាក់ចុះ 2.7% ផងដែរ។ ដូចគ្នានេះដែរ បណ្ដាប្រទេសធំៗ ដូចជាសហរដ្ឋអាមេរិក អាឡឺម៉ង់ អង់គ្លេស និងចិនជាដើម ក៏បានមើលឃើញពី កំណើនអវិជ្ជមាន នៃសេដ្ឋកិច្ចរបស់ខ្លួនផងដែរ។ ដោយយោងតាម និយមន័យបច្ចេកទេសមិនច្បាស់ការ សហរដ្ឋអាមេរិកឥឡូវនេះ អាចនឹងកំពុងស្ថិតក្នុង វិបត្តិសេដ្ឋកិច្ចរួចទៅហើយ បន្ទាប់ពី GDP របស់ខ្លួន បានធ្លាក់ចុះបន្ដបន្ទាប់គ្នា នៅក្នុងប៉ុន្មានត្រីមាស កន្លងមក។

ចំណែកឯ ខាងធនាគារកណ្ដាល របស់អង់គ្លេសឯណោះវិញ ក៏បានព្យាករណ៍កាលពី ដើមខែនេះដែរថា ចក្រភពអង់គ្លេស អាចនឹងធ្លាក់ចូល ក្នុងវិបត្តិសេដ្ឋកិច្ច ក្នុងអំឡុងខែតុលា ដល់ខែធ្នូ ខាងមុខផងដែរ ហើយក៏ប្រឈមនឹង ការធ្លាក់ចុះបន្ដទៀត រហូតដល់ឆ្នាំ 2023 តែម្ដង។ ស្របគ្នានេះដែរ នៅក្នុងការស្ទង់មតិ របស់សេដ្ឋវិទូផ្នែកឯកជន ចំនួន 10 នាក់ ដែលមកពីស្ថាប័ន Nikkei មានបីនាក់រំពឹងថា សហរដ្ឋអាមេរិក អាចនឹងធ្លាក់ចូល ក្នុងវិបត្តិសេដ្ឋកិច្ចនៅឆ្នាំនេះ ឬនៅក្នុងឆមាសទីមួយ នៃឆ្នាំ 2023 ផងដែរ ខណៈដែលប្រាំមួយនាក់ទៀត ព្យាករណ៍ដូចគ្នានេះដែរ សម្រាប់បណ្ដាប្រទេស នៅតំបន់ចាយប្រាក់អឺរ៉ូ។

សេដ្ឋកិច្ចរបស់ប្រទេសចិន បានធ្លាក់ចុះ 10% នៅអំឡុងក្នុងខែមេសា ដល់ខែមិថុនា ដោយសារវិស័យអចលនទ្រព្យ ដែលជាកត្តាជំរុញដ៏សំខាន់ សម្រាប់សេដ្ឋកិច្ចរបស់ប្រទេសនេះ នៅតែធ្លាក់ចុះ ខណៈដែលអត្រា អ្នកគ្មានការងារធ្វើ របស់យុវជននៅចិន បានកើនឡើងដល់ 19.9% ក្នុងខែកក្កដា។ ក្រៅពីនេះ ក្នុងវិស័យឧស្សាហកម្មរោងចក្រ ក្រុមហ៊ុនបច្ចេកវិទ្យា និងអ្នកផ្គត់ផ្គង់សម្ភារៈ និងបន្ទះឈីបនានា ក៏បានរាយការណ៍ មានការធ្លាក់ចុះ នូវប្រាក់ចំណូលយ៉ាងខ្លាំងផងដែរ។

ដោយឡែក សម្រាប់ផលិតផល ក្នុងស្រុកសរុប របស់ប្រទេសជប៉ុន ឯណោះវិញ ត្រូវបានរាយការណ៍ថា បានកើនឡើង 2.2% ក្នុងអំឡុងខែមេសា ដល់ខែមិថុនាកន្លងទៅ ដោយជាចំនួនត្រលប់ ទៅស្មើកម្រិតមុន ជំងឺរាតត្បាតវិញ។ តែយ៉ាងណាមិញ អ្នកវិភាគអះអាងថា កំណើននេះហាក់នៅ តិចតួចនៅឡើយ ដោយសារតែតម្រូវការភាគច្រើន គឺមានតែនៅក្នុងស្រុកប៉ុណ្ណោះ ខណៈតម្រូវការនៅបរទេស នៅមានកម្រិតទាបនៅឡើយ។

សរុបមក បើមើលទៅលើ ស្ថានភាពជាក់ស្ដែង ក៏ដូចជាការព្យាករណ៍ របស់ស្ថាប័នធំៗ និងអ្នកវិភាគអន្ដរជាតិជាច្រើន សេដ្ឋកិច្ចពិភពលោក អាចនឹងធ្លាក់ចុះទៅ ឬឱនភាពសេដ្ឋកិច្ច ប្រសិនបើស្ថានភាព ភូមិសាស្ដ្រនយោបាយអន្ដរជាតិ និងកំណើនអតិផរណា នៅតាមប្រទេសនីមួយៗ នៅតែដាក់សម្ពាធបន្ដទៀត។